Sunday, November 24, 2024
Homeនយោបាយសម្តេចហ៊ុន សែន ស្នើសុំប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាល កុំជឿពាក្យកុហកពីជនអាក្រក់

សម្តេចហ៊ុន សែន ស្នើសុំប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាល កុំជឿពាក្យកុហកពីជនអាក្រក់

បន្ទាប់ពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារសំឡេងនិយាយពាក់ព័ន្ធនឹងការត្រៀមលិខិតដាក់ថ្វាយព្រះមហាក្សត្រ ដើម្បីសុំព្រះរាជក្រឹត្យ ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ស្រាប់តែមានមនុស្សមួយចំនួន បានបំផុសបំផុលប្រជាពលរដ្ឋឲ្យមានការភ័យខ្លាច ទិញស្បៀងទុកបម្រុង។ ពេលនេះសម្តេចបានបញ្ជាក់ថា សូមប្រជាពលរដ្ឋកុំជឿពាក្យកុហករបស់ជនអាក្រក់នោះឡើយ។

សម្តេចហ៊ុន សែន បានបង្ហោះសារថា “ព្រឹកមិញ ខ្ញុំបាននិយាយដល់ការត្រៀមបំរុងទុកនូវលិខិតនានា ដើម្បីនឹងសុំព្រះរាជក្រឹត្យដាក់ប្រទេសក្នុងគ្រាមានអាសន្ន។  ក្នុងពេលជាមួយគ្នា ខ្ញុំក៏បានបញ្ជាក់ថា ខ្ញុំមិនចង់ទៅដល់ចំណុច

នេះទេ ព្រោះវាប៉ះពាល់ធំពេកដល់សេដ្ឋកិច្ច និងជីវភាពប្រជាជន ដែលខ្ញុំស្នើសុំឱ្យមានការចូលរួមពីប្រជាជន ដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ ជំនួសវិញ”។

សម្តេចបន្តថា “ពេញមួយថ្ងៃនេះ ការបំភ្លើសនានាបានកើតឡើងថា នឹងមានការបិទប្រទេស ឬបិទរាជធានីភ្នំពេញ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយបំផុសឱ្យមនុស្សទិញទំនិញត្រៀមទុក។ ចំពោះមុខពាក្យភូតកុហកបែបនេះ ក្នុងឋានៈខ្ញុំជាប្រមុខនៃរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ជូនថា នឹងមិនមានការស្នើសុំដាក់ ប្រទេសក្នុងគ្រាមានអាសន្នទាំងមូល ឬមួយផ្នែកណានោះឡើយ ហើយក៏នឹងមិនមានការចេញបទបញ្ជាឱ្យបិទរាជធានីភ្នំពេញ ដូចការឃោសនាភូតកុហករបស់ជនអាក្រក់នោះដែរ។

សម្តេចបន្ថែមថា “ខ្ញុំសូមអំពាវនាវប្រជាពលរដ្ឋស្ងប់ស្ងាត់ កុំភ័យស្លន់ស្លោ និងសូមចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល”៕

RELATED ARTICLES