Monday, November 25, 2024
Homeនយោបាយលោកពេជ្រ ស្រស់ ថារកឃើញការពិត ដកតំណែងសមាជិកឧត្តមក្រុមប្រឹក្សា

លោកពេជ្រ ស្រស់ ថារកឃើញការពិត ដកតំណែងសមាជិកឧត្តមក្រុមប្រឹក្សា

ភ្នំពេញ ៖ ភ្លាមៗបន្ទាប់ពីបញ្ចប់ការប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ឋានៈស្មើទេសរដ្ឋមន្ត្រី បានប្រកាសតាមបណ្តាញសង្គមហ្វេសប៊ុកថា លោកផ្អាកប្រើតួនាទីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដរាបណារឿងពិតពីក្រោយនៃការដកលោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង្ស ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក មិនបង្ហាញជាសាធារណៈ។ ប៉ុន្តែថ្ងៃ ដដែលនោះ លោកពេជ្រ ស្រស់ ប្តូរចិត្តប្រើតួនាទីឧត្តមក្រុមប្រឹក្សានេះវិញ ក្រោយឃើញការពិតដកតំណែងសមាជិកម្នាក់នោះ។

លោកពេជ្រ ស្រស់ បានសរសេរនៅក្នុងគណនី និងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ថា “នាព្រឹកថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០២០ ខ្ញុំបាទបានចូលរួមប្រជុំវិសាមញ្ញរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លើប្រធានបទអំពីការបញ្ចប់តំណែងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយនៅក្នុងកិច្ចប្រជុំនេះផងដែរ ខ្ញុំក៏បានធ្វើកត់សម្គាល់ឃើញថា ការបញ្ចប់តំណែងសមាជិករបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កន្លងមក មិនបានឆ្លងកាត់ការតស៊ូមតិផ្នែកនីតិកម្ម ឱ្យបានច្បាស់លាស់នោះឡើយ។

ហើយការបញ្ចប់តំណែងនោះ គឺធ្វើឡើងយ៉ាងតក់ក្រហល់បំផុតដែលនាំឱ្យប៉ះពាល់ដល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ប្រតិភូសាមីខ្លួន ព្រមទាំងយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទាំងមូលតែម្តង ហើយក្នុងកិច្ចប្រជុំ ខ្ញុំក៏បានប្រកាសហើយដែរថា ខ្ញុំនឹងឈប់ចុះធ្វើការងារក្នុងនាមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ទៀតហើយ ដរាបណារឿងពិតពីក្រោយនៃការដកឯកឧត្តម William Guang មិនបង្ហាញជាសាធារណៈ”។

លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

ទោះបីយ៉ាងណា ផ្ទុយពីសំណេរតាមហ្វេសប៊ុកខាងលើនេះ លោកពេជ្រ ស្រស់ បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា “ការពិតទៅ ខ្ញុំប្រកាសអ៊ីចឹងមែន ប៉ុន្តែឥឡូវនេះយើងបានមើលឃើញការប្រកាស ក៏ដូចជាលិខិតរបស់ក្រសួងបរិស្ថាន ក៏ដូចជា វីដេអូភ័ស្តុតាងនោះ ខ្ញុំយល់ឃើញថា វាគឺជារឿងតម្រុយពិតមួយជាកំហុសដែលក្រុមលោក Wiiliam។

អ៊ីចឹងក្រោយពីខ្ញុំប្រកាស ឃើញគេផ្ញើជាឯកសារមួយចំនួន មកចូលតេឡេក្រាមខ្ញុំ បញ្ជាក់ពីកំហុសរបស់លោក William អ៊ីចឹងខ្ញុំមើលឃើញ ក៏យល់ឃើញយល់ស្របដូចអ្វីដែលរដ្ឋាភិបាល លោកបានធ្វើ ព្រោះផ្លូវប្រជាធិបតេយ្យ យើងមិនគួរទៅប្រទូសរ៉ាយ ក៏ដូចជាប្រើពាក្យពេចន៍លក្ខណៈប្រមាថទៅ ដល់មន្ត្រីថ្នាក់ក្រោមជាតិទេ ហើយពេលខ្លះវាមានរឿងច្រើនពេកអ៊ីចឹង។

អ៊ីចឹងលទ្ធផលអ្វីដែលយើងប្រកាសមានប្រសិទ្ធភាព គឺថា មានអ្នកដែលបង្ហាញកំហុសរបស់លោក William ឱ្យខ្ញុំបានឃើញច្បាស់អ៊ីចឹង ព្រោះមួយរយៈកាលនេះ រៀងខ្លួនមិនបានមើលសមាជិកណា ទេ ឃើញស្ងាត់ៗដកអ៊ីចឹង យើងក៏មានការភ្ញាក់ផ្អើលដែរ”។

លោកពេជ្រ ស្រស់ បន្តថា “ក្រោយពីយើងយល់ពីដំណើររឿងហ្នឹង វាមិនមានអីរាំងស្ទះខ្ញុំចុះធ្វើការបម្រើប្រជាពលរដ្ឋទេ ហើយការប្រកាសរបស់ខ្ញុំមិនមែនយកការដើរចេញនោះទេ គ្រាន់តែថា បើយើងដឹងមិនច្បាស់ ហើយយើងចុះទៅ វាគ្មានតម្លៃ ពីព្រោះឯកឧត្តមវីល្លៀម គាត់ចុះធ្វើការក្នុងនាមឧត្តមក្រុមប្រឹក្សាដែរ អ៊ីចឹងយើងនៅក្នុងនេះក៏ឧត្តមក្រុមប្រឹក្សាដែរ យើងយល់មិនច្បាស់ យើងទៅរកអាភាពច្បាស់លាស់ពីអ្នកដទៃម៉េចកើត ឥឡូវយើងច្បាស់ហើយ ដូចជាអត់មានអីរាំងស្ទះត្រូវចុះ បម្រើប្រជាពលរដ្ឋឯណា គឺយើងធ្វើបម្រើប្រជាពលរដ្ឋ និងជាតិ។

បានន័យថា ខ្ញុំនឹងធ្វើការបន្ត ក្រោយពីខ្ញុំបានយល់ច្បាស់ពីកំហុសរបស់លោកវីល្លៀម។ យើងនឹងបន្តធម្មតា ស្វែងរកដំណោះស្រាយ ក៏ដូចជាស្វែងរកតម្រុយដើម្បីជួយដល់ប្រជាពលរដ្ឋដែលគាត់រងគ្រោះពិតប្រាកដ”។

លោកពេជ្រ ស្រស់ បន្តទៀតថា “ចំពោះថា ខ្ញុំខ្លាចត្រូវបញ្ចប់តំណែងដូចលោកវីល្លៀម ឬយ៉ាងណា? គោលដៅរបស់ខ្ញុំមិនមែនការពារតំណែងហ្នឹងទេ អ្វីដែលយើងត្រូវធ្វើ គឺយើងធ្វើប្រកបដោយសីលធម៌ ហើយនិងគតិយុត្តច្បាស់លាស់ ជាពិសេសយើងធ្វើដោយកិច្ចការងារបែបលក្ខណៈរដ្ឋបាល ហើយធ្វើរាល់ថ្ងៃ អត់មានភ័យខ្លាចថា បាត់បង់តំណែងទេ ព្រោះយើងទៅ មិនមែនដើម្បីតំណែងឯណា យើងទៅដើម្បីបម្រើប្រជាពលរដ្ឋ និងជាតិ។

ក្នុងការបម្រើប្រជាពលរដ្ឋ និងជាតិនេះ ក៏វាមានការកំណត់ដែរ វាមានសុជីវធម៌ សីលធម៌ គុណធម៌ ជាមួយជាតិ និងប្រជាពលរដ្ឋ និងជាមួយនឹងអាជ្ញាធរគ្រប់ជាន់ថ្នាក់ យើងមិនអាចអាងតួនាទីរបស់យើងទៅធ្វើរឿងជាដដែលៗនោះទេ។

ដូច្នេះការពិតទៅ ខ្ញុំនៅតែនៅជាមួយប្រជាពលរដ្ឋដែលកំពុងរងគ្រោះពិតប្រាកដ ហើយខ្ញុំនៅតែរកយុត្តិធម៌ដដែល ខ្ញុំមិនទៅណាទេ ពីព្រោះទោះបីខ្ញុំមិនមែនជាសមាជិកឧត្តមក្រុមប្រឹក្សា ក៏ខ្ញុំនៅតែបម្រើប្រជាពលរដ្ឋ និងជាតិ ដដែល ព្រោះខ្ញុំជាអ្នកនយោបាយ អ៊ីចឹងខ្ញុំមិនអាចធ្វើនយោបាយឈប់ទេ យើងនឹងធ្វើបន្តរហូតទៅដល់គោលដៅដែលយើងចង់បាន”។

លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង្ស ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក

គួរបញ្ជាក់ថា លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង ត្រូវបានបញ្ចប់តំណែងសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ឋានៈស្មើទេសរដ្ឋមន្ត្រី ក្រោយពីមានប្រតិកម្មពីក្រសួងបរិស្ថាន ចំពោះលោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានប្រតិភូគណបក្សខ្មែរក្រោក ដែលបានដឹកនាំសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ចុះបំពេញបេសកកម្មនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ (រាម) ភូមិសាស្ត្រ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ថាជាទង្វើគ្មានការទទួលខុសត្រូវ និងភាពមិនយល់ដឹងអំពីរបៀបរបប និងនីតិវិធីនៃការបំពេញការងារនៅក្នុងក្របខណ្ឌនៃការងាររដ្ឋបាលសាធារណៈ ចរិតក្រអឺតក្រទម និងការប្រើប្រាស់ពាក្យសម្តីប្រមាថ មួលបង្កាច់ចោទប្រកាន់ដោយគ្មានមូលដ្ឋាន ភ័ស្តុតាងច្បាស់លាស់ មកលើអាជ្ញាធរមូលដ្ឋាន និងមន្ត្រីមានសមត្ថកិច្ច ដែលមិនស័ក្តិសមជា អ្នកមានសមត្ថកិច្ច និងជាដៃគូរាជរដ្ឋាភិបាល ចុះបំពេញបេសកកម្មនោះទេ៕

កុលបុត្រ

RELATED ARTICLES