Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិចិន​ផ្តល់​កម្ចី​ និង​វិនិយោគ​ធំ​ជាង​គេ​ទី១​នៅ​កម្ពុជា

ចិន​ផ្តល់​កម្ចី​ និង​វិនិយោគ​ធំ​ជាង​គេ​ទី១​នៅ​កម្ពុជា

ភ្នំពេញ ៖ ប្រទេសចិនបានក្លាយជាប្រទេសផ្តល់ជំនួយ និងបោះទុនវិនិយោគធំជាងគេនៅកម្ពុជា ដោយសារទំនាក់ទំនងរវាងកម្ពុជា ចិនកាន់តែមានភាពល្អប្រសើរ ហើយរដ្ឋាភិបាលប្រទេសទាំងពីរបានដាក់ចេញនូវយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយគ្នាជាប្រវត្តិសាស្រ្ត។

eco1

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១១ តុលានេះថាក្នុងចំណោមទុនវិនិយោគបរទេសសរុបនៅកម្ពុជាទំហំ២០ពាន់លានដុល្លារអាមេរិក ទុនវិនិយោគរបស់ប្រទេសចិន មានទំហំទឹកប្រាក់៨៤០០លានដុល្លារអាមេរិក ស្មើនឹង៤៤ភាគរយនៃទុនវិនិយោគសរុបនៅកម្ពុជា បន្ទាប់ពីប្រទេសចិនគឺប្រទេសកូរ៉េមានទុនវិនិយោគជាង២០០០លានដុល្លារ ថៃ៨១០លានដុល្លារ សាំងហ្កាពួរ៧៩០លានដុល្លារ  ជប៉ុន៧០០លានដុល្លារ ។

លើសពីនេះការផ្តល់ជំនួយរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ប្រទេសចិនក៏ជាប់ចំណាត់ថ្នាក់លេខ១ក្នុងការផ្តល់កម្ចីឥណទានដល់កម្ពុជា ដែលមានទំហំទឹកប្រាក់សរុប២៦៨០លានដុល្លារអាមេរិក ក្នុងចំណោមកម្ចីសរុបដែលកម្ពុជាខ្ចីឥណទានពីបរទេស ដែលមានទឹកប្រាក់សរុប៥៦០០លានដុល្លារ គឺចិនគ្របដណ្តប់៤៨ភាគរយនៃឥណទានពីបរទេសសរុបមកម្ពុជា កូរ៉េផ្តល់កម្ចីដល់កម្ពុជា២៧០លានដុល្លារ ជប៉ុន១៨០លានដុល្លារគិតត្រឹមឆ្នាំ២០១៤កន្លងមកនេះ។

eco

លោកបណ្ឌិតម៉ី កល្យាណបានបន្តថា “ការវិនិយោគរបស់ចិនលើការកសាងហេដ្ឋារចនាសម្ព័ន្ឋ វារីអគ្គិសនី វិស័យហិរញ្ញវត្ថុ ពិសេសវិស័យវាយណភ័ណ្ឌ គឺជាការវិនិយោគដ៏ត្រឹមត្រូវ ហើយចិនជាប្រទេសសំខាន់មួយសម្រាប់ប្រទេសកម្ពុជា ព្រោះអ្វីដែលចិនជួយកម្ពុជា ប្រទេសចិនបានដឹងពីតម្រូវការរបស់កម្ពុជា ហើយផ្តល់ជំនួយតាមអ្វីដែលកម្ពុជាត្រូវការ”។

សេដ្ឋវិទូកង ចាន់ដារារ័ត្នប្រធានវិទ្យាស្ថានសិក្សាដើម្បីអិវឌ្ឍន៍កម្ពុជាបានថ្លែងឲ្យដឹងផងដែរថា អ្វីដែលសំខាន់នៅក្នុងសេដ្ឋកិច្ចកម្ពុជានាពេលនេះ គឺត្រូវការជន្ទល់ចំនួនពីរ គឺ កម្ពុជាត្រូវការកសាងហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីទាក់ទាញឧស្សាហកម្មធំៗ មកកម្ពុជា និងសេដ្ឋកិច្ចកម្ពុជាត្រូវការច្រកសម្រាប់នាំចេញវិស័យកសិកម្ម ដែលកន្លងមកទីផ្សាររបស់កម្ពុជាមានភាពតែលតោល ដោយសារកម្ពុជាពឹងទីផ្សារប្រទេសជិតខាង ដូច្នេះបើផ្អែកលើបរិបទទាំងពីរនេះ “គឺប្រទេសចិនជាដង្ហើមនៃក្តីសង្ឃឹមរបស់កម្ពុជា”។

លោកបន្តថា ពីមុនកម្ពុជាពឹងផ្អែកប្រទេសវៀតណាម និងថៃ ដើម្បីនាំចេញផលិតផលកសិកម្ម ប៉ុន្តែពេលនេះកម្ពុជាមានចិន ដែលអាចជួយសម្រួលច្រើនដល់ច្រកនាំចេញកសិផលរបស់កសិករ ព្រោះចិនបានជួយជន្ទុលទី១ ដែលផ្តោតការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ វារីអគ្គិសនីច្រើនស្ទើរតែគ្រប់គ្រាន់ហើយ ដូច្នេះវិស័យសេដ្ឋកិច្ចកម្ពុជា ដែលពឹងផ្អែកលើវិស័យវាយណភ័ណ្ឌជាង២០ឆ្នាំកន្លងមកនេះ គួរតែងាកចេញពីវិស័យនេះ តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋបន្ត ដើម្បីទាក់ទាញឧស្សាហកម្មធំៗ។

ចំណែកវិស័យកសិកម្ម កម្ពុជាត្រូវងាកចេញពីកសិកម្មដែលពឹងផ្អែកធម្មជាតិទៅកាន់កសិកម្មដែលពឹងផ្អែកលើបច្ចេកវិទ្យា តាមរយៈការបើកច្រកនាំចេញកសិផល ដោយមិនត្រូវពឹងផ្អែកតែប្រទេសជិតខាងនោះទេ ហើយប្រទេសចិនបានបើកឳកាសទីផ្សារដល់កម្ពុជាសម្រាប់នាំចេញកសិផលច្រើន ដែលអាចធ្វើឲ្យមានការបោះទុនវិនិយោគថ្មីៗមកលើវិស័យនេះ ឲ្យងាកចេញពីកសិកម្មពឹងផ្អែកតែលើធម្មជាតិ។

លោកបណ្ឌិតម៉ី កល្យាណក៏បានផ្តល់អនុសាសន៍ដល់កម្ពុជាផងដែរថា កម្ពុជាមិនធំប៉ុន្មាននោះទេ មានមនុស្សតិច ដូច្នេះឆ្នាំងបាយក៏តូចដែរ ដូច្នេះកម្ពុជាមិនត្រូវផ្កាប់មុខនោះទេ បើទោះចិនមកផលិតនៅកម្ពុជា តែទីផ្សារសម្រាប់លក់គឺនៅអាមេរិក សហគមន៍អឺរ៉ុប និងជប៉ុន ដូច្នេះកម្ពុជាត្រូវទំនាក់ទំនងជាមួយប្រទេសទាំងអស់ មិនត្រូវពឹងផ្អែកតែចិនមួយជ្រុងទេ ព្រោះបើអាមេរិកមិនបើកទីផ្សារ ក៏អ្នកវិនិយោគចិនមិនមកវិនិយោគនៅកម្ពុជាដែរ។

គង់ លាងហួរ

RELATED ARTICLES