Friday, April 26, 2024
Homeព័ត៌មានជាតិចោទសមត្ថកិច្ចស៊ីគ្រឿង គ្រាន់តែទុកនៅស្នងការ១យប់ ចេញមុខសុំទោស

ចោទសមត្ថកិច្ចស៊ីគ្រឿង គ្រាន់តែទុកនៅស្នងការ១យប់ ចេញមុខសុំទោស

បន្ទាប់ពីបុរសម្នាក់បានបង្ហោះសារមិនពិត ចោទប្រកាន់លើសមត្ថកិច្ចថា បានស៊ីគ្រឿងម៉ូតូ ពេលរក្សាទុកក្នុងបរិវេណស្នងការនគរបាលរាជធានីភ្នំពេញនោះ កាលពីព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចបានហៅយុវជនខាងលើមកអប់រំ និងធ្វើកិច្ចសន្យា។

គួររំឮកថា កាលពីថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០ យុវជនម្នាក់មានឈ្មោះសែម តូនី បានបង្ហោះសារថា “ទុកម៉ូតូនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់តែ១យប់១ថ្ងៃ បាត់គ្រឿងម៉ូតូអស់ហើយ ទាំងបូមមុខ បូមក្រោយ បេនស៉ីម៉ាំង និយាយរួមមកគឺគ្រឿងសំខាន់អស់រលីងហើយ”។

ស្រាប់តែនៅព្រឹកថ្អៃទី០៦ ខែមិថុនា ឆ្នាំ២០២០  ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស និងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការកោះហៅឈ្មោះ សែម តូនី ដែលប្រើប្រាស់គណនីហ្វេសបុកឈ្មោះ Sem Tony បង្ហោះព័ត៌មានមិនពិត ដើម្បីចូលខ្លួនមកបកស្រាយបំភ្លឺករណី ដែលខ្លួនបានផុសនូវព័ត៌មានមិនពិត ដែលធ្វើឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំមកលើសមត្ថកិច្ច ជាពិសេសជាផុសនូវព័ត៌មានមិនពិតនេះ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់សមត្ថកិច្ច ដែលជាអ្នកអនុវត្តច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ច យុវជនសែម តូនី បានសារភាព និងទទួលកំហុសដែលខ្លួនបានផុសព័ត៌មានមិនពិត ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់នគរបាលជាតិ។ បុគ្គលរូបនេះក៏បានថតជាវីដេអូឃ្លីប​ដើម្បីធ្វើការសុំទោសជាសាធារណ:នូវកំហុស ដែលខ្លួនបានប្រព្រឹត្តិ និងសុំការយោគយល់ លើកលែងទោសពីសមត្ថកិច្ចផងដែរ។ ជាពិសេសបុគ្គលរូបនេះក៏បានធ្វើកិច្ចសន្យាថា ចាប់ពីពេលនេះតទៅគឺឈប់ផុសរឿងមិនពិតទៀតហើយ។

ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់សូមបំភ្លឺថា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៨ និង ៣០នាទី ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានឃាត់ខ្លួនជនសង្ស័យ០៦នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ប្រើកាំភ្លើងភ្ជង់ប្លន់យកកាបូបប្រាក់ និងជួញដូរគ្រឿងញៀន) និងកាន់កាប់អាវុធដោយខុសច្បាប់ ។
ក្នុងនោះមាន០២នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ទី១. មានឈ្មោះ ហុក ណារិន ភេទប្រុស អាយុ២៩ឆ្នាំ និងទី២. មានឈ្មោះហ៊ាន ប្រឹមប្រិយ ភេទប្រុស អាយុ១៨ឆ្នាំ។ ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបាន ដកហូតម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខក្រចេះ ១E-២៩៦៥។

ជាលទ្ធផល សមត្ថកិច្ចធ្វើការស្រាវជ្រាវរកឃើញឈ្មោះ ហុក ណារិន មានការពាក់ព័ន្ធនឹងការសមគំនិត​ក្នុងការជួញដូរគ្រឿងញៀន ដោយឡែកម្នាក់ទៀតឈ្មោះ ហ៊ាន ប្រឹមប្រិយ (ឃាត់ខ្លួនក្នុងរង្វង់កិច្ចប្រតិបត្តិការ) មិនមានជាប់ពាក់ព័ន្ធក្នុងករណីគ្រឿងញៀនទេ។

ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញា សមត្ថកិច្ចក៏បានធ្វើការអប់រំព្រមទាំងអោយអាណាព្យាបាលមកធានា និងធ្វើកិច្ចសន្យា រួចឲ្យត្រឡប់ទៅផ្ទះវិញ ព្រមទាំងប្រគល់ម៉ូតូឲ្យសាមីខ្លួន ហើយបានពិនិត្យម៉ូតូ ព្រមទាំងនិយាយប្រាប់ថាមិនមានបាត់អីទេ ក៏បានយកម៉ូតូជិះចេញបាត់ទៅ៕

RELATED ARTICLES