Monday, November 25, 2024
Homeនយោបាយក្រុមប្រឆាំងថា សម្តេចហ៊ុន សែន បញ្ចោញសន្លឹកបៀផ្ទេរអំណាចឱ្យកូន

ក្រុមប្រឆាំងថា សម្តេចហ៊ុន សែន បញ្ចោញសន្លឹកបៀផ្ទេរអំណាចឱ្យកូន

ភ្នំពេញ ៖ ក្រុមប្រឆាំង បានលើកឡើងថា សម្តេចហ៊ុន សែន ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងបញ្ចេញសន្លឹកបៀចុងក្រោយដើម្បីផ្លាស់ប្តូរ ឬផ្ទេរអំណាចឱ្យកូន។

ជាមួយនេះ ក្រុមប្រឆាំង ក៏បានចោទថា សម្តេចហ៊ុន សែន ប្រើចារបុរសកម្ចាត់លោកសម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ ចេញពីឆាកនយោបាយ។ ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាច ក៏ចាត់ទុកថា ជាការប្រឌិតព័ត៌មានលាបពណ៌ដើម្បីវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា។

គណនីហ្វេសប៊ុក “Assembly” របស់ក្រុមប្រឆាំង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ បានសរសេរថា “លោកហ៊ុន សែន កំពុងបញ្ចេញសន្លឹកបៀចុងក្រោយដើម្បីផ្លាស់ប្តូរអំណាចពីឪពុកទៅកូន។

សន្លឹកបៀចុងក្រោយដែលលោកហ៊ុន សែន លេងគឺសន្លឹកបៀដែលយួន តែងតែលេងជាមួយខ្មែរ គឺយុទ្ធសាស្ត្របញ្ចោញចារកម្ម។

ឯកឧត្តមហ៊ុន ម៉ាណែត និងសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

កូនខ្មែរដឹងគ្រប់គ្នាថា យួន ជាប្រទេសដែលពូកែប្រើប្រាស់ចារកម្មយ៉ាងស្ទាត់ជំនាញ និងមានប្រសិទ្ធភាព តួយ៉ាងកាលយួនឈ្លានពាន ១៩៧៩ ផ្តួលរំលំរបបប៉ុល ពត យួនបានដាក់ចារកម្មតាមរយៈពួកក្បាលយួនខ្លួនខ្មែរ យកមកដឹកនាំដល់បច្ចុប្បន្ន ដើម្បីងាយស្រួលគេត្រួតត្រាខ្មែរ ចារកម្មនោះគឺបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោកហ៊ុន សែន ជា ស៊ីម ហេង សំរិន។

បក្សប្រជាជនកម្ពុជា បានយកយុទ្ធសាស្ត្រនេះមកកម្ចាត់គណបក្សសង្គ្រោះជាតិ ដូចគ្នា គឺបក្សប្រជាជន បានចាត់ចារកម្មមកបន្លំធ្វើជាអ្នកគាំទ្រ និងជាសមាជិកសង្គ្រោះជាតិ ទាំងក្នុងនិងក្រៅប្រទេស ដោយរៀបជាប្រព័ន្ធក្នុងការកម្ចាត់សម រង្ស៊ី នៅថ្ងៃណាមួយ។ ឥឡូវដល់ពេលគេត្រូវបញ្ចេញចារកម្មទាំងនោះហើយ ព្រោះកាលៈទេសៈនេះលោកហ៊ុន សែន ត្រូវផ្ទេរអំណាចទៅហ៊ុន ម៉ាណែត ការផ្ទេរនេះមានការចម្រូងចម្រាសយ៉ាងខ្លាំងទាំងបញ្ហាផ្ទៃក្នុងបក្ស ទាំងវិបត្តិនយោបាយ ដូច្នេះលោកហ៊ុន សែន ត្រូវបញ្ចេញយុទ្ធវិធីចុងក្រោយ ដូចជាបង្កើតច្បាប់ដាក់ប្រទេសក្នុងភាពអាសន្នបង្កើតច្បាប់ចរាចរណ៍ផ្លូវគោកថ្មី បញ្ចេញចារកម្មបង្កប់ក្នុងបក្សសង្គ្រោះជាតិ ឱ្យវាយសម រង្ស៊ី ដោយចំមុខក្តី ដោយប្រយោលក្តី។

ឧទាហរណ៍ ៖ អ្នកវាយដោយចំ គឺពួកនោះតាំងខ្លួនខាងកឹម សុខានិយម រួចវាយប្រហារសម រង្ស៊ី។ អ្នកវាយដោយប្រយោល ដោយពួកគេតាំងខ្លួនជាអ្នកគាំទ្រសម រង្ស៊ី តែវាយសមាជិកអចិន្ត្រៃយ៍ក្នុងបក្ស ជាដើម។

ថ្មីៗនេះ ឃើញមានការដោះលែងលោកស៊ុត ឌីណា អតីតសមាជិកចលនានិស្សិត បន្តិចទៀតលោកស៊ុត ឌីណា នឹងធ្វើការនិរទេសខ្លួនមកក្រៅប្រទេសដើម្បីចូលរួមក្នុងចរន្តនយោបាយមួយ ដោយពួកគេតាំងខ្លួនធ្លាប់ដឹកនាំចលនានិស្សិតប្រឆាំងរដ្ឋាភិបាលហ៊ុន សែន ក្នុងទសវត្ស៩០ ដើម្បីវាយប្រហារលោកសម រង្ស៊ី ឱ្យខ្ទាតចេញពីឆាកនយោបាយ។ តែយ៉ាងណាក៏ទៅមិនរួចដែរ ដោយសារប្រជាពលរដ្ឋ ឥឡូវគាត់តាមដាននយោបាយណាស់ អ្នកណាតួចិត្តល្អ អ្នកណាតួចិត្តអាក្រក់ គាត់ដឹងច្បាស់ ណាស់”។

ទោះជាយ៉ាងណា លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ “នគរធំ” នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ថា ការចោទប្រកាន់ទាំងអស់នេះជាការលាបពណ៌ បង្កាច់បង្ខូចគណបក្សប្រជាជនកម្ពុជា ក្នុងបំណងចង់ឱ្យប្រជាពលរដ្ឋយល់ច្រឡំមកលើគណបក្សប្រជាជនកម្ពុជា ប៉ុន្តែការពិត មិនអ៊ីចឹងឡើយ គឺគណបក្សប្រជាជនកម្ពុជា នៅតែរឹងមាំដោយសារការជឿជាក់របស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “វាគ្រាន់តែថា ដើម្បីលាបពណ៌ បង្កាច់បង្ខូច គណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះទេ ជាពិសេសគឺក្រុមឧទ្ទាមក្រៅច្បាប់ហ្នឹងកំពុងប្រើឧបាយកលដើម្បីបង្កាច់បង្ខូចសម្តេចតេជោ ហ៊ុន សែន ដែលផ្ទុយអំពីគោលការណ៍ច្បាប់ ហើយនិងលក្ខខន្តិកៈរបស់គណបក្សប្រជាជនកម្ពុជា អានេះពួកហ្នឹងគេលាបពណ៌ទេ។

ចំណុចហ្នឹង យើងគោរពគោលការណ៍ច្បាប់បោះឆ្នោត ពេលណាដែលមានការបោះឆ្នោត គណបក្ស ណាឈ្នះឆ្នោត គណបក្សហ្នឹងកាន់អំណាច ហើយបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សឈ្នះឆ្នោត អាស្រ័យទៅលើគណបក្សជាអ្នកជ្រើសរើស ជាអ្នកជ្រើសតាំងឡើងតាមមហាសន្និបាត ដែលមានចែងនៅក្នុងលក្ខន្តិកៈរបស់គណបក្ស។

លោកស៊ុត ឌីណា និងឯកឧត្កមហ៊ុន ម៉ាណែត

បានន័យថា ការផ្ទេរអំណាចឱ្យកូន ចំណុចនេះអត់មាននិយាយទេ អានេះគ្រាន់តែការលាបពណ៌ ដូចខ្ញុំនិយាយអ៊ីចឹង ទណ្ឌិតលាបពណ៌ ដើម្បីបង្កាច់បង្ខូចកិត្តិយរបស់សម្តេចតេជោ ហ៊ុន សែន។ អាហ្នឹងគឺមានបញ្ហាអ៊ីចឹង គេចង់ធ្វើម៉េចឱ្យផ្ទៃក្នុងគណបក្សប្រជាជន បែកបាក់ ក៏ប៉ុន្តែអាបញ្ហាហ្នឹង គឺទណ្ឌិតក្រុមឧទ្ទាមក្រៅច្បាប់ហ្នឹង លើកឡើងយូរណាស់ទៅហើយ ក៏ប៉ុន្តែវាអត់មានប្រសិទ្ធភាពអីទេ។

យើងនៅតែរឹងមាំដដែលហ្នឹង ពួកឧទ្ទាមក្រៅច្បាប់ ពួកដែលប្រឆាំងហ្នឹង គឺបានលាបពណ៌យើងតាំងពីឆ្នាំ១៩៩៣មកម៉្លេះ រហូតដល់ពេលនេះជិត៣០ឆ្នាំហើយ ឃើញតែគណបក្សប្រជាជន មានទៅណា នៅតែរឹងមាំ នៅតែកាន់អំណាចដដែល។ អ៊ីចឹងដោយសារថា ក្រុមឧទ្ទាមក្រៅច្បាប់មួយធ្វើបរាជ័យនយោបាយរបស់ខ្លួន រត់ចោលស្រុក អត់មានផ្លូវត្រឡប់ទៅស្រុកវិញអ៊ីចឹងទេ គឺថាប៉ាតណាប៉ាណី វាអង្គុយតែថា អង្គុយតែលាបពណ៌ទៅ ដើម្បីឱ្យប្រជាជនយល់ច្រឡំ ក៏ប៉ុន្តែបានអីនឹងមានការផ្លាស់ប្តូរគណបក្សប្រជាជន ពីព្រោះប្រជាពលរដ្ឋកំពុងតែសប្បាយរីករាយនិងទទួលសមិទ្ធផលនានា ដែលកើតឡើងពីស្នេហាដៃរបស់គណបក្សប្រជាជន”។

លោកសុខ ឥសាន បន្តថា “ចំពោះក្រុមប្រឆាំង ចោទសម្តេចថា ប្រើចារបុរសកម្ចាត់ទណ្ឌិតរត់ចោលស្រុកពីឆាកនយោបាយនោះ ការដែលទណ្ឌិតរត់ចោលស្រុកចេញផុតពីឆាកនយោបាយកម្ពុជា អាស្រ័យទៅដោយផលវិបាកនៃនយោបាយអរិភាពរបស់ខ្លួនតែប៉ុណ្ណោះទេ។ ការប្រកួតប្រជែងនៅលើទីលានប្រជាធិបតេយ្យនៅកម្ពុជា គឺធ្វើត្រឹមត្រូវទៅតាមគោលការណ៍ច្បាប់ ហើយនិងគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញយើងអត់មានធ្វើអីខុសច្បាប់ទេ”៕

កុលបុត្រ

RELATED ARTICLES