ខេត្តមណ្ឌលគិរី ៖ លោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ខណះបន្តដំណើរទៅដល់ខេត្តមណ្ឌលគិរី នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោកបានលើកឡើងេពីចំណាប់អារម្មណ៍របស់លោក ចំពោះសក្តានុពលកសិកម្មនិងទេសចរណ៍ធម្មជាតិ និងបម្រែបម្រួលជីវភាពរស់នៅរបស់ជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី ។
លោកកឹម សុខា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ថា «រសៀលម្សិលមិញ យើងខ្ញុំបានចេញពីខេត្តរតនគិរី មកដល់ខេត្តមណ្ឌលគិរី គឺជាខេត្តចុងក្រោយនៃភូមិភាគឦសាន ហើយនៅខេត្តនេះ ដោយសហគមន៍ជនជាតិដើមភាគតិច នៅភូមិដាច់ស្រយាល បានផ្តល់ព័ត៌មានថា ពួកគាត់ខ្វះអណ្តូងទឹកស្អាត ដើម្បីទទួលទាន និងប្រើប្រាស់ ខ្ញុំក៏បានព្យាយាមធ្វើដំណើរចូលយ៉ាងជ្រៅ តាមផ្លូវលំបាក ដើម្បីបានជួបផ្ទាល់ និងផ្តល់អណ្តូងទឹក ជូនសហគមន៍គាត់ និងឆ្លៀតឱកាសមើលចម្ការគ្រួសាររបស់ពួកគាត់ ដូចជាចម្ការកាហ្វេ តែ ប៊័រ ក្រូចវល្លិ មង្ឃុត ទុរេន ជាដើម»។
លោកកឹម សុខា បានសរសេរបន្តថា «ដោយបានជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ និងមានការចង្អុលបង្ហាញពីអ្នកជំនាញកសិកម្ម សេដ្ឋកិច្ច និងសហគមន៍ផង ក្នុងដំណើរមកកាន់ភូមិភាគឦសាននេះ ខ្ញុំមានការចាប់អារម្មណ៍អំពីសក្តានុពលវិស័យកសិកម្ម ទេសចរណ៍ធម្មជាតិ និងបម្រែបម្រួលជីវភាពរស់នៅរបស់ជនជាតិដើមភាគតិច»។
សូមបញ្ជាក់ដែរថា មុនធ្វើដំណើរទៅដល់ខេត្តមណ្ឌលគិរីនេះ លោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ បានបន្តចុះចែកអំណោយស្រូវពូជ និងស្បៀង ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី ហើយកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោកកឹម សុខា បានចែកអំណោយ សៀវភៅសរសេរ ប៊ិក ខ្មៅដៃ សាប៊ូដុំ និងម៉ាសក៍ ជូនដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាគងយុ ស្ថិតនៅក្នុងឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ហើយក្នុងឱកាសនោះ ដោយមានសំណូមពរពីលោកគ្រូអ្នកគ្រូ លោកក៏បានជួយសង់ខ្លោងទ្វារសាលារៀននោះ និងទោងដែក សម្រាប់កុមារជិះលេងផងដែរ៕