Monday, November 25, 2024
Homeនយោបាយទីប្រឹក្សានាយករដ្ឋមន្ត្រី ប្រតិកម្មនឹងពួកប្រឆាំង បន់ឲ្យសម្តេចហ៊ុន សែន ឆ្លងកូវីដ-១៩

ទីប្រឹក្សានាយករដ្ឋមន្ត្រី ប្រតិកម្មនឹងពួកប្រឆាំង បន់ឲ្យសម្តេចហ៊ុន សែន ឆ្លងកូវីដ-១៩

ភ្នំពេញ ៖ លោកជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សាផ្ទាល់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រតិកម្មចំពោះពួកប្រឆាំងមួយចំនួន ដែលបន់ស្រន់ឲ្យសម្តេចហ៊ុន សែន ឆ្លងជំងឺកូវីដ-១៩ ។

លោកជុំ កុសល បានសរសេរនៅក្នុងគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ថា “សូមប្រាប់ទៅក្រុមឧទ្ទាម ឲ្យបើកត្រចៀកស្តាប់ឲ្យឮ បើកភ្នែកមើលឲ្យឃើញច្បាស់ថា សម្តេចតេជោ ហ៊ុន សែន មិនបានឆ្លងកូវីដ-១៩ ទេ គឺលទ្ធផលអវិជ្ជមាន គ្រាន់តែលោកនៅដាច់ដោយឡែក រយ:១៤ថ្ងៃ តាមវិធានអនាម័យ តាមដានសុខភាពរបស់ក្រសួងសុខាភិបាលប៉ុណ្ណោះ  ឯកិច្ចការស្នូលរបស់លោកគឺនៅដដែល បូកទាំងការហាត់ប្រាណ ក៏មានជាធម្មតាដែរ ។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ភីធើ ស៊ីចាតូ រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី

សូមកុំនាំគ្នាផ្លុំខ្យល់ទៅជាព្យុះ ទោះខំទាល់តែដាច់ដង្ហើម ដេកដួលស្លាប់ខ្លួនទៀត ក៏វាមិនអាចទៅរួចដែរ ។ ដូចគ្នាដែលអស់លោកធ្វើនយោបាយបន់ឲ្យគេស្លាប់ វាគឺជាគំនិតថោកទាបនិងអន់បំផុត !

សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលមានបុណ្យបារមី មានវត្ថុស័ក្តិសិទ្ធិតាមរក្សាការពារ ។ លោកធ្លាប់ឆ្លងកាត់សមរភូមិប្រយុទ្ធដល់ទៅ១០៥ ធ្លាប់ដើរកាត់ចម្ការមីន ទាំងយប់ងងឹត ធ្លាប់ត្រូវបានគេលបធ្វើឃាត ប៉ុន្តែមិនអាចប៉ះពាល់ដល់អាយុជីវិតលោកបានជាដាច់ខាត ។ បច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន មានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន បំពេញកិច្ចការងារប្រទេសជាតិជាធម្មតា ។ ដូច្នេះសូមពួកជនថោកទាបដែលបន់ស្រន់ឲ្យសម្តេចឆ្លងកូវីដ-១៩ បើកភ្នែកមើលឲ្យច្បាស់ ហើយប្រយ័ត្នការប្រមាថទាំងនោះវិលត្រឡប់ទៅរកខ្លួនឯងវិញ”។

បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ លោកជុំ កុសល បានមានប្រសាសន៍ប្រាប់ ”នគរធំ” នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ថា “បាទ! ដូចខ្ញុំសរសេរពីម្សិលអ៊ីចឹង អ្នកដែលស្រែកជយោ! លោកហ៊ុន សែន ឆ្លងកូវីដហើយ អីហើយ រហូតដល់ប្រមាថអាយុជីវិតលោកទៀតនោះ ហើយខ្ញុំគ្រាន់តែផ្ដាំថា ធ្វើនយោបាយ បើរង់ចាំតែការប្រមាថ រង់ចាំតែដៃគូនយោបាយមានជំងឺ ឬក៏រហូតដល់បាត់បង់ជីវិត អាហ្នឹងវាថោកទាបណាស់ ការដែលប្រើវិធីសាស្រ្តរបៀបហ្នឹង វាថោកទាបមែនទែន ហើយសម្រាប់សម្ដេចតេជោ ហ៊ុន សែន លោកបានបញ្ជាក់អ៊ីចឹង មិនមានអីទេ សុខភាពលោកល្អធម្មតា ពីការធ្វើតេស្តហ្នឹងអវិជ្ជមាន ប៉ុន្តែតាមវិធានការអនាម័យរបស់ក្រសួងសុខាភិបាល គឺដាច់ខាតត្រូវតែធ្វើចត្តាឡីស័ក ១៤ថ្ងៃបន្តទៀត ប៉ុន្តែក្នុងអន្តរកាលរយៈពេល១៤ថ្ងៃ នៃចត្តាឡីស័កនេះ លោកបំពេញការងារក្នុងនាមជានាយករដ្ឋមន្រ្តីធម្មតា ។

ចំពោះថា ទោះធ្វើតេស្តពេលនេះ ឃើញថា អវិជ្ជមានមែន តែត្រូវរង់ចាំ១៤ថ្ងៃ ទើបដឹងច្បាស់ថា ផ្ទុកកូវីដ-១៩ ឬមិនផ្ទុកនោះ ខ្ញុំយល់ថា រឿងហ្នឹងវាមិនអីទេ តែតេស្តលើកទី១ អវិជ្ជមានហើយ លើកទី២ ក៏វាមិនមានអីទៀតដែរ អាហ្នឹងតាមទស្សនៈខ្ញុំទេ ហើយសម្ដេចតេជោ លោកក៏មានទំនុកចិត្តខ្លួនលោកដែរ គ្រាន់តែថា តាមវិធានអនាម័យរបស់ក្រសួងសុខាភិបាល គឺត្រូវធ្វើអ៊ីចឹង ដាក់ដោយឡែកអ៊ីចឹង ឯពូកប្រឆាំង ធម្មតាទេ ចូលចិត្តតែនាំគ្នាផ្លុំខ្យល់ឲ្យទៅជាព្យុះ ប៉ុន្តែទោះបីជាផ្លុំយ៉ាងណាក៏ដោយ ទោះដាច់ខ្យល់ស្លាប់ ក៏វាទៅមិនរួចដែរ ហើយការបន់ស្រន់ ការបញ្ចើចបញ្ចើ ឌឺដងចំពោះសុខភាពសម្ដេច អាហ្នឹងខ្ញុំមិនដាក់បណ្ដាសាអីទេ ប្រយ័ត្នតែវាឡងចូលទៅខ្លួនឯងវិញ“ ។

លោកជុំ កុសល បន្តថា “ចំពោះហេតុផលដែលក្រុមប្រឆាំង ចង់ឲ្យសម្ដេចឆ្លងកូវីដ-១៩ នោះ ដូចខ្ញុំនិយាយអ៊ីចឹង ហើយពួកនេះធ្វើនយោបាយមិនឈ្នះសម្ដេចទេ ចំពោះតួនាទី ប្រគល់អំណាចដោយស្របច្បាប់ពីប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត មិនឈ្នះសម្ដេចតេជោ ហ៊ុន សែន ទេ មិនឈ្នះគណបក្សប្រជាជនទេ ដរាបណាគណបក្សប្រជាជននៅតែគាំទ្រសម្ដេចហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី ប្រកួតប្រជែងក្នុងការបោះឆ្នោត។

អ៊ីចឹងមធ្យោបាយតែមួយគត់ ដែលពួកហ្នឹងគេធ្វើ គឺគេរកវិធីសាស្រ្តដើម្បីបំផ្លាញសម្ដេចហ៊ុន សែន តាមគ្រប់មធ្យោបាយ។ អ៊ីចឹងបានជាគេយកសម្ដេចហ៊ុន សែន ជាសត្រូវ រហូតដល់ត្រកូលហ៊ុន ទាំងមូល សាច់ញាតិសម្ដេចណាដែលទទួលព័ត៌មានបែបអវិជ្ជមានណាមួយ គេយកមកផ្សព្វផ្សាយ ដើម្បីបន្តុះបង្អាប់ត្រកូល ក្រុមគ្រួសារសម្ដេច ដោយសារតែភាពខ្លាំងរបស់សម្ដេច ប្រកួតប្រជែងមិនឈ្នះហើយ បានជាគេធ្វើទុក្ខបុកម្នេញសម្ដេចតេជោ ពាក់ព័ន្ធមកដល់បញ្ហាសុខភាពដូចពីមុនមក សូម្បីតែសម្ដេច ទៅឆែកសុខភាពជាធម្មតានៅក្រៅប្រទេស គេខំប្រឌិតរឿងថា សម្ដេច កើតជំងឺមហារីក អីហូរហែអ៊ីចឹងមក ។

អាហ្នឹងវាជាវិធីសាស្រ្តមួយដ៏ថោកទាប ដែលប្រកួតប្រជែងមិនឈ្នះ គឺថារកមធ្យោបាយគ្រប់រូបភាព ដើម្បីបំផ្លាញសម្ដេច ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ បើយើងនិយាយអំពីកត្តាអប្បិយជំនឿ និយាយតាមព្រះពុទ្ធសាសនា ឬក៏អ្នកមានទម្លាប់ជឿអប្បិយជំនឿ សម្ដេច ជាមេដឹកនាំខ្មែរម្នាក់ ដែលមានបុណ្យបារមី ដោយសារតែធ្វើល្អរបស់លោក ដែលលោកយកជីវិតរបស់ខ្លួនឯងទៅធ្វើដើមទុន រំដោះប្រទេសជាតិអីហ្នឹង គឺជាអំពើល្អដែលមិនអាចកាត់ថ្លៃបានទេ នេះគឺបុណ្យបារមីរបស់លោក ហើយលោកធ្លាប់ឆ្លងកាត់សមរភូមិប្រយុទ្ធហ្នឹង ១០៥សមរភូមិ ធ្លាប់គេលួចធ្វើឃាតតាមរយៈការបាញ់បេ៤០ ធ្លាប់ដើរកាត់ចម្ការមីន គឺដោយសារតែបុណ្យបារមីរបស់លោកហ្នឹង មិនអាចប៉ះពាល់ដល់រាងកាយរបស់លោកបានទេ ។ ឯសុខភាពបច្ចុប្បន្នរបស់លោក ក៏ធម្មតា លោកមាំមួន លោកមានកម្លាំងពលំធម្មតា អត់មានអីផង ។

លោកជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សាផ្ទាល់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន

អ៊ីចឹងអ្នកឯងចង់បន់ស្រន់ ឬចង់ដាក់បណ្ដាសា ឬចង់ដាក់ទំនាយស្អីក្នុងផ្លូវអាក្រក់ណាមួយនោះ ខ្ញុំយល់ថា ចំពោះអ្នកដែលមានបុណ្យបារមីដូចសម្ដេច វាមានតែអ្នកដែលប៉ុនប៉ងតាមផ្លូវណាមួយចូលមកកាន់ខ្លួនឯងទៅវិញទេ ។

ដូច្នេះចង់បញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋ ទី១ សម្ដេចតេជោ ឥឡូវលោកកំពុងនៅក្នុងការធ្វើចត្តាឡីស័ក១៤ថ្ងៃ ទោះបីលោកមិនមានអីក៏ដោយ ធ្វើតេស្តអវិជ្ជមានក៏ដោយ ក៏ប៉ុន្តែលោកគោរពទៅតាមការណែនាំ តាមវិធានអនាម័យរបស់ក្រសួងសុខាភិបាល ហើយសុខភាពលោកមាំទាំល្អ ប្រក្រតី អត់មានអ្វីដូចពួកប្រឆាំងលើកឡើងទេ សូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ ហើយជឿតាមពាក្យមុសារបស់ពួកប្រឆាំងអីនោះ”៕ កុលបុត្រ

RELATED ARTICLES