Monday, November 25, 2024
Homeនយោបាយលោកសម រង្ស៊ី ថាឈាមជនជាតិខ្មែរ សម័យអង្គរ អាចជួយការពារពីជំងឺកូវីដ-១៩

លោកសម រង្ស៊ី ថាឈាមជនជាតិខ្មែរ សម័យអង្គរ អាចជួយការពារពីជំងឺកូវីដ-១៩

ប៉ារីស (បារាំង) ៖ លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) បានអះអាងថា ឈាមជនជាតិខ្មែរសម័យអង្គរ អាចជួយការពារពីជំងឺកូវីដ-១៩ (Covid-19) បាន។

លោកសម រង្ស៊ី បានសរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ថា “សារជាតិ Hémoglobine E  ក្នុងឈាមជនជាតិខ្មែរសម័យអង្គរ អាចជួយការពារពីជំងឺកូវីដ-១៩។ នេះជាលទ្ធផលនៃការស្រាវជ្រាវរបស់លោកសម រង្ស៊ី ដែលមានលាតត្រដាងក្នុងសារព័ត៌មានអន្តរជាតិ Gavroche ជាភាសាបារាំង ចុះថ្ងៃ១៨ ឧសភា ២០២០”។

ជាមួយនេះ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ លោកសម រង្ស៊ី បានសរសេរក្នុងទំព័រហ្វេសប៊ុក ដដែលថា “ការស្រាវជ្រាវរបស់លោកសម រង្ស៊ី ពីជំងឺកូវីដ-១៩។ ក្នុងអត្ថបទចុងក្រោយនេះ ចុះផ្សាយក្នុងទស្សនាវដ្តីអន្តរជាតិ The Geopolitics ថ្ងៃ១៨ ឧសភា ២០២០ នេះ លោកសម រង្ស៊ី លាតត្រដាងអំពីលទ្ធផលចុងក្រោយនៃការស្រាវជ្រាវរបស់លោក ស្តីពីជំងឺកូវីដ-១៩។ ការស្រាវជ្រាវនេះបានឈានពីតំបន់អាស៊ីភាគអាគ្នេយ៍ (ប្រទេសកម្ពុជា, ឡាវ, វៀតណាម, ថៃ និងភូមា) ទៅដល់ប្រទេសឥណ្ឌា និងទ្វីបអាហ្វ្រិក។

ការស្រាវជ្រាវនេះ ក៏បានបង្ហាញនិងបញ្ជាក់ពីមូលហេតុដែលជំងឺកូវីដ-១៩ ប៉ះពាល់តិចតួចណាស់មកលើប្រជាពលរដ្ឋក្នុងប្រទេស និងតំបន់ ដែលរៀបរាប់អម្បាញ់មិញ ផ្ទុយពីទ្វីបអឺរ៉ុបខាងលិច និងទ្វីបអាមេរិកខាងជើង ដែលរងគ្រោះយ៉ាងទម្ងន់ពីជំងឺកូវីដ-១៩ នេះ។

មានមូលហេតុ៤យ៉ាង ដែលធ្វើឱ្យស្ថានភាពខុសគ្នាពីតំបន់មួយទៅតំបន់មួយ បែបនេះ។

– មូលហេតុទី១ គឺកម្តៅធាតុអាកាស ដោយសារតែមេរោគកូរ៉ូណា (Coronavirus)  វាពិបាកលូតលាស់ និងពិបាកឆ្លងក្នុងកម្តៅចាប់ពី៣០អង្សាសេ (C) ឡើងទៅ។

– មូលហេតុទី២ គឺវ័យក្មេង និងសុខភាពរឹងមាំនៃប្រជាពលរដ្ឋភាគច្រើនលើសលប់ដែលរស់នៅក្នុងប្រទេសក្រីក្រ ដូចក្នុងតំបន់យើង។ នៅបច្ចិមប្រទេស មនុស្សដែលស្លាប់ដោយជំងឺកូវីដ-១៩ ភាគច្រើនលើសលប់ គឺរហូតដល់ទៅ៩០ភាគរយ មានអាយុលើសពី៦៥ឆ្នាំឡើងទៅ ហើយពួកគាត់មានជំងឺរ៉ាំរ៉ៃក្នុងខ្លួន ដូចជាជំងឺទឹកនោមផ្អែម និងជំងឺបេះដូង តាំងពីមុនឆ្លងជំងឺកូវីដ-១៩។

– មូលហេតុទី៣ គឺភាពស៊ាំ (Immunity) ពីជំងឺគ្រុនចាញ់។ គេកត់សម្គាល់ថា ក្នុងតំបន់គ្រុនចាញ់លើទូទាំងពិភពលោក មានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ តិចតួចណាស់ ហាក់ដូចជាអ្នករស់នៅក្នុងតំបន់គ្រុនចាញ់នោះ មានភាពស៊ាំចំពោះជំងឺកូវីដ-១៩ ផងដែរ។

– មូលហេតុទី៤ គឺសារជាតិ Hemogl-obin E ដែលមានក្នុងគ្រាប់ឈាមក្រហមនៃប្រជាពលរដ្ឋក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ និងភូមិភាគឦសាននៃប្រទេសឥណ្ឌា។ សារជាតិ Hemoglobin E នេះ ហាក់ដូចជាជួយការពារពីជំងឺគ្រុនចាញ់ផង និងជំងឺកូវីដ-១៩ផង។

ដូចគ្នានេះដែរ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ លោកសម រង្ស៊ី បានសរសេរពាក់ព័ន្ធនឹងបញ្ហានេះដែរថា “ហេតុអ្វីបានជាការរាតត្បាតជំងឺកូវីដ-១៩ មានភាពធ្ងន់ធ្ងរតែចំពោះប្រទេសមួយចំនួន ប្រៀបធៀបទៅនឹងប្រទេសមួយចំនួនទៀត?

មូលហេតុអាចមាន៣យ៉ាង ដែលជួយការពារប្រទេសស្ថិតនៅតំបន់អាស៊ីភាគអាគ្នេយ៍ ដូចប្រទេសកម្ពុជា ៖

១- កម្តៅធាតុអាកាស

មេរោគកូវីដ-១៩ លូតលាស់និងផ្សព្វផ្សាយយ៉ាងងាយក្នុងសីតុណ្ហភាព ពី១០ទៅ១៥អង្សាសេ។ នៅតំបន់យើង សីតុណ្ហភាពខ្ពស់ជាងនេះ គឺ២០ទៅ៤០អង្សាសេ។ មេរោគកូរ៉ូណាវីរុស វានឹងស្លាប់ ទាល់តែចាប់ពី៦០-៧០អង្សាសេឡើងទៅ ក្រោមនេះ វាមិនទាន់ស្លាប់ទេ តែកម្តៅកម្រិតនេះមិនសូវ អំណោយផលឱ្យវាទេ។

២- ជំងឺកូវីដ-១៩ រាតត្បាតយ៉ាងងាយស្រួលចំពោះមនុស្សចាស់ មនុស្សប្រុស និងមនុស្សធាត់។ នៅតំបន់យើង ជាពិសេសនៅប្រទេសកម្ពុជា ពលរដ្ឋភាគច្រើនជាមនុស្សក្មេង មនុស្សស្រី និងមនុស្សស្គម។ យ៉ាងដូច្នេះហើយបានជាកម្មការិនីនៅតាមរោងចក្រ មិនសូវរងគ្រោះប៉ុន្មានទេ។

៣- ប្រទេសណាដែលធ្លាប់ប្រឈមមុខជំងឺគ្រុនចាញ់ ហាក់ដូចជាមានភាពស៊ាំ (im-munity)  ខ្លះ ចំពោះជំងឺកូវីដ-១៩…”៕

ខៀវទុំ

RELATED ARTICLES