Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិ​​ជប៉ុន​​​​​ដាក់​​សំណើ​​រ​ផ្លូវ​ការ​​ទិញ​​​កៅស៊ូ​ពី​កម្ពុជា

​​ជប៉ុន​​​​​ដាក់​​សំណើ​​រ​ផ្លូវ​ការ​​ទិញ​​​កៅស៊ូ​ពី​កម្ពុជា

ក្នុងពេលដ៏ខ្លីខាងមុននេះ ប្រទេសជប៉ុន នឹងទិញផលិតផលកៅស៊ូដោយផ្ទាល់ ពីក្រុមកសិករក្នុងប្រទេសកម្ពុជា  បន្ទាប់ពីកត់សម្គាល់ឃើញថាផលិតផលកៅស៊ូរបស់កម្ពុជាធ្លាក់ក្នុងស្ថានការណ៍ចុះថោកមិនមានទីផ្សារនាពេលកន្លងមក។ សំណើសុំទិញកៅស៊ូដោយផ្ទាល់ពីប្រទេសសេដ្ឋកិច្ចមួយនេះ ត្រូវបានធ្លាក់មកដល់ក្រសួងពាណិជ្ជកម្មហើយ ខណៈដែលឯកសារនឹងរួចរាល់ពេលណា គឺនឹងមានកៅស៊ូពីកម្ពុជារហូតដល់រាប់ម៉ឺនតោន នឹងត្រូវនាំចេញដោយផ្ទាល់ពីជប៉ុនជាលើកដំបូង។

kay-sol3

មិនខុសពីការសន្យារបស់ភាគីជប៉ុន ដែលថានឹងជួយស្ថានការណ៍កៅស៊ូនៅក្នុងប្រទេសកម្ពុជាកុំឲ្យដុនដាប ពេលនេះភាគីជប៉ុន បានប្រកាសរៀបចំឯកសារចុះទិញដោយផ្ទាល់ដើម្បីផ្ដល់លទ្ធភាពអោយកៅស៊ូដែលដាំក្បាលចុះអោយមានទីផ្សារឡើងវិញ។ លោកTatsuo Fujimura ប្រធានសាជីវកម្ម JTC ដែលជាទីផ្សារពាណិជ្ជកម្មដ៏ធំរបស់ជប៉ុន បានអះអាងជាថ្មីថា ឯកសារពាក់ព័ន្ធនឹងការរៀបចំផែនការចុះមកទិញផលិតផលកៅស៊ូពីប្រទេសកម្ពុជាតាមការគ្រោងទុក ដើម្បីជួយឲ្យវិស័យមួយនេះទទួលបានការកើនឡើង និងកុំឲ្យរាលដាលចុះខ្សោយហាងឆេង។ លោកថាជារៀងរាល់ឆ្នាំរដ្ឋាភិបាលជប៉ុនរមែងធ្វើការបញ្ជាទិញជ័រកៅស៊ូជាផលិតផលសម្រេច និងមិនទាន់សម្រេចសរុបចំនួនរ៉ាប់ម៉ឺនតោនពីគ្រប់បណ្ដាប្រទេសផ្សេង ដើម្បីយកទៅកែច្នៃនៅក្នុងប្រទេសរបស់ខ្លួន។ លោកថាជប៉ុនមានតម្រូវការកៅស៊ូកើនឡើងជារៀងរាល់ឆ្នាំ ដូច្នេះវាមិនមែនជាបញ្ហាចោទនោះទេ ដែលប្រទេសជប៉ុនត្រូវងាកមកចាប់ដៃដើម្បីបញ្ជារទិញកៅស៊ូមួយផ្នែកពីប្រទេសកម្ពុជាដោយផ្ទាល់ ជំនួសឲ្យការបញ្ជាទិញកៅស៊ូពីបណ្ដាប្រទេសផ្សេងទៀតដែលមានចំនួនច្រើនៗដែលធ្លាប់បានធ្វើ។ លោកថាជប៉ុនបន្ទាប់ពីធ្វើការបញ្ជាទិញកៅស៊ូដោយផ្ទាល់ ក៏នឹងសន្យាជួយទិញផលិតផលកសិកម្មផ្សេងទៀត ដូចជាអង្ករ និងផលិតផលកសិកម្មមួយចំនួនផងដែរ ដើម្បីជួយអោយផលិតកម្មកសិកម្មរបស់កម្ពុជាមានទីផ្សារ។ លោកអះអាងថាការបញ្ជាទិញកៅស៊ូរបស់ជប៉ុន នឹងត្រូវបានរៀបចំក្នុងពេលឆាប់ៗ ដោយនៅរង់ចាំឯកសារផ្លូវការប៉ុណ្ណោះ។ បើទោះជាលោក Tatsuo Fujimura  មិនបានប្រកាសឲ្យដឹងថាអំឡុងពេលចុះមកទិញ នឹងកើតឡើងពិតប្រាកដឲ្យច្បាស់នៅពេលណា ក្នុងឆ្នាំ២០១៦នេះទេដោយគ្រាន់តែអះអាងនឹងកើតឡើងឆាប់។

kay-sol1

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានប្រកាសមុននេះបន្តិចថា ក្រសួងនឹងពិនិត្យលទ្ធភាពពាក់ព័ន្ធនឹងការស្នើសុំទិញកៅស៊ូពីភាគីជប៉ុនអោយបានកាន់តែឆាប់ ដើម្បីជួយអោយផលិតផលកៅស៊ូនៅកម្ពុជាមានទីផ្សារ។ ក្រៅពីពន្លឿនលើឯកសារនេះ ក្រសួងក៏ប្រកាសថានឹងជំរុញឲ្យភាគីជប៉ុនធ្វើការកុម្ម៉ង់កៅស៊ូពីប្រទេសកម្ពុជាក្នុងចំនួនច្រើនក្រោយពីរៀបរយឯកសារនោះផងដែរ។ ក្រសួងពាណិជ្ជកម្មបន្តថា ផ្អែកតាមការទទូចសុំរបស់ជប៉ុន កៅស៊ូក្រែបកម្ពុជានឹងមានចំនួនច្រើនត្រូវបានជប៉ុនទទួលទិញ។ ទស្សនាវដ្ដីលេខទី២របស់ក្រសួងពាណិជ្ជម្មបានសរសេរថា ជប៉ុនបានដាក់សំណើរសុំទិញទទួលកៅស៊ូក្រែបពីកម្ពុជា ដែលគម្រោងនេះគឺមិនខុសនឹងជួយអោយកៅស៊ូកម្ពុជាមានហាងឆេង មានទីផ្សារនោះឡើយ។

kay-sol2

ក្រុមអ្នកនាំចេញកៅស៊ូបានលើកឡើងថា ជារឿងវិជ្ជមានបន្ទាប់ពីលោក Tatsuo Fujimura ប្រធាន JTC ដែលជាក្រុមហ៊ុនធំរបស់ជប៉ុន បានប្រកាសជាថ្មីពីគម្រោងចុះទិញកៅស៊ូដោយផ្ទាល់អោយបានកាន់តែឆាប់ពីប្រទេសកម្ពុជា។ ទាំងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងក្រុមអ្នកបណ្ដាក់ទុនលើវិស័យនេះ សុទ្ធតែមើលឃើញថាទីផ្សារកៅស៊ូចាប់ផ្ដើមហក់ឡើងបញ្ជាក់ថា តម្លៃកៅស៊ូនឹងត្រលប់ទៅមានហាងឆេងខ្ពស់ ដោយសារតែក្រៅពីជប៉ុន ខាងភាគីចិន ក៏ទើបសុំសិទ្ធិទទួលទិញកៅស៊ូពីកម្ពុជា។ លោកជា សាយិន ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូគ្រួសារមេម៉ត់ បានអះអាងថា ខ្លួនបានទទួលដំណឹងរឿងមានក្រុមហ៊ុនជប៉ុនត្រៀមទិញកៅស៊ូពីកម្ពុជានោះហើយ បន្ទាប់ពីមាននក្រុមហ៊ុនក្នុងស្រុកដែលចុះទិញកៅស៊ូរាល់ថ្ងៃ ក៏បានទម្លាយដំណឹងនេះ និងបានប្រាប់អោយពលរដ្ឋជាម្ចាស់ចម្ការកៅស៊ូត្រៀមខ្លួនក្នុងការបង្កើនផលកៅស៊ូសម្រាប់តម្រូវការទីផ្សាររបស់ជប៉ុន។ លោកថាបើកៅស៊ូត្រូវបានប្រទេសជប៉ុនទិញអោយបានជាប់លាប់ នោះតម្លៃកៅស៊ូដែលធ្លាប់ធ្លាក់ថ្លៃកន្លងមក នឹងត្រូវបានសង្គ្រោះ ហើយក៏មានន័យថាមិនខ្វល់រឿងឈ្មួញវៀតណាម និងឈ្មួញខ្មែរក្នុងស្រុក ធ្វើការទម្លាក់ថ្លៃនោះដែរ ដោយសារតែមានការបញ្ជាទិញជាលក្ខណៈប្រកួតប្រជែងពីជប៉ុន។ ម្យ៉ាងមកពីជប៉ុនជាប្រទេសធំ ដែលមានតម្រូវការកៅស៊ូរហូតដល់ច្រើនតោននោះផង ទើបវត្តមានទទួលទិញកៅស៊ូពីកម្ពុជានឹងជួយអោយផលិតផលកៅស៊ូរបស់កម្ពុជាមិនភ័យរឿងធ្លាក់ចុះទីផ្សារ។ យ៉ាងណាមិញ លោកថា បើទោះជាមានក្រុមហ៊ុនក្រៅប្រទេសបញ្ជាទិញកៅស៊ូពីកម្ពុជាប្រាកដមែន ក៏ក្រុមឈ្មួញកណ្ដាលនៅតែមិនផ្ដល់តម្លៃអោយល្អដល់ក្រុមអ្នកដាំដុះនោះដែរ ដោយសារតែភាពជាក់ស្ដែង គឺតម្លៃកៅស៊ូថ្លៃឬថោកស្ថិតនៅលើមាត់ឈ្មួញកណ្ដាលជាធំ។  លោកទទួលស្គាល់ថាកាលពីដើមឆ្នាំ២០១៦ តម្លៃកៅស៊ូលក់បានល្អបំផុតគឺត្រឹមតែមួយគីឡូ១៣០០រៀលប៉ុណ្ណោះប៉ុន្តែក្រោយមានដំណឹងថាជប៉ុនដាក់ពាក្យកុម្ម៉ង់ទិញ គឺតម្លៃបានល្អជាងនេះបន្តិច៕

ដោយ ៖ ប៉េង លី

RELATED ARTICLES