ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដែលមិនអាចខ្វះបានរបស់កម្ពុជា ព្រោះទោះជានៅក្នុងកាលៈទេសៈណាក៏ដោយ បើមានសម្ដេចហ៊ុន សែន គឺកម្ពុជា ឈ្នះ និងជម្នះបាននូវអ្វីៗទាំងអស់ មិនថាសត្រូវអត់ស្រមោល កូវីដ-១៩ ទឹកជំនន់ ឬឧបសគ្គធំប៉ុនណាក៏ដោយ។
ក្នុងអត្ថបទ «វិញ្ញាសា ៤យ៉ាង ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្ថិតនៅក្នុងកណ្ដាប់ដៃវីរបុរសខ្មែរ សម្ដេចតេជោ សែន» បង្ហោះក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានសរសេរថា ៖ «កម្ពុជា ជាប្រទេសតូចតាច តែមានបេះដូងធំទូលាយ» គឺជាប្រសាសន៍ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅជាទីបំផុត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលកម្ពុជា កំពុងស្ថិតនៅក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
កម្ពុជា ពិតជាមានសំណាងដ៏ធំធេង មិនអាចវាស់វែងបានឡើយ ដែលមានប្រមុខដឹកនាំប្រទេស ដែលមានសមត្ថភាពអច្ឆិរយ ប្រកបដោយបេះដូងមនុស្សធម៌ពិតៗ មានទស្សនវិស័យត្រឹមត្រូវ ភាពម៉ឺងម៉ាត់ប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃ ព្រមទាំងការគោរពស្រឡាញ់និងការយកចិត្តទុកដាក់ជាទីបំផុត លើសុខភាពប្រជាជនទូទៅដែលធ្វើឱ្យប្រទេសកម្ពុជា មិនទាន់មានការចម្លងវីរុសកូវីដ-១៩ ចូលក្នុងសហគមន៍ និងមិនទាន់មានអ្នកស្លាប់ដោយសារជំងឺមួយនេះ រហូតមកទល់ពេលនេះនៅឡើយ។
លោកស្រី ឱ វណ្ណឌីន បានសរសេរបន្តថា «នៅក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កម្ពុជា បានឆ្លងកាត់នូវដំណាក់កាលស្មុគស្មាញដែលមានហានិភ័យខ្ពស់នៃការចម្លងវីរុសកូវីដ-១៩ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងការគ្រប់គ្រងសភាពការណ៍បានល្អប្រសើរ ចំនួន ៤ព្រឹត្តិការណ៍ធំៗ គឺ ៖
១- ព្រឹត្តិការណ៍នៃការវិលត្រឡប់របស់បងប្អូនពលករកម្ពុជា ចូលមកក្នុងប្រទេសនៅពេលដែលកំពុងតែមានការរាតត្បាតខ្លាំងនៅបណ្ដាប្រទេសក្នុងតំបន់ និងនៅលើសាកលលោក
២- ព្រឹត្តិការណ៍នាវាខ្នាតយក្ស MS Westerdam ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ
៣- ការគ្រប់គ្រងអ្នកដំណើរមកពីក្រៅប្រទេស ក្នុងពេលដែលមានការគិតគូរដោយយកចិត្តទុកដាក់ក្នុងការសម្រួលឱ្យបងប្អូនខ្មែរដែលជាប់គាំងនៅក្រៅប្រទេស អាចបានវិលត្រឡប់មកកាន់ផ្ទះរបស់ខ្លួនវិញ និងតម្រូវការនៃអ្នកដំណើរផ្សេងៗទៀតចូលមកកាន់កម្ពុជា
៤- ព្រឹត្តិការណ៍ ៣វិច្ឆិកា កន្លងទៅនេះ។
ហេតុការណ៍ទាំងនេះ បានឆ្លុះបញ្ចាំងច្បាស់ណាស់ថា សម្ដេចតេជោ ហ៊ុន សែន ពិតជាកុលបុត្រខ្មែរដ៏ឆ្នើម និងពិតជាប្រមុខដឹកនាំដ៏ខ្លាំងក្លា ដែលមិនអាចខ្វះបាន របស់កម្ពុជា ជារៀងរហូត ទោះជានៅក្នុងកាលៈទេសៈណាក៏ដោយ បើមានសម្ដេចតេជោ ហ៊ុន សែន គឺកម្ពុជាឈ្នះ និងជម្នះបាននូវអ្វីៗទាំងអស់ មិនថាសត្រូវអត់ស្រមោល វីរុសកូវីដ-១៩ ទឹកជំនន់ ឬក៏ឧបសគ្គធំប៉ុនណាក៏ដោយ»។
លកស្រី ឱ វណ្ណឌីន សរសេរបន្តថា «ជាក់ស្តែង នៅក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ នៅកម្ពុជា ជាពិសេសតាមរយៈការដោះស្រាយនូវវិញ្ញាសាដ៏ស្មុគស្មាញទាំង៤ ខាងលើ និយាយជាទូទៅ និងនិយាយដោយឡែក វិញ្ញាសា «នាវាខ្នាតយក្ស MS Westerdam ចូលចតនៅកម្ពុជា» និង «ព្រឹត្តិការណ៍ ៣វិច្ឆិកា» បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសតូចតាចមួយនេះ ក្រោមកណ្ដាប់ដៃដែកថែបរបស់សម្ដេចតេជោ ហ៊ុន សែន គឺពិតជាមានសមត្ថភាពពេញលេញក្នុងការគ្រប់គ្រងស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវមួយនេះ បានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពល្អប្រសើរជាទីបំផុត ដែលធ្វើឱ្យប្រជាជនកម្ពុជា អាចចៀសផុតបាននូវការចម្លងក្នុងលក្ខណៈទ្រង់ទ្រាយធំ។
ហើយមិនត្រឹមតែសម្រាប់កម្ពុជា ប៉ុណ្ណោះទេ តែបេះដូងមនុស្សធម៌ដ៏ពិតប្រាកដ បង្កប់ដោយអត្ថន័យគោរពសិទ្ធិមនុស្ស ក្នុងការជួយដល់អ្នកដំណើរជាប់គាំងក្នុងនាវាខ្នាតយក្ស និងការផ្តល់ជាជំនួយសម្ភារៈ និងបរិក្ខារពេទ្យ ជួយដល់ប្រជាជនឡាវ សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ កន្លងមកនេះ បានបង្ហាញដល់សាធារណមតិ បណ្ដាប្រទេសនានា និងពិភពលោកទាំងមូលថា កម្រមានប្រទេសណាដែលគ្រប់គ្រងស្ថានការណ៍បានរហ័សលឿនទាន់ពេលវេលា និងកាត់ផ្តាច់បាននូវខ្សែចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេស បានឆាប់និងល្អប្រសើរដូចមេដឹកនាំកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នោះទេ។
ប្រទេសកម្ពុជា តូចតាចពិតមែន តែចិត្តទូលាយ ដែលមនុស្សគ្រប់រូប និងគ្រប់ជាតិសាសន៍អាចជ្រកកោនរស់នៅក្រោមការដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។ ប្រជាជនកម្ពុជា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានសង្គ្រោះប្រទេសជាតិ បានរួចចេញផុតពីសង្គ្រាមរ៉ាំរ៉ៃ និងពីសង្គ្រាមអត់សមោល នៃសត្រូវកូវីដ-១៩ ដែលធ្វើឱ្យប្រជាជនទូទៅ បានវិលត្រឡប់មករស់នៅសភាពធម្មតា តាមបែបគន្លងថ្មីនៃបរិបទបន្តប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩» ។
លោកស្រី ឱ វណ្ណឌីន បានសរសេរបន្តទៀតថា «គុណបំណាច់ដ៏ធំធេងនេះ គឺប្រជាជនកម្ពុជា មិនអាចបំភ្លេចបានឡើយ និងសូមគោរពជូនពរសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ចៅប្រុស ចៅស្រី ទាំងអស់ មានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន ស្ថិតនៅក្នុងបេះដូងប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា ជារៀតរហូតតទៅ ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។ ប្រជាជនកម្ពុជា ក៏សូមថ្លែងអំណរគុណដល់កងទ័ពអាវសទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត សម្រុកទៅមុខ ក្នុងការជួយពិនិត្យ ព្យាបាលជំងឺកូវីដ-១៩ និងការរុករកស្រាវជ្រាវរកអ្នកដែលប៉ះពាល់ រហូតទទួលបានលទ្ធផលល្អប្រសើរនេះផងដែរ ដែលជាការបង្ហាញថា កម្ពុជា មានមេដឹកនាំល្អ ពូកែ និងខ្លាំង ហើយក៏មានកូនទាហាន ប្រតិបត្តិល្អ រហ័ស និងប្រកបដោយសក្តានុពល វិជ្ជាជីវៈពិតប្រាកដ ក្នុងការប្រយុទ្ធជាមួយសត្រូវអត់ស្រមោល កូវីដ-១៩ នេះផងដែរ»៕