ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អំណោយម៉ាសក៍ ២លាន និងសម្ភារ:វេជ្ជសាស្ត្រមួយចំនួន ជូនប្រទេសមីយ៉ាន់ម៉ារ (ភូមា) ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង កូវីដ-១៩។
ក្នុងសារលិខិត ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្ញើជូនលោកស្រី អោង សានស៊ូជី ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះារជាណាចក្រកម្ពុជា បានជម្រាបជូនលោកស្រី អោង សានស៊ូជី ថា «លោកជំទាវ ខ្ញុំសូមសម្តែងជាថ្មីម្តងទៀត នូវការអបអរសាទរដ៏ស្មោះស្ម័គ្រជូនលោកជំទាវ ចំពោះជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតសកលនៅមីយ៉ាន់ម៉ារ នាពេលថ្មីៗនេះដែលបានឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំពោរពេញដោយសមត្ថភាពរបស់លោកជំទាវ ក្នុងការដឹកនាំមីយ៉ាន់ម៉ារ ឆ្ពោះទៅរកភាពរីកចម្រើនដ៏ប្រសើរ ក្នុងកិច្ចផ្សះផ្សាជាតិ និងកសាងជាតិ។
ខ្ញុំក៏សូមអះអាងជាថ្មីនូវការប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកជំទាវ ក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់ ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងកាន់តែច្រើនថែមទៀត សម្រាប់ប្រទេសយើងទាំងពីរ និងវិបុលភាពដ៏ធំធេងសម្រាប់សហគមន៍អាស៊ាន»។
សារលិខិតសម្តេចហ៊ុន សែន បន្តថា «ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដ៏យូរអង្វែង ក៏ដូចជាការរួមដៃគ្នាជាមួយលោកជំទាវ ក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការការរីករាលដាលជំងឺកូវីដ-១៩ តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមធ្វើការបរិច្ចាគនូវម៉ាសក៍ ចំនួន ២ ០០០ ០០០ (ពីរលាន) និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ារ។
ទន្ទឹមនេះ ខ្ញុំចាត់តាំងឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាំយកអំណោយទាំងនេះ ទៅកាន់រដ្ឋធានីណៃពិដោរ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ តាមយន្តហោះពិសេស។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមនេះ ខ្ញុំមានជំនឿយ៉ាងមុតមាំថា យើងនឹងទទួលបាននូវជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ហើយយើងនឹងងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា»។
សូមលោកជំទាវ មេត្តាទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ និងសូមជូនពរលោកជំទាវ មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចដ៏ឧត្តុង្គឧត្តមបន្ថែមទៀត។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់អំណោយ រួមមាន ម៉ាសក៍ ចំនួន ២លាន ១សែន និងបរិក្ខារពេទ្យ សរុបចំនួន១២មុខ ជូនប្រទេសឡាវ ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផងដែរ ៕