ភ្នំពេញ ៖ មន្ត្រីបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) លោកជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា ពួកប្រឆាំង នៃអតីតគណបក្សសង្គ្រោះជាតិ ចាញ់សម្តេចហ៊ុន សែន រហូតខ្លាចបាក់ស្បាត ឥឡូវបន្តខ្លាចចាញ់កូនប្រុសសម្តេច គឺលោកហ៊ុន ម៉ាណែត ទៀត។
លោកជា ច័ន្ទបរិបូរណ៍ បានសរសេរក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ថា “តើខុសទេ ដែលមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះក៏មានបុត្ររបស់សម្តេចតេជោ ឯ.ឧ ហ៊ុនម៉ាណែត ចុះជួយប្រជាជន ?
ក្រុមអតីតគណបក្សសង្រ្គោះជាតិ និងអ្នកឃ្លាំមើលសង្គម ជ្រុលនិយម បានលើកឡើងថា ៖
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងប្រើប្រាស់វិបត្តិកូវីដ-១៩ ដើម្បីលើកស្ទួយកូនប្រុសច្បង គឺលោកហ៊ុន ម៉ាណែត ឱ្យលេចធ្លោដើម្បីស្នងតំណែងនៅថ្ងៃមុខ។ ការអះអាងបែបនេះ គឺដោយសារលោកហ៊ុន ម៉ាណែត បានដើរតួយ៉ាងសកម្មជំនួសលោកហ៊ុន សែន ក្នុងការចុះជួបនិងចែកអំណោយដល់ពលរដ្ឋ ពេលលោកកំពុងធ្វើចត្តាឡឺស័កតាមដានសុខភាព។
វប្បធម៌ចុះជួយប្រជាជន ឬនិយាយមួយបែបទៀតថា រួមសុខរួមទុក្ខរបស់គណបក្សប្រជាជនកម្ពុជា វាគ្មានអ្វីចម្លែកឡើយ រហូតប្រជាជនលាន់មាត់ថា ពេលប្រជាជនមានទុក្ខ ឃើញតែមុខដដែលៗ ។
នេះជាការពិត ពួកអ្នកនយោបាយសញ្ជាតិពីរ ពេលប្រជាជនមានសុខ ពួកគេជិះយន្តហោះ ពាក់អាវធំ អមដោយកម្រងផ្កាពាក់ក ចុះមកខែងរ៉ែង ពេលខ្លះមានស្រីៗកំណាន់មកទទួលថែមទៀត រួចហើយវាយប្រហារមករាជរដ្ឋាភិបាល ដែលដឹកនាំប្រទេសតាំងពីបាទដៃទទេ រហូតដល់យើងមានអ្វីស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ហើយនៅពេលដែលប្រជាជនជួបទុក្ខ ពួកគេឡើងយន្តហោះទៅវិញ ដេកយ៉ាស្រណុក នៅប្រទេសទី២ របស់ពួកគេ (ពួកសញ្ជាតិ២)យ៉ាងរំភើយ”។
លោកជា ច័ន្ទបរិបូរណ៍ សរសេរបន្តថា “ជាក់ស្តែង នៅពេលពិភពលោកជួបវិបត្តិកូវីដ-១៩ ដោយឡែកកម្ពុជា ក៏ជួបដូចគ្នាប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ចូលរួមបរិច្ចាគថវិកាតាមលទ្ធភាពរៀងៗខ្លួន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធទប់ទល់នឹងជំងឺឆ្លងដ៏សាហាវនេះ ។
កូវីដ មិនទាន់ចប់ គ្រោះធម្មជាតិ ទឹកជំនន់ មកដល់ សកម្មភាពចុះជួយប្រជាជន មានសកម្មភាពយ៉ាងសកម្មគ្រប់រូបភាព រីឯក្រុមពួកអង្គុយថា នៅតែថា គ្មានខ្វល់នឹងសុខទុក្ខរបស់ប្រជាជនអ្វីបន្តិចឡើយ កុំថាដល់ទៅយកប្រាក់ 1$ មកចូលរួម សូម្បីតែពាក្យមួយឃ្លាសរសេរចូលរួមរំលែកទុក្ខជាមួយប្រជាជន ក៏ពួកគេមិនខ្វល់ឡើយ បើយើងនិយាយឲ្យចំតែម្តង គ្រាន់តែចូលក្នុងបង្គន់ កាន់ទូរស័ព្ទទៅជាមួយ សរសេរពាក្យមួយឃ្លា ក៏ពួកគេមិនធ្វើផង ហើយអង្គុយចាំតែច្រណែនិងឈ្នានីស”។
លោកជា ច័ន្ទបរិបូរណ៍ សរសេរបន្តទៀតថា “ចំពោះពាក្យដដែលៗ អំពីការផ្ទេរអំណាចទៅឯកឧត្តមហ៊ុន ម៉ាណែត បើទោះបីជាសម្តេចតេជោ បានបកស្រាយច្រើនលើកច្រើនសាយ៉ាងណាក៏ដោយ ។
ក៏ប៉ុន្តែ ឯកឧត្តម ហ៊ុន ម៉ាណែត នាពេលអនាគត ប្រសិនបើគណបក្សឯកភាព ហើយឆ្លងកាត់ការបោះឆ្នោតជាតិ ប្រជាជនគាំទ្រ ចាប់ពី 50% +1 នោះ ឯកឧត្តម ហ៊ុន ម៉ាណែត នឹងធ្វើជានាយករដ្ឋមន្រ្តី មានអ្វីខុស ។
សរុបមក ពួកនេះខ្លាចបាក់ស្បាត ចាញ់សម្តេចតេជោ ហើយបន្តខ្លាច និងចាញ់តេជោតូចទៀត”៕