ខេត្តបាត់ដំបង ៖ លោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ បានលើកឡើងថា ខ្មែរចេះជួយគ្នា ដោយមិនប្រកាន់និន្នាការ ប្រសើរជាងចេះជេរ ចោទ ចងពៀរគ្នា។
លោកកឹម សុខា បានសរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុក របស់លោក នៅថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ “ខ្មែរចេះជួយគ្នាដោយមិនប្រកាន់និន្នាការ ប្រសើរជាងចេះជេរ ចោទ ឬចងពៀរនឹងគ្នា។
ថ្ងៃនេះ ខ្ញុំនិងសហការី បាននាំយកស្រូវពូជខ្មែរ ចំនួនប្រាំបីតោន (៨០០០គ.ក្រ) ដែលជាជំនួយសប្បុរសធ៌មរបស់បងប្អូនខ្មែរដែលរស់នៅក្រៅប្រទេស ចែកជូនប្រជាកសិករខ្មែរ នៅស្រុកថ្មគោល ១០០គ្រួសារ និងស្រុកសង្កែ ១០០គ្រួសារ។ សប្តាហ៍មុន យើងខ្ញុំបានចែកស្រូវពូជ ជូនប្រជាកសិករពីរខេត្ត គឺខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ រីឯខេត្តបាត់ដំបងដែលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរដែរ ក៏ប៉ុន្តែកន្លងមកនេះ សហការីខ្ញុំ រកទិញស្រូវពូជខ្មែរ មិនបាន ទើបតែរកទិញបាននៅពេលនេះ។ ខ្ញុំនឹងយកជំនួយមនុស្សធម៌របស់បងប្អូនខ្មែរ ទៅចែកជូនប្រជាកសិករយើងនៅខេត្តផ្សេងបន្តទៀត តាមលទ្ធភាព”។
លោកកឹម សុខា បានសរសេរបន្តថា “ខ្ញុំសូមបញ្ជាក់ថា ជំនួយមនុស្សធម៌ទាំងនេះ ទោះតិចឬច្រើនក្តី គឺជាសទ្ធាក្នុងការចូលរួមរបស់បងប្អូនខ្មែរដែលរស់នៅក្នុងនិងក្រៅប្រទេស ដូចជា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី កូរ៉េខាងត្បូង និងប្រទេសខ្លះនៅអឺរ៉ុប ដូចជា ហូឡង់ដ៍ ន័រវេយ៍ បារាំង អាល្លឺម៉ង់ ជាដើម ដែលសុំឲ្យខ្ញុំយកមកចែកជូនប្រជាកសិករខ្មែរយើងដែលរងគ្រោះដោយទឹកជំនន់។
ជាថ្មីម្តងទៀត ខ្ញុំសូមកោតសរសើរ និងសូមថ្លែងអំណរគុណចំពោះសប្បុរសជនខ្មែរដែលមានចិត្តមនុស្សធម៌ សាមគ្គីភាព ជួយខ្មែរដូចគ្នា ដោយមិនប្រកាន់និន្នាការ។
សូមអរគុណអាជ្ញាធរមូលដ្ឋាន ដែលបានសហការជួយប្រជាពលរដ្ឋយើង និងសូមអរគុណបងប្អូនដែលបានអញ្ជើញមកទទួលជំនួយមនុស្សធម៌ពីខ្ញុំផ្ទាល់ ដោយក្តីសប្បាយរីករាយជាភាតរភាព ទោះបីតិចតួចក្តី។
សូមជូនពរដល់បងប្អូនជនរួមជាតិខ្មែរ ទាំងក្នុងនិងក្រៅប្រទេសទាំងអស់ សូមទទួលបាននូវសេចក្តីសុខ និងសេចក្តីចម្រើន ជាពិសេស សូមឲ្យចៀសផុតពីជំងឺរាតត្បាត កូវីដ-១៩ ជារៀងរហូត កុំបីអាក់ខានឡើយ”៕