ភ្នំពេញ ៖ ធនាគារពិភពលោកបានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជានៅតែមានកំនើនយ៉ាងរឹងមាំក្នុងឆ្នាំនេះ ដោយរក្សាបានកំណើន៧ភាគរយ ដោយសារការនាំចេញវិស័យសម្លៀកបំពាក់កើនឡើង និងសកម្មភាពសាងសង់ក្នុងវិស័យសំណង់នៅតែមានសកម្មភាពយ៉ាងសកម្ម។
យោងតាមរបាយការណ៍របស់ធនាគារពិភពលោក ដែលបានធ្វើការវាយតំលៃសេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលចេញផ្សាយនាព្រឹកថ្ងៃទី៥ តុលានេះបានបង្ហាញថា កំនើនសេដ្ឋកិច្ចកម្ពុជាពិតត្រូវបានប៉ាន់ស្មានថា ឡើងដល់៧ភាគរយ ដោយសារគិតត្រឹមពាក់កណ្តាលឆ្នាំនេះ ការនាំចេញសម្លៀកបំពាក់បានកើនឡើងខ្លាំងក្នុងកម្រិត១០.៥ភាគរយ ធៀបនឹងកំនើន៧.៨ភាគរយដែលសម្រេចបានកាលពីឆ្នាំមុន។ របាយការណ៍ដដែលបានបង្ហាញថា និន្នាការនេះទ្រទ្រង់ដោយទំនាក់ទំនងឧស្សាហកម្ម ដែលមានស្ថិរភាពតាមរយៈការបញ្ចូលការបោកគក់ ការប៉ាក់ឌិន និងការបោះពុម្ពដើម្បី បង្កើនតំលៃ និងតាមរយៈការងើបឡើងវិញខ្លះៗនៃសេដ្ឋកិច្ចតំបន់អឺរ៉ុប។
ទោះជាយ៉ាងណារបាយការណ៍ដដែលបានបង្ហាញថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ មានកំនើនយឺតជាងឆ្នាំនេះ ដោយសម្រេចបានត្រឹម៦.៩ភាគរយប៉ុណ្ណោះ ធៀបនឹងកំនើន៧ភាគរយនាឆ្នាំនេះដែលជំរុញដោយការនាំចេញ សំណង់ និងការចំណាយប្រើប្រាស់របស់រដ្ឋាភិបាល។ទោះជាយ៉ាងនេះក្តី ហានិភ័យដែលអាចកើតមានគឺការបោះឆ្នោតក្នុងពេលខាងមុខ ឥទ្ឋិពលអវិជ្ជមានពីកំនើនអត្រាការប្រាក់របស់សហរដ្ឋអាមេរិក និងការថយចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក។
លោកMiguel Eduardo Sanchez Martinសេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំកម្ពុជាបានថ្លែងថា កំណើនសេដ្ឋកិច្ចកម្ពុជានៅតែមានភាពរឹងមាំ ដោយសារការនាំចេញសម្លៀកបំពាក់ខ្លាំងក្លា និងដោយសារនៅតែមានសកម្មភាពសាងសង់។ ទោះជាយ៉ាងណាការរក្សាឲ្យមានសកម្មភាពមាននិរន្តរភាព ជាការលំបាក ដោយសារការប្រកួតប្រជែង និងការដោយសារការធ្លាក់ចុះនៃពាណិជ្ជកម្មពិភពលោក។ លោកបន្តថា វិធានដែលត្រូវប្រកាន់យក ដើម្បីរក្សាការប្រកួតប្រជែង ពីខាងក្រៅគួរប្រកាន់យកសម្រាប់កម្ពុជា ទោះជាមានលំហូរវិនិយោគផ្ទាល់ពីបរទេសក្តី។
លោកបន្តថា ការបង្កើនកន្លែងទាក់ទាញទេសចរណ៍ផ្សេងៗទៀត ក្រៅពីអង្គវត្តជារឿងចាំបាច់ ខណៈការមកដល់នៃភ្ញៀវទេសចរណ៍បានថយចុះ២.៤ភាគរយ ធៀបនឹងកំនើន៤.៨ភាគរយកាលពីឆ្នាំមុន។
លោកលី សូដេតសេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំកម្ពុជាបានថ្លែងឲ្យដឹងផងដែរថា អ្វីសំខាន់គឺត្រូវលើកកំពស់ភាពប្រកួតប្រជែងក្នុងការនាំចេញ ក្នុងសមាសភាពដែលអាចមានផលប៉ះពាល់អវិជ្ជមានធំធេង នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងវៀតណាម នៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ផែនការកាត់បន្ថយជាក់លាក់មួយ ដែលផ្តោតលើកំណែទម្រង់រចនាសម្ព័ន្ឋ ដើម្បីធ្វើឲ្យវិស័យនាំចេញកាន់តែមានភាពប្រកួតប្រជែងបន្ថែមទៀត ដោយសង្កត់ធ្ងន់លើការបង្កើនតំលៃបន្ថែម ក្នុងវិស័យសម្លៀកបំពាក់ ព្រមទាំងការធ្វើពិពិធកម្មលើសពីផលិតផលសម្លៀកបំពាក់គឺជាកិច្ចការសំខាន់។
លោកបន្តថា ការតាមដានម៉ត់ចត់ចំពោះវិស័យសំណង់ ដើម្បីរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គឺជារឿងសំខាន់ និងការបង្កើនគោលដៅទេសចរណ៍ក្រៅពីប្រាសាទអង្ករវត្ត ដោយមានការសហការរវាងវិស័យសាធារណៈ និងវិស័យឯកជន៕
ដោយ ៖ គង់ លាងហួរ