ភ្នំពេញ ៖ អតីតសមាជិកសភាបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) បានហៅលោកម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី ថា “ឃ្មុំលាបង្គង” បន្ទាប់ពីលោកបានរួមគ្នាជាមួយគណបក្សខ្មែររួបរួមជាតិ និងគណបក្សខ្មែរតែមួយ បង្កើតសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ដែលបានប្រកាសដំណើរការជាផ្លូវការ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។
ជាមួយនេះ អតីតថ្នាក់ដឹកនាំនៃអតីតបក្សប្រឆាំង បានឆ្លើយតបទៅលោកម៉ម សូណង់ដូ ដែលបានប្រកាសថា ជំនាន់លោកសម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្រ្គោះជាតិ ត្រូវចប់ត្រឹមទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នោះថា មិនមែនលោកសម រង្ស៉ី ទេដែលចប់ជីវិតនយោបាយ ផ្ទុយទៅវិញ គឺលោកម៉ម សូណង់ដូ ទៅវិញទេដែលបានបញ្ចប់ជីវិតនយោបាយរបស់ខ្លួន ដោយសារទៅរណបបក្សកាន់អំណាច និងសម្តេចហ៊ុន សែន ។
លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប និងជាប្រធានគណៈកម្មការកិច្ចការព្រំដែន និងអន្តោប្រវេសន៍នៃអតីតគណបក្សសង្រ្គោះជាតិ បានបង្ហោះរូបលោកម៉ម សូណង់ដូ និងសំបុកឃ្មុំនៅលើបង្គងមែកឈើ នៅក្នុងគណនីនិងទំព័របណ្ដាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយសំណេរខ្លីថា “ឃ្មុំលាបង្គង“ ។
បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ លោកអ៊ុំ សំអាន បានបញ្ជាក់ប្រាប់ ”នគរធំ” នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ថា ការដែលលោកហៅលោកម៉ម សូណង់ដូ “ឃ្មុំលាបង្គង” ដោយសារលោកម៉ម សូណង់ដូ បោះបង់បង្គងរបស់គាត់ពីមុនហើយ ព្រោះពីមុនគាត់ធ្លាប់តែប្រឆាំងសម្ដេចហ៊ុន សែន ស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ តែឥឡូវនេះ គាត់សុំតែសុខ មិនការពារយុត្តិធម៌ ប្រជាពលរដ្ឋទន់ខ្សោយទៀតទេ គាត់ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ដែលតែងតាំងដោយសម្ដេចហ៊ុន សែន។
លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “លោកម៉ម សូណង់ដូ គាត់ចូលរួមបោះឆ្នោត គណបក្សរបស់គាត់ហ្នឹង ចូលរួមបោះឆ្នោត ៣ដង ហើយឆ្នាំ២០១៨ គាត់សាកចុងក្រោយ អាហ្នឹងបើសិនជាប្រជាពលរដ្ឋអត់គាំទ្រគាត់ទេ មានន័យថា គាត់អន់ចិត្ត គាត់ធ្វើប៉ុណ្ណឹងដែរ ប្រជាពលរដ្ឋមិនគាំទ្រគាត់ បោះឆ្នោតឲ្យគាត់បានកៅអី ។ ដូច្នេះគាត់បាក់ទឹកចិត្ត គាត់ខ្ជិល គាត់សុំមួយសុខ អ៊ីចឹងគាត់សុំចូលលោកហ៊ុន សែន ដើម្បីបានតំណែងជាឯកឧត្តម បានប្រាក់ខែ បានលុយកាក់ រស់នៅហ៊ឺហាអ៊ីចឹង ក្នុងជីវិតចុងក្រោយរបស់គាត់ ព្រោះគាត់ចាស់ហើយ ។
តាមពិត បើសិនជាគាត់មករស់នៅស្រុកបារាំង ឬក៏មិនចូលរបបហ៊ុន សែន ហ្នឹង កេរ្តិ៍ឈ្មោះរបស់គាត់ នៅតែមាន នៅពេលដែលគាត់ស្លាប់ទៅ ប៉ុន្តែដល់ចុងក្រោយគាត់ទៅចូលលោកហ៊ុន សែន អ៊ីចឹង អ្វីដែលគាត់ធ្លាប់ធ្វើពីមុនមក ទៅជាអសារបង់ទាំងអស់ ។ ហើយយើងមើលសកម្មភាពគាត់កន្លងមកនេះ ចុងក្រោយនេះ ហើយពេលគាត់សម្ភាសន៍តាមវិទ្យុអាស៊ីសេរី ដែលលោកជុន ច័ន្ទបុត្រ គាត់សម្ភាសន៍ហ្នឹង ឃើញទេ! គាត់ថា តុលាការអយុត្តិធម៌ហ្នឹង ទៅជាលោកសម រង្ស៊ី ទៅវិញទៅ ហើយតាមពិត អ្នកដឹកនាំរដ្ឋាភិបាល គឺលោកហ៊ុន សែន តើ! មានលោកសម រង្ស៊ី ឯណា អ៊ីចឹងលោកសម រង្ស៊ី ទៅជាប្ដូរប្រព័ន្ធយុត្តិធម៌ ឬក៏តុលាការនៅកម្ពុជា ម៉េចកើត ការកំណែទម្រង់របស់តុលាការ មានតែអ្នកដឹកនាំរដ្ឋាភិបាល ហើយដឹកនាំរដ្ឋាភិបាល មានតែហ៊ុន សែន ម៉េចទៅជាលោកសម រង្ស៊ី ធ្វើឲ្យតុលាការហ្នឹងរងនូវភាពអយុត្តិធម៌ចំពោះប្រជាពលរដ្ឋអីអ៊ីចឹងវិញ វាអត់ត្រូវ អ៊ីចឹងគាត់ការពារទង្វើរបស់លោកហ៊ុន សែន ដែលប្រព្រឹត្តចំពោះប្រជាពលរដ្ឋខែ្មរ ។
ដូច្នេះឃ្មុំលាបង្គង មានន័យថា លោកម៉ម សូណង់ដូ ហ្នឹង គាត់លាចេញពីឧត្តមគតិដើមរបស់គាត់ ដែលការពារយុត្តិធម៌ ការពារប្រជាពលរដ្ឋស្លួតត្រង់ ដែលប្រឆាំងលោកហ៊ុន សែន ពីមុនមកហ្នឹង គឺគាត់លាចេញពីអាហ្នឹង ទៅចូលលោកហ៊ុន សែន វិញ ។ អ៊ីចឹងមានន័យថា គាត់លាពីបង្គងចាស់របស់គាត់ហ្នឹង ទៅបង្គងថ្មី សុំតែសេចក្ដីសុខផ្ទាល់ខ្លួន លែងគិតពីប្រយោជន៍រួម ឬប្រយោជន៍របស់ជាតិ ឬប្រយោជន៍ប្រជាពលរដ្ឋទូទៅ ។ ដូច្នេះតម្លៃរបស់គាត់ អស់ត្រឹមហ្នឹងហើយ ទោះបីជាគាត់ធ្លាប់ជាប់គុក ពីរបីដងក៏ដោយ ក៏មនសិការរបស់គាត់ ឬក៏តម្លៃរបស់គាត់ ដែលគាត់ធ្លាប់ជាគុកហ្នឹង ក៏រលាយសូន្យទៅតាមហ្នឹងដែរ ។
អាហ្នឹងវាសំខាន់ណាស់ បើសិនជាយើងរក្សាឧត្តមគតិ ជំហររបស់យើងដដែល គឺតម្លៃរបស់គាត់ នៅតែមានអ៊ីចឹងឯង ប៉ុន្តែដល់គាត់ទៅចូលលោកហ៊ុន សែន អ៊ីចឹងអ្វីដែលគាត់ធ្វើពីមុនមក តម្លៃរបស់គាត់ដែលគាត់ធ្លាប់ជាប់ពន្ធនាគារអីហ្នឹង ទៅជាអត់ន័យសោះតែម្ដង ទៅជាអសារបង់តែម្ដងអាហ្នឹង”។
លោកអ៊ុំ សំអាន បន្តថា “សម្រាប់អនាគតនយោបាយរបស់គាត់ហ្នឹង គឺចប់ត្រឹមហ្នឹងហើយ ព្រោះគាត់ចូលជាមួយលោកហ៊ុន សែន ហើយហ្នឹង ទៅរណបលោកហ៊ុន សែន ហើយហ្នឹង គាត់គ្រោងនឹងបង្កើតសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរហ្នឹង គឺគណបក្សទាំង ៣ហ្នឹង គឺជាគណបក្សដែលស្ថិតក្នុងក្រុមឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ដែលតែងតាំងដោយលោកហ៊ុន សែន ។ អ៊ីចឹងសម្ព័ន្ធភាពហ្នឹង គឺដើរតាមតែនយោបាយលោកហ៊ុន សែន ដើរតាមតែនយោបាយគណបក្សប្រជាជនហ្នឹងឯង គឺសម្ព័ន្ធភាពហ្នឹង គ្មានហ៊ានរិះគន់ ឬក៏កែលម្អរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន នោះទេ ព្រោះខ្លាចបាត់តំណែង ព្រោះសព្វថ្ងៃនេះ គឺគណបក្សទាំង ៣ហ្នឹង គឺគាត់ធ្វើសកម្មភាពដើម្បីតែរក្សាតួនាទីឯកឧត្តមរបស់គាត់ ហើយនិងដើម្បីបានលាភសក្ការៈ ប្រាក់ខែ បុណ្យស័ក្ដិហ្នឹងតើ! មិនមែនដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងផលប្រយោជន៍ជាតិឯណា ។ដូច្នេះការដែលគាត់ថា មិនមែនគណបក្សប្រឆាំង មានន័យថា គណបក្សស្របហើយ ។
គណបក្សស្រប គឺគណបក្សប្រជាជនហើយ ធម្មតាប្រជាពលរដ្ឋ គេមានជម្រើសពីរ ទី១ គេបោះឆ្នោតឲ្យគណបក្សប្រជាជន ទី២ គេបោះឆ្នោតឲ្យគណបក្សប្រឆាំង ហើយបើអត់មានគណបក្សប្រឆាំងហ្នឹង ធ្វើម៉េចគេបោះឆ្នោតឲ្យ? គេបោះឆ្នោតឲ្យគណបក្សប្រជាជន មិនល្អជាង? ព្រោះបក្សហ្នឹងជាបក្សរណបគណបក្សប្រជាជនហ្នឹង ហើយសម្ព័ន្ធអ្នកប្រជាធិបតេយ្យហ្នឹង នឹងមិនបានទទួលការគាំទ្រ ឬការចាប់អារម្មណ៍ពីប្រជាពលរដ្ឋនោះទេ ហើយយើងបោះឆ្នោត ២០១៨ កន្លងមក មានបានទទួលកៅអីឯណានៅក្នុងរដ្ឋសភា ដូច្នេះក្នុងពេលអនាគត ក៏អត់បានទទួលកៅអី ឬក៏ទទួលការគាំទ្រពីប្រជាពលរដ្ឋនោះដែរ ។
ដូច្នេះសម្ព័ន្ធភាពដែលគ្រោងនឹងបង្កើតឡើងហ្នឹង មិនមែនជាអ្នកប្រជាធិបតេយ្យ ហើយក៏មិនមែនជាគណបក្សប្រឆាំងពិតប្រាកដដែរ ។ គណបក្សប្រឆាំងពិតប្រាកដ គឺគណបក្សសង្រ្គោះជាតិ មានតែគណបក្សសង្រ្គោះជាតិ មួយគត់ ដែលអាចជាគូប្រកួតប្រជែងជាមួយគណបក្សប្រជាជន ដែលនឹងអាចយកឈ្នះគណបក្សប្រជាជនកម្ពុជា បាន ។ ចំណែកគណបក្សទាំង៣ ដែលស្ថិតក្នុងសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យហ្នឹង មិនអាចប្រកួតប្រជែង ក៏មិនអាចយកឈ្នះគណបក្សប្រជាជនកម្ពុជា បានដែរ ។
គណបក្សទាំង៣ហ្នឹង គ្រាន់តែជាគណបក្សរណបគណបក្សប្រជាជន តែប៉ុណ្ណោះឯង ព្រោះយើងដឹងហើយ ប្រធាន អនុប្រធានគណបក្សទាំង៣ហ្នឹង គឺស្ថិតនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ទាំងអស់ ហើយឧត្តមក្រុមប្រឹក្សាហ្នឹង គឺតែងតាំងដោយលោកហ៊ុន សែន ។
អ៊ីចឹងបើសិនជាគាត់ហ៊ានតែប្រឆាំងលោកហ៊ុន សែន ឬប្រឆាំងគណបក្សប្រជាជន ឬប្រឆាំងរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន គឺប្រាកដជាដកតំណែងដូចប្រធានគណបក្សខ្មែរក្រោក អ៊ីចឹងឯង ដោយសារប្រធានគណបក្សខ្មែរក្រោក ហ្នឹង លោកតវ៉ារឿងព្រៃឈើ រឿងដីធ្លី រឿងអយុត្តិធម៌អី គឺដកតំណែង ។
អ៊ីចឹងបើសិនជាមើលគំរូហ្នឹង លោកម៉ម សូណង់ដូ គាត់ធ្លាប់និយាយហើយ គាត់ព្រួយបារម្ភខ្លាចមានវាសនាដូចប្រធានគណបក្សខ្មែរក្រោក ខ្លាចលោកហ៊ុន សែន ដកតំណែងដូចប្រធានគណបក្សខ្មែរក្រោក ។ អ៊ីចឹងគាត់អត់ហ៊ានប្រឆាំងទេ អីក៏ស្របដែរ ដូច្នេះបានសេចក្ដីថា គណបក្សទាំង៣ហ្នឹង សុំតែសុខ សុំតែបានតំណែង ងារជាឯកឧត្តមតែប៉ុណ្ណឹងឯង”។
លោកអ៊ុំ សំអាន បន្តទៀតថា “នៅស្រុកខ្មែរ គេបោះឆ្នោតឲ្យគណបក្សប្រឆាំង និងគណបក្សដឹកនាំរដ្ឋាភិបាល ដូចគណបក្សប្រជាជន អ៊ីចឹង ហើយបើមិនមានគណបក្សប្រឆាំង មិនអាចជោគជ័យបានទេ យើងមើលគណបក្សអ៊ឹង ហួត កាលបង្កើតឡើង គាត់នៅកណ្ដាលគណបក្សដែលរណបហ៊ុន សែន មានបានសំឡេងអី ទោះបីមានបញ្ញវន្តជាច្រើនចូលរួមជាមួយគាត់ក៏ដោយ យើងឃើញជាក់ស្ដែងអ៊ីចឹង។
នៅលើពិភពលោក ប្រទេសណាក៏ដូចប្រទេសណាដែរ គេបោះឆ្នោតឲ្យតែគណបក្សដែលដឹកនាំរដ្ឋាភិបាល ហើយនិងគណបក្សប្រឆាំង តែប៉ុណ្ណោះឯង គេមិនដែលបោះឆ្នោតឲ្យគណបក្សផ្សេងជាប់ទេ ហើយគាត់ថា គណបក្សប្រឆាំង នឹងចប់ហ្នឹង តាមពិតមិនមែនគណបក្សប្រឆាំង គណបក្សសង្រ្គោះជាតិ ហ្នឹងចប់នោះទេ អ្នកដែលចប់ហ្នឹង គឺសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យរបស់គាត់ហ្នឹងឯងចប់នោះ ព្រោះលោកម៉ម សូណង់ដូ ហ្នឹង នឹងបញ្ចប់ជីវិតនយោបាយរបស់គាត់ហើយ ដោយសារគាត់រណបលោកហ៊ុន សែន ហើយសម្ព័ន្ធអ្នកប្រជាធិបតេយ្យរបស់គាត់ហ្នឹង មិនមែនជាគណបក្សប្រឆាំងពិតប្រាកដទេ ដល់គណបក្សសង្រ្គោះជាតិ បានជាគណបក្សប្រឆាំងពិតប្រាកដ ហើយមានតែគណបក្សសង្រ្គោះជាតិ ទេដែលមានការទទួលការគាំទ្រពីប្រជាពលរដ្ឋ ហើយនិងពីសហគមន៍អន្តរជាតិ បើគណបក្សគាត់ទាំង៣ហ្នឹង ស្ថិតក្នុងសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យហ្នឹង គឺអត់មានការគាំទ្រពីប្រជាពលរដ្ឋ ហើយក៏អត់មានការគាំទ្រពីសហគមន៍អន្តរជាតិដែរ ។
អ៊ីចឹងបានលោកហ៊ុន សែន បន្ទាប់ពីបោះឆ្នោតឆ្នាំ២០១៨ហើយ គាត់យល់ថា យកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ហ្នឹង ទៅធ្វើជាគណបក្សប្រឆាំង ក្រែងបានទទួលការគាំទ្រពីសហគមន៍អន្តរជាតិ ប៉ុន្តែចុងក្រោយ គេមានគាំទ្រឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ហ្នឹងឯណា ផ្ទុយទៅវិញ សហគមន៍អន្តរជាតិ គេនៅតែទទួលស្គាល់គណបក្សសង្រ្គោះជាតិ ជាគណបក្សប្រឆាំង ។
អ៊ីចឹងបានលោកហ៊ុន សែន មានប្រសាសន៍កន្លងមកថា នៅអាណត្តិក្រោយ គាត់ឈប់តែងតាំងឧត្តមក្រុមប្រឹក្សា ឈប់ឲ្យមានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ហ្នឹងទៀតហើយ គាត់ចង់សំដៅថា ឧត្តមក្រុមប្រឹក្សាហ្នឹង វាអត់មានប្រយោជន៍ ទោះគាត់ខំបង្កើតឡើងដើម្បីបន្លំភ្នែកប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិ គេមិនជឿគាត់ទេ អ៊ីចឹងគាត់មើលទៅអត់មានប្រយោជន៍សម្រាប់គាត់នោះទេ គេមិនជឿគាត់ផង អ៊ីចឹងគាត់លែងឲ្យមានឧត្តមក្រុមប្រឹក្សាហ្នឹងទៀតហើយនៅពេលអាណត្តិក្រោយ ។
អ៊ីចឹងលោកម៉ម សូណង់ដូ ហ្នឹង អាណត្តិក្រោយហ្នឹង លែងបានតំណែងហ្នឹងទៀតហើយ អ៊ីចឹងជម្រើសចុងក្រោយ បើចង់បានតំណែងទៀត មានតែចូលគណបក្សប្រជាជន ដោយផ្ទាល់តែម្ដង អាហ្នឹងអ៊ីចឹងឯង គាត់ទៅសុំសោយសុខលើគំនរមាសប្រាក់ ហើយនិងបុណ្យស័ក្ដិអំណាច ដែលលោកហ៊ុន សែន គាត់បន្តក់ឲ្យហ្នឹង ។ ដូច្នេះនេះឲ្យខ្លីទៅ គឺលោកម៉ម សូណង់ដូ គាត់បានបញ្ចប់ជីវិតនយោបាយរបស់គាត់ហើយ ដោយសារគាត់ទៅរណបលោកហ៊ុន សែន គ្មានអ្នកណាគាំទ្រគាត់ទៀតទេ”។
ដោយឡែកលោកប៉ាង សុខឿន អនុប្រធានគណៈកម្មការកិច្ចការព្រំដែន និងអន្តោប្រវេសន៍ នៃអតីតគណបក្សសង្រ្គោះជាតិ ក៏បានបង្ហោះរូបភាពលោកម៉ម សូណង់ដូ នៅក្រោមសំបុកឃ្មុំដែលមានខោខូវប៊យ ជាបង្គង នៅក្នុងគណនីបណ្ដាញសង្គមហ្វេសប៊ុក របស់លោក នៅទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងន័យប្រមាថលោកម៉ម សូណង់ដូ ជាមួយសំណេរថា “ឃ្មុំព្រាត់ព្រឹក្សា តោងខោដូចស្វា យកជាសំបុក ក្រោមពងស្អុយឆ្អាប ឃ្មុំនៅសំកុកឲ្យតែបានសុខ ឃ្មុំអត់ខ្វល់ព្រៃ”។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសណ្ឋាគារ ហ៊ិម៉ាវ៉ារី រាជធានីភ្នំពេញ សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ (ស.ប.ខ) ឬជាភាសាអង់គ្លេសថា The Alliance of Khmer Democrats (A.K.D) ដែលបានបង្កើតឡើងដោយគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ របស់លោកម៉ម សូណង់ដូ, គណបក្សខ្មែររួបរួមជាតិ របស់លោកញឹក ប៊ុនឆៃ និងគណបក្សខ្មែរតែមួយ របស់លោកកែម រិទ្ធិសិត បានធ្វើសន្និសីទសារព័ត៌មាន ដើម្បីជម្រាបជូនពីវត្ថុបំណងរបស់សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ និងប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ ។
ជុំវិញការបង្កើតសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ នេះ ក្នុងបទសម្ភាសន៍ជាមួយ ”នគរធំ” កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោកម៉ម សូណង់ដូ ក្នុងនាមជាប្រធានសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ បានប្រកាសថា ជំនាន់លោកសម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្រ្គោះជាតិ ត្រូវចប់នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាថ្ងៃសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ធ្វើសន្និសីទសារព័ត៌មាន ប្រកាសដំណើរការជាផ្លូវការ។
លោកម៉ម សូណង់ដូ បានមានប្រសាសន៍នៅពេលនោះថា “សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរហ្នឹង មិនមែនគណបក្សប្រឆាំងទេ ។ ដូច្នេះគោលជំហររបស់យើង មិនមែនដូចសម រង្ស៊ី មានសែន អត់ស៊ី មានស៊ី អត់សែន អត់ដូចគ្នាទេ យើងត្រូវបញ្ចប់អាស៊ីសាច់ហុតឈាមគ្នា ចាប់តាំងពីថ្ងៃ២៥ វិច្ឆិកា នេះទៅ ។ បញ្ចប់យ៉ាងម៉េច? គឺខ្ញុំមិនមែនគណបក្សប្រឆាំងទេ គណបក្សប្រកួតប្រជែង បានសេចក្ដីថា សម រង្ស៊ី គេថា “មានស៊ី អត់សែន មានសែន អត់ស៊ី” គឺខ្ញុំ «”មានសែន មានសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ” នៅជាមួយ មិនមែនសហការគ្នាទេ ដើម្បប្រកួតប្រជែងគ្នា ។ ខ្ញុំយកឧទាហរណ៍ បើសិនជាគណបក្សហ៊ុន សែន ធ្វើបាន១០ ត្រូវខ្ញុំខំធ្វើយ៉ាងដូចម្ដេចឲ្យបាន ១៥ ។
ហើយគេតែងចោលប្រកាន់ថា ខ្ញុំអត់មានសមាជិកអីច្រើន ទទួលស្គាល់ អាហ្នឹងជាការធម្មតាទេ បើអត់មានសមាជិកច្រើនគេទទួលស្គាល់ ខ្ញុំត្រូវធ្វើយ៉ាងម៉េចឲ្យគេទទួលស្គាល់ខ្ញុំ ពីព្រោះខ្ញុំមាននយោបាយមួយថ្មី ឆន្ទៈមួយថ្មី ដែលយកជាតិជាធំ សន្តិភាពជាធំ ហើយនិងយុវជនជាធំ ហើយអត់មានកាប់ចាក់គ្នាទៀតទេ ឈប់ហើយ គឺពួកយើងប្រកួតប្រជែងដោយយកយុត្តិធម៌សង្គមជាធំ យកពាក្យប្រជាធិបតេយ្យពហុបក្សហ្នឹងជាធំ ហើយនិងសុចរិតយុត្តិធម៌នៅក្នុងសង្គមហ្នឹងជាធំ ហើយយើងប្រកួតប្រជែង ប៉ុន្តែយើងប្រកួតប្រជែងក្នុងនយោបាយរួមគ្នាអភិវឌ្ឍប្រទេសជាតិ ប៉ុន្តែយើងមិនមែនសហការ គប់គិតគ្នា ដើម្បីជាន់កប្រជាពលរដ្ឋ វាទៅអត់រួច ។
ដូច្នេះយើងឃើញផ្លូវមួយហ្នឹងគត់ ដែលអាចដូរទំនៀមទម្លាប់អាក្រក់ ទៅជាទំនៀមទម្លាប់ល្អ ទំនៀមទម្លាប់ដែលថា “ទឹកឡើង ត្រីស៊ីស្រមោច ទឹកហោច ស្រមោចស៊ីត្រី” គឺអត់មានអ៊ីចឹងទៀតទេ ហើយគណបក្សប្រឆាំង ក៏អត់មានដែរ មានតែគណបក្សប្រកួតប្រជែង”។
លោកម៉ម សូណង់ដូ បន្តថា “ដូច្នេះយើងចាត់ទុកថា ដូចស្រមោលរបស់រាជរដ្ឋាភិបាលអ៊ីចឹង គឺរាជរដ្ឋាភិបាល ទៅណា មានសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ នៅជិតហ្នឹង ដើម្បីសម្លឹងមើល តើនីតិប្រតិបត្តិហ្នឹង យកច្បាប់ទៅអនុវត្តបានត្រឹមត្រូវទេ ហើយរដ្ឋាភិបាល មានគោលនយោបាយមួយរបស់គេ ហើយយើងត្រូវសង្កេតមើល តើគ្រប់គោលនយោបាយដែលគាត់បង្កើតហ្នឹង តើគាត់មានគោរពទេ? គាត់មានយកទៅអនុវត្តទេ? ឬក៏គ្រាន់តែធ្វើសម្រាប់បោកប្រាស់គេ? នេះគឺជាសកម្មភាពដ៏ល្អមួយ ដ៏ថ្មីមួយ ជាក់ស្ដែងមួយ ដើម្បីផ្លាស់ប្ដូរនយោបាយ “ទឹកឡើង ត្រីស៊ីស្រមោច ទឹកហោច ស្រមោចស៊ីត្រី” ។
ចាំមើលថ្ងៃ២៥ ទៅ ខ្ញុំនឹងនិយាយអ្វីថ្មីៗថែមទៀត ដែលជាចំណុចសំខាន់ដែលអ្នកនយោបាយមិនដែលឮ យើងឮតែអាកាប់ចាក់គ្នា បើយើងគាំទ្រហ៊ុន សែន ពេក បើយើងគាំទ្ររដ្ឋាភិបាលពេក យើងធ្វើម៉េចបានសន្លឹកឆ្នោត? ទាំងអស់គ្នាគិតអ៊ីចឹង ប៉ុន្តែខ្ញុំថា បើសិនយើងបានសន្លឹកឆ្នោត ដោយវប្បធម៌លាបពណ៌ ហើយបើសិនជាយើងជាប់មែន ប៉ុន្តែសម្ដេច មិនឲ្យអំណាចមកយើង តើអាណាធ្វើក្បាលអីសម្ដេច? អាហ្នឹងមានគិតទេ? ហើយគិតតែពីកាប់ចាក់គ្នារហូតអ៊ីចឹងទៅ?
អាកាប់ចាក់គ្នាហ្នឹង ជាគំរូអាក្រក់ ឲ្យតែអ្នកចាប់ផ្ដើមធ្វើនយោបាយ គឺត្រូវតែយកហ៊ុន សែន ជាសត្រូវ ។ ខ្ញុំអត់យកហ៊ុន សែន ជាសត្រូវទេ ខ្ញុំយកអ្នកនយោបាយណាល្អ ខ្ញុំថាល្អ អាក្រក់ ខ្ញុំថាអាក្រក់ ប៉ុន្តែឲ្យយកអ្នកនយោបាយដូចគ្នាជាសត្រូវ អត់យក ប៉ុន្តែក៏អត់មានគប់គិតគ្នាដែរ យកជាតិជាធំ សន្តិភាពជាធំ ហើយនិងអនាគតសម្រាប់យុវជនជាធំ ប៉ុណ្ណឹង ស្រួលស្ដាប់ ស្រូលយល់…” ៕ កុលបុត្រ