ភ្នំពេញ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០ ៖ UnionPay International បានប្រកាសអំពីភាពជាដៃគូរបស់ខ្លួនជាមួយក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Bongloy ក្នុងការដាក់ឱ្យប្រើកាតនិម្មិតបង់ប្រាក់ជាមុន (Virtual Prepaid Card) ជាមួយមុខងារទូទាត់ប្រាក់ UnionPay Quick Response (QR) និង ការទិញតាមរយៈប្រព័ន្ធ UnionPay QR Code សំរាប់ដៃគូអាជីវករក្នុងស្រុក។
អ្នកប្រើប្រាស់អាចស្នើសុំនូវកាត Bongloy UnionPay Virtual Card តាមប្រព័ន្ធឌីជីថល និងធ្វើការទូទាត់ប្រាក់តាមរយៈកម្មវិធី Bongloy App ដោយការស្កេននិងបង់ប្រាក់នៅតាមភោជនីយដ្ឋាន ហាងលក់គ្រឿងទេស ផ្សារ និង ហាងផ្សេងៗទៀតដែលទទួលយកសេវាទូទាត់ប្រាក់តាមរយៈ UnionPay QR Code នៅក្នុងប្រទេស ក៏ដូចជាតាមប្រព័ន្ធអ៊ីនធឺណេត នៅតាមគេហទំព័រពាណិជ្ជកម្មអនឡាញ ដែលទទួលយកកាត UnionPay ។
ការចាប់ដៃគូរវាង UnionPay International និង Bongloy បានគូសបញ្ជាក់នូវជំហានថ្មីជាច្រើនផ្សេងទៀត ដែល Bongloy UnionPay Virtual Card គឺជាកាតបង់ប្រាក់ជាមុនដំបូងបង្អស់របស់ UnionPay នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយគឺជាការចូលទៅក្នុងទីផ្សារដំបូងបង្អស់របស់ Bongloy ក្នុងការចេញកាតទូទាត់ប្រាក់។
ការដាក់ឱ្យដំណើរការកាតនិម្មិតនេះ ក៏គូសបញ្ជាក់នូវកិច្ចសហប្រតិបត្តិការដំបូងបង្អស់របស់ Bongloy ជាមួយនឹងម៉ាកយីហោទូទាត់ប្រាក់លំដាប់អន្តរជាតិ ដូចជា UnionPay ។
រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គឺជាអ្នកគាំទ្រដ៏ខ្លាំងក្លាក្នុងការជំរុញសេដ្ឋកិច្ចឌីជីថល ដែលឆ្លុះបញ្ចាំងនូវការផ្តួចផ្តើមជាច្រើន តាមរយៈធនាគារជាតិនៃកម្ពុជា (NBC) ក្នុងការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ទាំងនៅក្នុងកម្រិតស្ថាប័ន និងគោលនយោបាយ។ ទន្ទឹមនឹងឥទ្ធិពលនៃការរីករាលដាលជម្ងឺកូវីដ-១៩ ការទូទាត់ប្រាក់ និង ការទទួលយកប្រាក់តាមប្រព័ន្ធឌីជីថលរវាងអ្នកប្រើប្រាស់ និងដៃគូអាជីវករត្រូវបានលើកទឹកចិត្ត និង មានការកើនឡើងក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ។
កញ្ញាលាង ចិន្តា នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា នៃក្រុមហ៊ុន UnionPay International Southeast Asia បានមានប្រសាសន៍ថា «UnionPay បានខិតខំប្រឹងប្រែងបង្កើននូវផលិតផលនិងសេវាទូទាត់ប្រាក់ដើម្បីបំពេញនូវតម្រូវការទូទាត់ប្រាក់នៃអ្នកប្រើប្រាស់និងអាជីវករក្នុងស្រុក ។ ដូច្នេះ ពួកយើងពិតជាមានសេចក្តីសោមនស្សរីករាយដែលអាចផ្តល់នូវកាត Bongloy UnionPay Virtual Prepaid Card ក្នុងពេលដ៏ត្រឹមត្រូវមួយដែលនឹងបន្ថែមទៅលើសេវាទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលរបស់យើង។ តាមរយៈប្រតិបត្តិការដោយមិនចាំបាច់ប្រើប្រាស់សាច់ប្រាក់ ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល និង ពាណិជ្ជកម្មអនឡាញកំពុងតែមានសារសំខាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា យើងសង្ឃឹមថាតាមរយៈការចាប់ដៃគូជាមួយ Bongloy នឹងនាំមកនូវបទពិសោធន៍នៃភាពងាយស្រួល ដំណើរការប្រកបដោយភាពរលូន និង សុវត្ថិភាពដល់អតិថិជនរបស់យើង» ។
យោងទៅតាមទិន្នន័យដែលបានចេញផ្សាយដោយធនាគាជាតិនៃកម្ពុជា (NBC) នាពេលថ្មីៗនេះ ក្នុងចំណោមប្រជាពលរដ្ឋខ្មែរចំនួន ១៦.៥២ លាននាក់នៅក្នុងឆ្នាំ២០២០ មានអ្នកប្រើប្រាស់ទូរសព្ទរហូតដល់ ២១.២៤ លាននាក់ (ស្មើនឹង១២៨%) និង អ្នកប្រើប្រាស់អ៊ីនធឺណេតនិងអ្នកប្រើប្រាស់សកម្មនៃបណ្តាញសង្គមរហូតដល់ ៩.៧ លាននាក់ តំណាងឱ្យ ៥៨% នៃការជ្រៀតចូលទីផ្សារអ៊ីនធឺណេតក្នុងចំណោមប្រជាពលរដ្ឋសរុប។ ចំនួននេះមានការកើនឡើង ១៥% បើប្រៀបធៀបជាមួយនឹងតួលេខឆ្នាំ២០១៩ ហើយត្រូវបានរំពឹងថានឹងកើនឡើងបន្ថែមនៅប៉ុន្មានឆ្នាំខាងមុខទៀត ដែលប្រទេសកម្ពុជាត្រូវបានផ្តល់ចំណាត់ថ្នាក់ទី ១៧ នៅក្នុងពិភពលោកទាក់ទងទៅនឹងការកើនឡើងនេះ។
នេះសបញ្ជាក់ឱ្យឃើញនូវសក្តានុពលដ៏ខ្លាំងក្លាសម្រាប់ប្រទេសជាតិដើម្បីពន្លឿនក្នុងការអនុម័តនិងប្រើប្រាស់ការទូទាត់តាមរយៈប្រព័ន្ធឌីជីថល ក៏ដូចជាការបង្កើតនូវគ្រឹះដ៏រឹងមាំដើម្បីបណ្តុះនូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ក្នុងការចូលរួមដោះស្រាយនូវបញ្ហាទាល់ច្រកនៅក្នុងឧស្សាហកម្ម។ លោក ប៉ែន ចិន្តា ដែលជានាយកប្រតិបត្តិ និង ជាសហស្ថាបនិកក្រុមហ៊ុន Bongloy បានមានប្រសាសន៍ថា «ចក្ខុវិស័យរបស់ Bongloy គឺស្របទៅនឹងគំនិតផ្តួចផ្តើមរបស់ធនាគាជាតិនៃកម្ពុជា (NBC) ក្នុងការពង្រឹងសេដ្ឋកិច្ចឌីជីថល។
Bongloy និង UnionPay បានកំពុងសហការគ្នាក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ និង ប្រព័ន្ធ អេកូឡូស៊ីឌីជីថលដែលអនុញ្ញាតឱ្យមានការបង្កើត និង ដាក់ឱ្យប្រើប្រាស់នូវផលិតផលនិងសេវាហិរញ្ញវត្ថុថ្មីៗនៅក្នុងទីផ្សារ។ ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ Bongloy UnionPay Virtual Card ជាមួយនឹងការទូទាត់តាមរយៈប្រព័ន្ធ UnionPay QR Code និង ការដាក់ឱ្យប្រើ UnionPay QR Code ដល់ដៃគូអាជីវករក្នុងស្រុកទាំងតាមទម្រង់ static និង ទម្រង់ dynamic គឺជាជំហានឆ្ពោះទៅមុខនៃប្រព័ន្ធអេកូឡូស៊ីដែលធ្វើការទូទាត់ដោយមិនចាំបាច់ប្រើប្រាស់សាច់ប្រាក់ បន្ថែមពីលើគំនិតផ្តួចផ្តើមពីមុននៃពាណិជ្ជកម្មអនឡាញ និង ការទូទាត់ប្រាក់តាមបែប contactless សម្រាប់ UnionPay » ៕