Monday, November 25, 2024
Homeនយោបាយខ្មោចបក្សប្រឆាំង អ្នកវិភាគថា កុំស្រមៃសម្តេចហ៊ុន សែន ឱ្យរស់វិញ

ខ្មោចបក្សប្រឆាំង អ្នកវិភាគថា កុំស្រមៃសម្តេចហ៊ុន សែន ឱ្យរស់វិញ

ភ្នំពេញ ៖ អ្នកវិភាគបានលើកឡើងថា ខ្មោចបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) ដែលត្រូវតុលាការសម្រេចរំលាយចោលនោះកុំស្រមៃថា សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ឱ្យរស់វិញ ព្រោះកឹម សុខា + សម រង្ស៊ី = CNRP គឺជាអាវុធសម្លាប់នយោបាយសម្តេចហ៊ុន សែន។

លោកគឹម សុខ អ្នកវិភាគនយោបាយនិងសង្គម បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ថា “អ្នកគាំទ្រ CNRP ខ្លះមានមតិថា គឹម សុខ គួរផ្តល់យោបល់រកដំណោះស្រាយពង្រឹង CNRP ទៅ កុំនិយាយអំពីការបង្កើត “សម្ព័ន្ធកម្លាំងប្រជាធិបតេយ្យកម្ពុជា, ADMC”។

លោកគឹម សុខ អ្នកវិភាគនយោបាយនិងសង្គម

(១). ខ្ញុំបានជម្រាបហើយថា ការរួមគ្នានៃ CNRP ចាស់ + គណបក្សនិន្នាការប្រជាធិបតេយ្យផ្សេងៗ + បញ្ញវន្ត, យុវជនក្រៅសង្វៀននយោបាយ… ចាប់ផ្តើមបង្កើត ADMC ដោយមានយន្តការប្រតិបត្តិ ប្រជាធិបតេយ្យសកលបើកចំហ គឺជាជម្រើសល្អបំផុតក្នុងដំណាក់កាលនេះដើម្បីបង្កើនប្រៀបឈ្នះនយោបាយលើលោកហ៊ុន សែន ព្រោះលោកហ៊ុន សែន មិនឱ្យ ជណភ្រ វិញទេ ហើយបើទោះជាឱ្យ ក៏គ្រាន់តែ ជាវិធីសម្រួលផ្តល់ត្រឹមតែចម្រៀកខ្លះនៃ CNRP ប៉ុណ្ណោះ មិនមែន CNRP ទាំងសំណុំដូចអ្នកគ្រប់គ្នាកំពុងស្រមៃចង់បានឡើយ និងម៉្យាងទៀតពេលវេលាប្រកួតបោះឆ្នោត ក៏កៀកហើយដែរ។

ហេតុអ្វីលោកហ៊ុន សែន មិនប្រគល់ CNRP ទាំងសំណុំឱ្យអ្នកប្រឆាំងវិញ?

ពីព្រោះ CNRP ,សម រង្ស៊ី៎កឹម សុខា គឺជាអាវុធសម្លាប់នយោបាយលោកហ៊ុន សែន។ លោកហ៊ុន សែន ប្លន់យកទៅបាត់ហើយ ហេតុនេះគាត់មិនល្ងង់ប្រគល់ CNRP ទាំងសំណុំឱ្យទៅសម្លាប់នយោបាយគាត់ស្រួលៗទេ។ សូមកុំនាំគ្នារវើរវាយ។ គន្លឹះល្អបំផុត គឺការផលិតអាវុធ CNRP ថ្មី ដោយផ្តើមចេញពីការបង្កើត “សម្ព័ន្ធកម្លាំងចលករប្រជាធិបតេយ្យកម្ពុជា” នៃ CNRP ចាស់ + គណបក្សប្រជាធិបតេយ្យផ្សេងៗ + បញ្ញវន្ត, យុវជនក្រៅសង្វៀន…, កម្លាំងអ្នកប្រជាធិបតេយ្យ នឹងខ្លាំងជាងមុន គឺខ្លាំងជាង CNRP ចាស់ទៅទៀត។

(២). បើអ្នកគ្រប់គ្នាមិនពេញចិត្តវិធីនេះទេ ក៏នៅមានជម្រើសមួយទៀតដែរ ប៉ុន្តែយ៉ាប់បន្តិច, គឺត្រូវជំរុញឱ្យលោកសម រង្ស៊ី ហ៊ានធ្វើពលិកម្មចូលស្រុកឱ្យបាន ហើយកាន់តែឆាប់បំផុត ក្រោយមានភាពធូរស្រាលនៃកូវីដ-១៩ ឬនៅពេលមានការបើកជើងហោះហើរបារាំង- កម្ពុជា។ យ៉ាងណា ខ្ញុំគ្រាន់តែរំឭកថា កុំលេងដូចល្បែងមាតុភូមិនិវត្តន៍ ៩វិច្ឆិកា កន្លងមក (ខ្ញុំមិនចង់និយាយរឿងចាស់ទេ តែលើកយោបល់បញ្ជាក់, តារាហ្វេសប៊ុក អាចមិនយល់តែលោកសម រង្ស៊ី យល់ច្បាស់ណាស់)។

ខ្ញុំជូនយោបល់បែបនេះ ព្រោះមិនចង់ឃើញ CNRP ដើរដល់ដំណាក់កាលចែកផ្លូវគ្នាជាផ្លូវការ ដែលពេលនោះម្ខាងៗនឹងប្រឹងប្រែងឃោសនារកកៅអីសភាឱ្យឯកឧត្តម, លោកជំទាវមេៗអង្គុយរៀងៗក្រុម ដោយយក “មនោគមន៍វិជ្ជារួបរួម” ទៅឈ្លោះគ្នា គួរឱ្យចង់សើច ដែលនេះគឺជាល្បែងនយោបាយលេងក្នុងអន្ទាក់របស់លោកហ៊ុន សែន”។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ថា ការលើកឡើងរបស់អ្នកវិភាគត្រឹមត្រូវហើយ គឺគណបក្សសង្គ្រោះជាតិ មិនអាចរស់វិញបានទេ។ ប៉ុន្តែក្នុងន័យនេះ មិនមែនបានន័យថា សម្តេចហ៊ុន សែន ក៏ដូចជាគណបក្សប្រជាជនកម្ពុជា (CPP) ខ្លាចលោកសម រង្ស៊ី-កឹម សុខា ឬខ្មោចបក្សប្រឆាំង (CNRP) នោះឡើយ។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

លោកសុខ ឥសាន បានមានប្រសាសន៍ថា “បាទ! វាជាការពិតហើយ ពីព្រោះអតីតបក្សប្រឆាំង ត្រូវបានរំលាយចោលដោយតុលាការកំពូល តាមសាលដីកាស្ថាពរ និងបិទផ្លូវតវ៉ា អ៊ីចឹងវាអត់មានត្រលប់ក្រោយទេ វាទៅមុខរហូតហើយ គឺថា វាទៅជាខ្មោចរលួយអស់ទៅ ហើយឥឡូវនេះអ៊ីចឹងអ្នកវិភាគនិយាយហ្នឹង គឺខ្ញុំឯកភាពហើយ គឺត្រឹមត្រូវពេលនេះ បានន័យថា ទោះបីយ៉ាងណាមិនអាចរស់ឡើងវិញជាដាច់ខាត អត់មានទេ កុំស្រមើស្រមៃឱ្យសោះ។

ប៉ុន្តែចំពោះថា ការដែលហ៊ុន សែន មិនប្រគល់ CNRP ទាំងសំណុំឱ្យអ្នកប្រឆាំងវិញ ពីព្រោះ CNRPសម រង្ស៊ី + កឹម សុខា គឺជាអាវុធសម្លាប់នយោបាយសម្តេចនោះ អត់មានអ៊ីចឹងទេ យើងអត់មានការភ័យខ្លាច ឬព្រួយបារម្ភអំពីការរស់ឡើងវិញរបស់អតីតបក្សប្រឆាំងទេ ប៉ុន្តែអានេះជាផ្លូវច្បាប់ គឺត្រូវតែគណបក្សប្រឆាំងហ្នឹង វាស្លាប់ដោយខ្លួនឯង តាមទង្វើប្រព្រឹត្តល្មើសច្បាប់ដោយខ្លួនឯង”។

លោកសុខ ឥសាន បានបន្តថា “អានេះបើនិយាយពីល្បែងនយោបាយ គឺពួកឧទ្ទាមក្រៅច្បាប់ ដែលជាអ្នកចាញ់ល្បែងនយោបាយក្នុងឧបាយកលទុច្ចរិតរបស់ខ្លួន។ ដូច្នេះជាការបញ្ជាក់ឡើងវិញ គឺគាត់ប្រព្រឹត្តល្មើសច្បាប់ គាត់ជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនគាត់ អត់មានអ្នកណាទទួលខុសត្រូវជំនួសទេ ហើយកុំស្រមើស្រមៃថារស់ឡើងវិញ មិនអាចទៅរួចទេ គឺអាហ្នឹងទោសកំហុសហ្នឹង វាមានហើយ តែតុលាការកំពុងដំណើរការតាមនីតិវិធីរួចហើយ។

ក្នុងន័យនេះដែរ ចំពោះកម្លាំងនយោបាយៗដែលស្របច្បាប់នៅកម្ពុជា យើងអត់មានបិទផ្លូវទេ យើងនៅតែមានការអនុវត្តវប្បធម៌សន្ទនា និងនយោបាយបង្រួបបង្រួមជាតិជានិច្ច ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ហើយនិងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា តែចំពោះក្រុមឧទ្ទាមក្រៅ ច្បាប់ ដែលត្រូវបានរំលាយចោលដោយតុលាការកំពូលហើយ អាហ្នឹងមិនអាចងាកក្រោយបានទេ យើងអត់មានបើកផ្លូវ ឬមួយក៏បើកភ្លើង ខៀវអីឱ្យពួកហ្នឹងទៀតទេ អត់មានទេ ចប់!”៕

កុលបុត្រ

RELATED ARTICLES