ភ្នំពេញ ៖ ថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ (អតីតបក្សប្រឆាំង) នៅក្រៅប្រទេស ក្រុមលោកសម រង្ស៊ី បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា ថ្នាក់ដឹកនាំ និងសកម្មជនអតីតគណបក្សសង្រ្គោះជាតិ ដែលមានឈ្មោះក្នុងដីកាកោះរបស់តុលាការ ហើយដែលកំពុងរស់នៅនិរទេសក្រៅប្រទេស សម្រេចវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជា វិញ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ ។
សេចក្ដីប្រកាសព័ត៌មាន របស់អតីតគណបក្សសង្រ្គោះជាតិ ចុះថ្ងៃអង្គារ ១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ មានខ្លឹមសារថា “គណបក្សសង្រ្គោះជាតិ សូមជម្រាបជូនសាធារណមតិជាតិនិងអន្តរជាតិ ឲ្យបានជ្រាបថា កាលពីថ្ងៃទី២៧-២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២០ គណបក្សសង្រ្គោះជាតិ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ក្រុមអ្នកតំណាងរាស្រ្ត និងថ្នាក់ដឹកនាំសាខាគណបក្សសង្រ្គោះជាតិ ក្រៅប្រទេស តាមប្រព័ន្ធវីដេអូ (Video Conference) ដើម្បីពិភាក្សានិងវាយតម្លៃស្ថានការណ៍នយោបាយបច្ចុប្បន្ននៅប្រទេសកម្ពុជា ហើយនិងកំណត់កាលបរិច្ឆេទ និងរៀបចំដំណើរមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ នៅឆ្នាំ២០២១ ។
ជាលទ្ធផល អង្គប្រជុំបានឯកភាពគ្នា និងសម្រេច ដូចតទៅ ៖
-ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្រ្គោះជាតិ ដែលមានឈ្មោះក្នុងដីកាកោះរបស់តុលាការក្រុងភ្នំពេញ ហើយដែលកំពុងរស់នៅនិរទេសក្រៅប្រទេស ត្រូវវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជា វិញ ។
-លោកជំទាវ មួរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ នឹងដឹកនាំថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្រ្គោះជាតិ ធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកម្ពុជា វិញ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ។
អាស្រ័យដួចបានជម្រាបជូនខាងលើ សូមសាធារណមតិជាតិនិងអន្តរជាតិ ជា្របជាព័ត៌មាន“ ។
អតីតមន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ លោកសោ ចាន់ដេត បានបញ្ជាក់ប្រាប់ «នគរធំ» នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ថា អាចថា នេះជាដំណើរមាតុភូមិនិវត្តន៍ថ្មីក៏ថាបាន ឬថាជាការចូលទៅអនុវត្តន៍នីតិវិធីរបស់តុលាការ ប៉ុន្តែលោកចាត់ទុកថា ជាមាតុភូមិនិវត្តន៍ ដោយសារការចូលទៅនេះ ពួកលោកអត់មានបំណងវិលមកក្រៅវិញទេ គឺបន្តនៅស្រុកខ្មែរ រហូតតែម្ដង ដើម្បីរួមគ្នាដោះស្រាយបញ្ហាជាតិធំៗ ។
លោកសោ ចាន់ដេត បានមានប្រសាសន៍ថា “យើងបានសម្រេចជាគោលការណ៍ផ្ទៃក្នុងគណបក្សយើង គឺមិនថាតែថ្នាក់ដឹកនាំជាន់ខ្ពស់ទេ សកម្មជនក៏ដោយ អ្នកណាក៏ដោយ ឲ្យតែមានជាប់បណ្ដឹងតុលាការគេកោះហៅ ត្រូវតែចូលទៅ ដើម្បីតតាំងតាមផ្លូវច្បាប់ មិនមែនចូលទៅដើម្បីបង្កើតចលនាអីទេ គឺចូលទៅតាមការកោះហៅរបស់តុលាការ ទោះបីយើងយល់ថា តុលាការហ្នឹងវាមិនបានប្រើនីតិវិធីច្បាប់ក៏ដោយ ក៏ប៉ុន្តែយើងត្រូវតែទៅតតាំង ឆ្លើយឆ្លងទៅតុលាការ។
នេះជាការធ្វើដំណើរមាតុភូមិនិវត្តន៍របស់យើង ថ្ងៃទី០៤ ដែលដឹកនាំដោយលោកជំទាវ មួរ សុខហួរ ហ្នឹង គឺគោលជំហរយើងបែបហ្នឹង ហើយយើងអត់មានអីដែលត្រូវថា រាំងស្ទះ ឬមួយត្រូវក្រុមលោកហ៊ុន សែន មិនឲ្យយើងចូលទេ ព្រោះយើងមិនមែនចូលទៅក្នុងន័យអីទេ យើងចូលទៅតាមការកោះអញ្ជើញរបស់តុលាការ អាហ្នឹងអ៊ីចឹង ។
ក្នុងចំណុចនេះ ទាក់ទងលិខិតឆ្លងដែន ពេលហ្នឹងអត់មាន ក៏យើងត្រូវរកវិធីសាស្រ្តជជែកជាមួយប្រទេសដែលជាមិត្តមួយចំនួន ដើម្បីឲ្យគេជួយពន្យល់លោកហ៊ុន សែន ថាអ្វីដែលយើងចូលទៅនេះ មិនមែនចូលទៅក្នុងធ្វើសកម្មភាព ឬមួយបង្កើតព្រឹត្តិការណ៍អីទេ គឺយើងចូលទៅ ដើម្បីតតាំងផ្លូវច្បាប់ ដែលតុលាការរបស់គាត់កោះហៅយើង ។ អ៊ីចឹងវាអត់មានអីត្រូវថា វារាំងស្ទះ ហើយវាត្រួវតែឃាត់មិនឲ្យយើងចូលទេ ។
ខ្ញុំជឿជាក់ថា ដំណើរមាតុភូមិនិវត្តន៍ ដឹកនាំដោយលោកជំទាវ មួរ សុខហួរ ថ្ងៃទី០៤ មករា ឆ្នាំ២០២១ ខាងមុខនេះ នឹងទទួលបានជោគជ័យ ព្រោះអ្វីដែលយើងចូលទៅ គឺចូលទៅតាមដីការបស់តុលាការ ហើយយើងពុំមានចូលទៅដើម្បីបង្កហេតុអ្វី ក្រៅពីការតតាំងគ្នាតាមផ្លូវច្បាប់ទេ ព្រោះលោកហ៊ុន សែន ខ្លួនឯងក៏គាត់បាននិយាយដែរ គឺថា ការនិយាយកិច្ចការអី គឺក្រោយពីចប់នីតិវិធីតុលាការ ឥឡូវយើងត្រូវទៅតាមហ្នឹង យើងទៅតាមអ្វីដែលថា យើងត្រូវបញ្ចប់នីតិវិធីតុលាការ ។ តុលាការ ត្រូវឲ្យយើងជាប់គុក យើងក៏សុខចិត្តជាប់ដែរ អ៊ីចឹងអត់មានអីដែលថាត្រូវរាំងស្ទះទេ”។
លោកសោ ចាន់ដេត បន្តថា “ទាំងអស់ហ្នឹង វាមិនតិចជាង ៥០រូបទេ ទាំងសកម្មជនផង ទាំងអីផង គឺអ្នកដែលជាប់បណ្ដឹង និយាយទៅ ក្នុងចំណោមជាង ១០០នាក់ហ្នឹង ជាងពាក់កណ្ដាល រស់នៅខាងក្រៅស្រុកទៅហើយ ។ អ៊ីចឹងយើងត្រូវតែចូលទៅប្រឈមជាមួយតុលាការ ដើម្បីអនុវត្តនីតិវិធីតុលាការ ដើម្បីយើងឆាប់បញ្ចប់បរិយាកាសនយោបាយស្រុកខ្មែរ ។ កាលណាយើងទុកអ៊ីចឹង គឺស្លាប់ប្រជាពលរដ្ឋយើង ងាយរងគ្រោះជាងយើង អ៊ីចឹងយើងត្រូវតែចូលបញ្ចប់នីតិវិធីហ្នឹង ។
ដូច្នេះខ្ញុំថា អត់ឃើញសញ្ញាអីដែលថា មិនឲ្យចូលទេ ព្រោះយើងចូលនេះ ចូលតាមការកោះហៅរបស់គាត់ វាអត់មានរឿងអីដែលត្រូវថា មិនឲ្យចូលទេ ហើយបើគាត់មិនឲ្យចូល ខ្ញុំជឿជាក់ថា មហាជន ហើយនិងបណ្ដាប្រទេសប្រជាធិបតេយ្យ ពិសេសសមាជិកហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក៏គេពិចារណាកិច្ចការអស់ហ្នឹង ប្រជាធិបតេយ្យស្រុកខ្មែរ គឺវាស្លាប់ទាំងស្រុង ហើយហ៊ុន សែន ស្រែកថា នីតិរដ្ឋរបស់គាត់នោះ នីតិរដ្ឋស្អី ឥឡូវយើងហៅឡើងតុលាការ យើងមិនបើកផ្លូវឲ្យគេទៅអនុវត្តច្បាប់ហ្នឹងទៅ នីតិវិធីរបស់យើងទៅ អាហ្នឹងវាអត់មានអីត្រូវថា ចូលមិនបានទេ យើងចូលបាន ។
ដូច្នេះនេះយើងថា ដំណើរមាតុភូមិនិវត្តន៍ថ្មីក៏ថាបាន ឬថាជាការចូលទៅអនុវត្តន៍នីតិវិធីរបស់តុលាការ ប៉ុន្តែយើងចាត់ទុកថា ជាមាតុភូមិនិវត្តន៍ ដោយសារយើងចូលទៅនេះ យើងអត់មានបំណងវិលមកក្រៅវិញទេ គឺយើងនៅហ្នឹងរហូត ទោះបីជាដល់សេចក្ដីសម្រេចរបស់តុលាការ គេត្រូវឲ្យយើងជាប់គុក ក៏យើងនៅហ្នឹង ចេញពីគុក ក៏យើងនៅហ្នឹង យើងលែងចេញមកក្រៅហើយ អ៊ីចឹងវាចាត់ទុកជាមាតុភូមិនិវត្តន៍របស់យើងហើយ ព្រោះយើងអត់វិលមកវិញ មិនមែនទៅបំពេញតែនីតិវិធីតុលាការហើយ យើងត្រឡប់មកវិញទេ គឺយើងទាំងអស់គ្នា នៅក្នុងស្រុកខ្មែរយើងរហូតតែម្ដង ដើម្បីរួមគ្នាដោះស្រាយបញ្ហាជាតិធំៗឡើងវិញ ។ បានន័យថា យើងមិនទាន់និយាយអ្វីមុនក្រៅពីហ្នឹងទេ គឺឥឡូវនេះ យើងនិយាយពីរឿងដោះស្រាយនីតិវិធីតុលាការ ឲ្យចប់សិន ចាំយើងជជែករឿងទៅមុខទៅទៀត“ ។
លោកសោ ចាន់ដេត បន្តទៀតថា “អាហ្នឹងវាជាគោលការណ៍បក្ស ហើយមិនមានជាគំនិតរបស់បុគ្គលណាមួយទេ ហើយលោកប្រធាន សម រង្ស៊ី ក្នុងនាមគាត់ជាប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ អ៊ីចឹងគាត់ដឹកនាំអង្គប្រជុំអចិន្រ្តៃយ៍ហ្នឹង គឺបានសម្រេចលើផែនការហ្នឹង អ៊ីចឹងទាំងអស់ ត្រូវតែគាំទ្រផែនការមាតុភូមិនិវត្តន៍ ដែលដឹកនាំដោយជំទាវ មួរ សុខហួរ ហ្នឹង ។
ចំពោះការវិលត្រឡប់របស់លោកប្រធាន សម រង្ស៊ី យើងនឹងពិចារណាតាមហ្នឹងទៀត ព្រោះយើងមិនចង់ឲ្យមានអ្វីស្ទះ ដោយសារលោកហ៊ុន សែន ជួនកាលគាត់ខ្លាចលោកប្រធាន សម រង្ស៊ី អីអ៊ីចឹង ។
អ៊ីចឹងរឿងលោកប្រធាន សម រង្ស៊ី យើងមិនទាន់និយាយទេ អាហ្នឹងរឿងរបស់គាត់ រឿងមាតុភូមិនិវត្តន៍របស់គាត់ នៅតែរក្សាផែនការរបស់គាត់ទេ ប៉ុន្តែអ្វីដែលយើងទៅនេះ ជារឿងរបស់យើង មាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំរបស់គណបក្សសង្រ្គោះជាតិ រីឯរឿងបុគ្គលលោកប្រធាន អាហ្នឹងជារឿងផ្សេងទៀត អាហ្នឹងយើងចាំមើលទៅមុខទៀត អាហ្នឹងយើងមិនទាន់ជជែកគ្នាទេ ប៉ុន្តែគ្រាន់តែគាត់នៅតែរក្សាជំហរមាតុភូមិនិវត្តន៍របស់គាត់ដដែល ប៉ុន្តែគាត់ទៅថ្ងៃណា ម៉ោងណា ពេលណា យើងអត់ទាន់ប្រកាស មិនទាន់និយាយទេ បញ្ហាហ្នឹង ។
ដូច្នេះទី១ ខ្ញុំសុំអំពាវនាវដល់ក្រុមលោកហ៊ុន សែន អាជ្ញាធរលោកហ៊ុន សែន ត្រូវតែសាទរ ហើយនិងបើកផ្លូវឲ្យពួកយើងចូលទៅ ដើម្បីអនុវត្តនីតិវិធីតុលាការរបស់ពួកគាត់ ។ ទី២ សុំឲ្យពលរដ្ឋយើងចូលរួមដើម្បីរកដំណោះសា្រយជាតិយើងរួមទាំងអស់គ្នា ពួកយើងចូលទៅនេះ មិនមែនដើម្បីបង្កើតព្រឹត្តិការណ៍អ្វីទេ គឺដើម្បីដោះស្រាយវិបត្តិនយោបាយយើង ឲ្យបញ្ចប់តែម្ដង ប៉ុន្តែគ្រាន់តែមុនយើងបញ្ចប់វិបត្តិនយោបាយ យើងត្រូវបញ្ចប់អ្វីដែលតុលាការកោះហៅ“ ។
ទោះបីយ៉ាងណា លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ ”នគរធំ” នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ថា ការដែលលើកឡើងថា រាជរដ្ឋាភិបាល ទប់ស្កាត់មិនឲ្យមក គ្រាន់តែជាលេសរបស់ពួកកំសាកប៉ុណ្ណោះទេ គឺលោកយល់ថា ក្រុមទណ្ឌិត សម រង្ស៊ី នេះ មិនមកទេ វាគ្រាន់តែផ្សព្វផ្សាយព័ត៌មាន ដើម្បីឲ្យរំជើបរំជួលអ្នកនៅក្នុងស្រុកមួយចំនួនដែលគាំទ្រតែប៉ុណ្ណោះទេ ហើយការប្រកាសនេះ គ្រាន់តែធ្វើឲ្យសកម្មជនដែលបម្រើនយោបាយរបស់ក្រុមឧទ្ទាមក្រៅច្បាប់ហ្នឹង មានបញ្ហាចំពោះមុខច្បាប់ តទៅទៀត ។
លោកសុខ ឥសាន បានមានប្រសាសន៍ថា “ការប្រកាសថាចូលស្រុកនេះ វាមិនមែនទើបតែថ្ងៃនេះទេ គឺច្រើនដងហើយ ដូច្នេះហើយអត់មានចូលតាមការជាក់ស្ដែង អត់មានទេ ហើយទណ្ឌិតមេឧទ្ទាមក្រៅច្បាប់នេះ ក៏បានប្រកាសហើយថា ជាជោគជ័យនៅក្នុងអារម្មណ៍ ។ អ៊ីចឹងទេ ការប្រកាសថា ចូលមក នាថ្ងៃ០៤ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ គ្រាន់តែជាការប្រកាសនៅក្នុងអារម្មណ៍តែប៉ុណ្ណោះទេ ពីព្រោះវាអត់មក ហើយក្រុមហ្នឹង បើសិនណាជាមក អាហ្នឹងគឺថា មានដីកាតុលាការរួចហើយ អ៊ីចឹងទេ តែមក ចូលពន្ធនាគារហើយ មិនមែនចូលសណ្ឋាគារទេ ។
ទោះគាត់ប្រកាសអីក៏ដោយ ពីព្រោះកន្លងទៅ វាមានដានទៅហើយ គាត់មានគោលនយោបាយដើម្បីបំផុសកងទ័ព ឲ្យបែរកាណុងមកប្រឆាំងនឹងរាជរដ្ឋាភិបាល បំផុសកម្មករ-និយោជិត ក៏ដូចប្រជាជន ឲ្យប្រឆាំងនឹងរាជរដ្ឋាភិបាល គាត់មកដើម្បីផ្ដួលរំលំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ មកផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់សព្វថ្ងៃនេះ ។ ទោះបីគាត់ប្រកាសថា មកដោយសន្តិវិធីយ៉ាងណាក៏ដោយ ក៏ប៉ុន្តែគោលនយោបាយរបស់គេ មានរួចទៅហើយ ទិសដៅរបស់គេ មានរួចទៅហើយ អ៊ីចឹងមិនអាចឲ្យជឿទុកចិត្តបានទេ ។
ចំពោះគាត់ថា មកតាមដីកាកោះហៅ អាហ្នឹងជារឿងតុលាការ គឺពាក់ព័ន្ធរវាងតុលាការ និងជនជាប់ចោទ បើជនជាប់ចោទ ត្រឡប់មកតាមការកោះហៅរបស់តុលាការ តាមដីកាកោះរបស់តុលាការ អាហ្នឹងជារឿងជនជាប់ចោទ មកបានមិនបាន ជារឿងផ្ទាល់ខ្លួនរបស់ជនជាប់ចោទ ។ ក៏ប៉ុន្តែយើងដឹងហើយថា ជនជាប់ចោទណាដែលមានឈ្មោះក្នុងសាលដីការបស់តុលាការរួចហើយ គឺថាមក គឺថាតុលាការ សមត្ថកិច្ចអនុវត្តតាមដីការបស់តុលាការ វាអត់មានបញ្ហាអីទេ ។
អាហ្នឹងការដែលលើកឡើងថា រាជរដ្ឋាភិបាល ទប់ស្កាត់មិនឲ្យមក អាហ្នឹងគ្រាន់តែជាលេសរបស់ពួកកំសាកប៉ុណ្ណោះទេ គឺខ្ញុំយល់ថា ក្រុមនេះ មិនមកទេ វាគ្រាន់តែផ្សព្វផ្សាយព័ត៌មាន ដើម្បីឲ្យរំជើបរំជួលអ្នកនៅក្នុងស្រុកមួយចំនួនដែលគាំទ្រតែប៉ុណ្ណោះទេ ហើយខ្ញុំយល់ថា ការប្រកាសនេះ គ្រាន់តែធ្វើឲ្យសកម្មជនដែលបម្រើនយោបាយរបស់ក្រុមឧទ្ទាមក្រៅច្បាប់ហ្នឹង គឺថា មានបញ្ហាចំពោះមុខច្បាប់ តទៅទៀត“ ។
លោកសុខ ឥសាន បន្តថា “អាហ្នឹងយើងចាំមើលលទ្ធផលទៅ ថាតើការចរចារបស់ក្រុមឧទ្ទាមក្រៅច្បាប់ ជាមួយបណ្ដាប្រទេសជិតខាងកម្ពុជា ហ្នឹងបានលទ្ធផលយ៉ាងណា? អាហ្នឹងតើគេស្ដាប់ ឬព្រមចរចាជាមួយក្រុមឧទ្ទាមក្រៅច្បាប់ ដែរឬទេ? ចំពោះជំហរយើងអត់មានផ្លាស់ប្ដូរទេ នៅដដែល អ្នកណាដែលមានពាក់ព័ន្ធនឹងដីកា ឬសាលក្រមរបស់តុលាការ អ្នកហ្នឹងត្រូវតែមកប្រឈមមុខចំពោះសាលក្រម ដីការបស់តុលាការ ។
បើអ្នកណាអត់មានសាលក្រមទេ អាហ្នឹងត្រូវបញ្ជូនទៅសវនាការជាមួយតុលាការទៅ ។ អាហ្នឹងគឺយើងធ្វើតាមច្បាប់ អត់មានខុសអីទេ ប៉ុន្តែដូចខ្ញុំជម្រាបខាងដើម មកបានឬមកមិនបាន មកស្រុកខ្មែរ ឬមិនមក ជារឿងផ្ទាល់ខ្លួនរបស់សាមីជនម្នាក់ៗ ។ វាមិនដែលតុលាការណាហៅជនជាប់ចោទហើយ រកឡាន រកមធ្យោបាយ រកកប៉ាល់ហោះទៅដឹកជនជាប់ចោទហ្នឹងឲ្យមកចូលដើម្បីសវនាការទេ មកបានឬមិនបាន អាស្រ័យលើខ្លួនឯង មិនមែនអាស្រ័យលើរាជរដ្ឋាភិបាល គណបក្សប្រជាជនទេ អត់ទេ គ្មានពាក់ព័ន្ធទេ គឺវាពាក់ព័ន្ធតែជាមួយតុលាការ រវាងតុលាការ និងជនជាប់ចោទ ។ តុលាការ គេកោះហើយ ត្រង់អ្នកឯងមកបាន ឬមិនបាន ជារឿងរបស់អ្នកឯង“ ៕ កុលបុត្រ