ភ្នំពេញ ៖ យុវតីស៊ិន ចាន់ពៅរ៉ូហ្សេត អតីតចៅសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៃអតីតគណបក្សសង្គ្រោះជាតិ បានបង្ហើបថា មានអ្នកឱ្យគំនិតដល់នាងថា បើចង់រស់ស្រួល ត្រូវជេរលោកអេង ឆៃអ៊ាង អតីតតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជាអនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ដែលសព្វថ្ងៃកំពុងនិរទេសខ្លួននៅក្រៅប្រទេស ដូចលោកសម រង្ស៊ី និងអតីតថ្នាក់ដឹកនាំអតីត គណបក្សសង្គ្រោះជាតិ មួយចំនួនទៀត។
កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់នាង នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ថា “ថ្ងៃនេះ អស់សំណើចមួយ! មានពូម្នាក់ប្រាប់ខ្ញុំថា បើខ្ញុំចង់បើកលក់នំបញ្ចុកវិញ ហើយលក់ឱ្យដាច់បង្ហោះជេរ អេង ឆៃអ៊ាង ខ្លាំងៗពីរបីផុសទៅ ប្រាកដជាលក់ដាច់ខ្លាំងមិនខាន ភ្ញៀវគណបក្សផ្សេង នឹងមកហូបមិនស្រាកស្រាន្តជាពុំខាន លក់ដោយគ្មានបារម្ភខ្លាចអ្វីទៀតឡើយ។ គិតៗទៅគំនិតនេះល្អម៉្យាងដែរ!
តែខ្ញុំជម្រាបគាត់វិញថា គំនិតពូល្អ ចង់ឱ្យខ្ញុំរស់ស្រួលតែម្នាក់ឯង តែបើខ្ញុំគិតចង់រស់ស្រួលតែម្នាក់ឯងអ៊ីចឹង ខ្ញុំមិនមែនជាខ្ញុំទេ ហើយខ្ញុំមិនមែនជាមនុស្សដែលពូឃើញសព្វថ្ងៃនេះដែរ”។
ស៊ិន ចាន់ពៅរ៉ូហ្ស៊េត “នគរធំ” មិនអាចសុំការបញ្ជាក់បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះបានទេ កាលពីថ្អៃសៅរ៍ ដោយសារតែនាងមិនលើកទូរស័ព្ទ។
គួររំលឹកថា ចាប់តាំងពីបាត់មុខតំណែងជាអតីតចៅសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោយគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយដោយសាលដីកាស្ថាពររបស់តុលាការកំពូល មក យុវតីស៊ិន ចាន់ពៅរ៉ូហ្ស៊េត ដែលមានប្រវត្តិកើតក្នុងគ្រួសារក្រីក្ររស់នៅលំបាកវេទនាជាមួយម្តាយមេម៉ាយ និងបានជួបមុខឪពុកតែពីរដងគត់ក្នុងមួយជីវិតនោះ បានប្រកបរបរលក់នំបញ្ចុក និងលក់ទំនិញតាមអនឡាញ ហើយក៏នៅមានការបញ្ចោញមតិខ្លះៗលើបណ្តាញសង្គមពីបញ្ហាសង្គមផងដែរ។
កាលពីខែកុម្ភៈ ឆ្នាំ២០១៨ កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត ត្រូវបានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន១៣រូប ធ្វើលិខិតផ្ញើទៅកាន់ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកយូជី អ៊ីវ៉ាសាវ៉ា (Yuji Iwasawa) រៀបរាប់អំពីករណីធ្វើទុក្ខបុកម្នេញនិងតាមរំខានយាយីផ្នែកនយោបាយជាបន្តបន្ទាប់មកលើនាងពីសំណាក់ក្រុមមន្ត្រីគណបក្សកាន់អំណាច។
តំណាងរាស្ត្រទាំង១៣រូបនាះ បានស្នើទៅប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ឱ្យលើកអំពីក្តីបារម្ភទាំងនេះ ប្រាប់ទៅប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងស្នើឱ្យប្រធានរដ្ឋសភាកម្ពុជា ធ្វើយ៉ាងណាធានាសុវត្ថិភាពរបស់នាង ក៏ដូចជាមន្ត្រីគណបក្សសង្គ្រោះជាតិ ឯទៀតៗ ដែលកំពុងតែមានវត្តមានក្នុងប្រទេសកម្ពុជា។
បន្ទាប់មក នៅខែឧសភា ឆ្នាំ២០១៩ កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត និងអតីតមន្ត្រីថ្នាក់មូលដ្ឋាននៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន៤នាក់ទៀត ត្រូវបានតុលាការកោះហៅទៅសាកសួរ ពាក់ព័ន្ធនឹងសកម្មភាពនយោបាយ ក្រោយពីការរំលាយអតីតគណបក្សប្រឆាំង។
ការចេញដីកាហៅកញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត នៅពេលនោះកើតមានឡើងស្របពេលដែលមានសារអំពាវនាវជាបន្តបន្ទាប់របស់លោកសម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ ដែលស្នើឱ្យកងកម្លាំងប្រដាប់អាវុធ ងើបឡើងប្រឆាំងនឹងការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្វីជាការកត់សម្គាល់បន្ថែម ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ក៏ធ្លាប់សរសើរលោកអេងឆៃអ៊ាង ថា ជាបុគ្គលសម្បូរយុទ្ធសាស្ត្រ ហ៊ានធ្វើសេចក្តីសម្រេចចិត្ត មានការទទួលខុសត្រូវខ្ពស់ និងគិត និងនិយាយជាលក្ខណៈឡូហ្ស៊ិកជានិច្ច ដូច្នេះនាងនិងសកម្មជនផ្សេងទៀតតែងតែត្រងត្រាប់ និងសង្កេតច្បាប់របស់គាត់ជានិច្ច។
ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ធ្លាប់បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់នាង នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ថា “អេង ឆៃអ៊ាង ៖ “ពុតគ្រូកុំត្រាប់ ច្បាប់គ្រូចាំរៀន” លោកអេង ឆៃអ៊ាង ដែលគេស្គាល់ច្បាស់ថា ជាមន្ត្រីជំនិតបំផុតរបស់លោកសម រង្ស៊ី មានទស្សនៈមួយប្រាប់សហការីថា ពុតរបស់គាត់កុំត្រាប់ ច្បាប់គាត់ចាំយក។
ខ្ញុំ និងសកម្មជនផ្សេងទៀត តែងតែត្រងត្រាប់ និងសង្កេតច្បាប់របស់គាត់ជានិច្ច។
អ្វីដែលពិសេសបំផុតពីសំណាក់លោកអេង ឆៃអ៊ាង គឺលោកជាបុគ្គលសម្បូរយុទ្ធសាស្ត្រហ៊ានធ្វើសេចក្តីសម្រេចចិត្ត មានការទទួលខុសត្រូវខ្ពស់ និងគិត និងនិយាយជាលក្ខណៈឡូហ្ស៊ិក ជានិច្ច។
អ្វីដែលខ្ញុំរៀនពីគាត់ គឺរបៀបធ្វើការងារ។ មុននឹងគាត់ដាក់ការងារចេញទៅ គឺគាត់ពន្យល់ពីរបៀបធ្វើ រួចគាត់តាមដានជាប់ជានិច្ច ហើយបើមានកំហុសអ្វី គាត់ជួយប្រាប់ និងឱ្យកែសាឡើងវិញជានិច្ច រួចគាត់តាមដានរហូតទាល់តែការងារនោះសម្រេច”។
កញ្ញារ៉ូហ្សេត បានសរសេរបន្តថា “គាត់ជាមនុស្សមានទំនួលខុសត្រូវ ដូចជាពេលគណបក្សប្រឆាំង កើនតែពីរអាសនៈនៅឆ្នាំ២០០៨ គាត់សម្រេចចិត្តលាលែងពីអគ្គលេខាធិការបក្ស រួចគាត់និយាយថា អ្នកឡើងមកក្រោយ នឹងធ្វើឱ្យគណបក្សជោគជ័យ។
គាត់ជាមនុស្សមិនចេះទាល់គំនិត។ នៅពេលជួបឧបសគ្គ គាត់តែងតែនឹកឃើញដំណោះស្រាយជានិច្ច។ គាត់ធ្លាប់និយាយថា បើមនុស្សជាអ្នកបង្កើតបញ្ហា មនុស្សក៏ជាអ្នកដោះស្រាយបញ្ហាបានដែរ យើងជាមន្ត្រីរបស់បក្ស បើមិនជួយដោះស្រាយបញ្ហាអីបាន ក៏គួរកុំបង្កជាបន្ទុកដល់បក្ស។
ខ្ញុំសង្កេតឃើញគាត់ជាមនុស្សមិនងាយខឹងឡើយ ដូចជាថ្មីៗនេះ ខ្ញុំឃើញមន្ត្រីបក្សដូចគ្នាដែលខឹងគាត់ប្រើប្រាស់បណ្តាញសង្គម ជេរប្រមាថគាត់ ក៏គាត់មិនដែលតបតវិញដែរឡើយ ព្រោះគាត់ដឹងថា បើគាត់មិនតបត រឿងរ៉ាវនឹងស្ងាត់ទៅវិញ។ គាត់ក៏មានទស្សនៈដឹកនាំ ខ្លះអំពីយុវជនដែរ។
គាត់ធ្លាប់និយាយថា យុវជនជាប្រភេទមនុស្សសេរី បើមានអ្នកនយោបាយណាចង់គ្រប់គ្រងលើយុវជនដាច់ណាត់នោះ គនឹងមិនជោគជ័យឡើយ តែបើផ្តល់ដំបូន្មានឱ្យយុវជន ហើយឱ្យយុវជនចេះចងក្រងជាក្រុម ចេះធ្វើសេចក្តីសម្រេចចិត្តដោយខ្លួនឯងនោះ ការងារនឹងបានប្រសើរឡើងជាង។
លោកអេង ឆៃអ៊ាង គឺជាមនុស្សមិនដែលប្រកាន់ក្រុមឡើយ។ គាត់ធ្លាប់បន្ទោស អ្នកដែលនិយាយថាអ្នកនេះ អ្នកនោះជាមនុស្សរបស់គាត់។ អ្នកដែលធ្វើការជាមួយលោកអេង ឆៃអ៊ាង ធ្លាប់និយាយថា លោកអេង ឆៃអ៊ាង ជាមនុស្សដែលត្រូវជាមួយមនុស្សគ្រប់គ្នា អាចនិយាយបានថា គាត់ជាអ្នកនយោបាយចិត្តទូលាយ និងរីករាយជានិច្ច”៕
កុលបុត្រ