ភ្នំពេញ ៖ លោកគង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់នៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) ដែលសព្វថ្ងៃជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ បានលើកឡើងថា សម្រាប់បោះឆ្នោតឆ្នាំ២០២២-២០២៣ គណបក្សឆន្ទៈខ្មែរ ពិតជាមានមធ្យោបាយមិនឱ្យបក្សកាន់អំណាច ឈ្នះដាច់តែឯងជាឯកបក្សទៀត ឡើយ។
លោកគង់ គាំ បានសរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ដូចខាងក្រោម ៖
-ខ្ញុំបានឮតាំងពីដំបូងមកជាច្រើនថ្ងៃដែរហើយ អំពីគំនិតលោកក្មួយយឹម ស៊ីណន យុវជនប្រជាធិបតេយ្យសេរី នៃអតីត CNRP នៅកូរ៉េខាងត្បូង ដែលបានលើកបញ្ហា “រណសិរ្ស … ឬសម្ព័ន្ធ… រួបរួម” ដោយបានប្រើរូបថតអ្នកនយោបាយមួយចំនួន (មិនច្បាស់ថា ក្មួយស៊ីណន ផ្ទាល់ ឬមានអ្នកដទៃរួមយោបល់ទេ) តែខ្ញុំទើបបានឃើញនៅថ្ងៃនេះ មានរូបថតរបស់ខ្ញុំ គង់ គាំ នៅក្នុងចំណោមអ្នកនយោបាយមួយចំនួនដែលខ្ញុំក៏គោរពផ្តល់តម្លៃថា មានលក្ខណៈសម្បត្តិសមរម្យតាមការយល់ឃើញរបស់ពួកលោកដែរ។
-ខ្ញុំគោរពអរគុណអ្នកនឹកគិតចំពោះរូបខ្ញុំ (ឱ្យរួបរួមជាមួយអ្នកនយោបាយខ្មែរទាំងអស់នោះ) ប៉ុន្តែជាក់ស្តែង ខ្ញុំ គង់ គាំ ជាអ្នកនយោបាយជឿជាក់ថា អតីត CNRP គ្មានវត្តមានឡើងវិញទេ ហើយភាពស្រមើស្រមៃរបស់មជ្ឈដ្ឋានមួយចំនួនដែលថា លោកសម រង្ស៊ី ឬលោកកឹម សុខា អាចមានឱកាសវិលមកដឹកនាំគណបក្សនយោបាយណាមួយនៅឆ្នាំ២០២២ និងនៅឆ្នាំ២០២៣នោះ ក៏មិនអាចកើតឡើងជាការពិតបានដែរ។
-ដែនដីកម្ពុជាក្រោមបាត់បង់ពីកម្ពុជា តែលើផែនទីទេ ហើយបេះដូងខ្មែរកម្ពុជាក្រោម មិនអាចប្រែប្តូរពីខ្មែរបានទេ។ អតីតអ្នកនយោបាយ CNRP ឆ្អិនឆ្អៅ ក៏មានគោលជំហររឹងមាំថាអតីត CNRP រំលាយតែលើក្រដាសទេ ហើយគណបក្សប្រជាជនកាន់អំណាច ដកបានតែតំណែង CNRP ទេ មិនអាចដកទឹកចិត្ត CNRP ទេ គង់តែថ្ងៃណាមួយ (ឬទាល់តែយូរ) សុបិន្តពួកគេអាចក្លាយជាការពិត។ គិតធ្វើតាមយល់ចុះ។
-ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងភាពស្មោះត្រង់បំផុត ខ្លួនខ្ញុំជាមួយអ្នកនយោបាយ និងមជ្ឈដ្ឋានដែលមានទស្សនៈ ឬមានគោលដៅដូចគ្នា ក៏កំពុងផ្ចង់សតិបញ្ញាពិភាក្សាយ៉ាងស៊ីជម្រៅចំពោះប្រយោជន៍សន្តិភាព ប្រជាធិបតេយ្យសេរី និងការអភិវឌ្ឍចីរភាពនៅកម្ពុជា តាមស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញៃនព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ ដែរ គឺបានរិះរកគន្លឹះប្រកបដោយហេតុផលសមស្រប និងពន្លឿនដំណើរនយោបាយនៅក្នុងប្រទេសជាក់ស្តែង ដែល អាចឱ្យអតីតកម្លាំងអ្នកប្រជាធិបតេយ្យសេរីពហុបក្ស (អតីត CNRP ជាអាទិ៍) និងអ្នកគាំទ្រឱ្យមានការផ្លាស់ប្តូរ (ម្ចាស់ឆ្នោតពាក់កណ្តាលប្រទេស) សម្រេចចូលរួមដ៏ទូលំទូលាយឆ្ពោះទៅរកការបោះឆ្នោត ឆ្នាំ២០២២ និងការបោះឆ្នោតឆ្នាំ២០២៣ ដែលកាន់តែខិតជិតមកដល់យ៉ាងឆាប់រហ័សបំផុតណាស់ទៅហើយនេះ ដោយមិនទុកឱ្យ CPP ឈ្នះស្អាត គ្រប់គ្រងជាឯកបក្ស ដូចឆ្នាំ២០១៨ ទៀតឡើយ។
-មេដឹកនាំនយោបាយ និងក្រុមអ្នកនយោបាយជើងមិនជាប់ដី ក្បាលមិនជាប់មេឃ (ដេកផ្ទះ ឈ្នះស្អាត) គេចេះធ្វើឱ្យខ្មោចស្លាប់អាចរស់ឡើងវិញ មានមធ្យោបាយសម្ពាធ (ជាតិ-អន្តរជាតិ) ឱ្យគេសងតំណែង (ជួយផ្តួលយកតំណែង) ប្រញាយដោយក្រុមបំផ្លាញសង្គម ជាងអំណាចបច្ចុប្បន្នទៅទៀត។
-ខ្ញុំ គង់ គាំ ប្រធានកិត្តិយស និងគណបក្សឆន្ទៈខ្មែរ ព្រមទាំងគណបក្សនយោបាយចុះបញ្ជីផ្លូវការ មានរចនាសម្ព័ន្ធស្របច្បាប់ដ៏ទូលំទូលាយនៅក្នុងប្រទេស ពិតជាមានមធ្យោបាយមិនទុកឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រ ឆ្នាំ២០២៣ មានតែគណបក្សប្រជាជនកម្ពុជា ឈ្នះជាឯកបក្ស តទៅទៀតនោះឡើយ”៕
ខៀវទុំ