ដោយ អាចារ្យថាំ
មិនមែនជារឿងធម្មតានោះទេ ដែលពួកប្រឆាំងទាំងពីរក្រុម ខាំគ្នាគ្មានឈប់សម្រាក សូម្បីតែពេលបុណ្យចូលឆ្នាំ ក៏ពួកប្រឆាំងមួយចំនួន ខាំគ្នាដែរ។ រឿងឈ្លោះរឿងជេរគ្នាឯងនេះ មានទស្សនៈខ្លះថា “ជេរបានលុយ” ព្រោះបើអត់លុយ ឈ្នួល ក៏គ្មានអ្នកណាប្រឹងយ៉ាងនេះដែរ ព្រោះអ្នកខាំគ្នាទាំងនោះ មានទៅល្ងង់អី សុទ្ធតែរៀនដល់បណ្ឌិត បរិញ្ញា ទាបបំផុត ក៏ត្រឹមបាក់ឌុប។ បើពិចារណាទៅ អាចមកពីបានលុយអ៊ីចឹងមែន បានជាគេប្រឹងជេរ ដែល “នគរធំ” ក្តាប់បាន ក៏លើកពី រឿង “ជេរបានលុយ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
តាំងពីអតីតគណបក្សសង្គ្រោះជាតិ (ជណភ្រ) ត្រូវរំលាយចោលដោយអំណាចសាលដីកាតុលាការកំពូល មក ពួកប្រឆាំង ក៏បែកខ្ញែកគ្នាជាពីរពួក ឬ “ក្រុមសម រង្ស៊ី និងក្រុមកឹម សុខា”។ ទាំងពីរក្រុមនេះ សុទ្ធតែមានបណ្ឌិតបញ្ញវន្ត នាំមុខក្នុងការ ផុសសំណេរតាមហ្វេសប៊ុក យូធូប វាយប្រហារគ្នាធ្ងន់ជាងកាលហ៊្វុនស៊ិនប៉ិច ឈ្លោះគ្នាទៅទៀត។ “នគរធំ” ក៏ធ្លាប់បញ្ចោញ ទស្សនៈជាហូរហែថា “មាន់ក្នុងទ្រុងចឹកគ្នា” បើកាលណាបើកទ្វារទ្រុង មាន់នឹងឈប់ចឹកគ្នាមិនខាន ប៉ុន្តែ អ្នកចេះដឹងមួយចំនួន បានបញ្ចោញទស្សនៈថា “មនុស្សដែលឈ្លោះគ្នាបែកភក់បែកផុង” យ៉ាងនេះ ទោះជាមានការបង្រួបបង្រួម ក៏មើលមុខគ្នា មិនត្រង់ដែរ។ អ្នកខ្លះទៀតថា “ជេរបានលុយ” មិនអាចក្បត់ម្ចាស់លុយបានទេ ប៉ុន្តែយើងអត់ដឹងថា អ្នកណាជាម្ចាស់លុយ នោះឡើយ។
“ជេរបានលុយ” មិនខុសកាលពីសម័យសង្គមរាស្ត្រនិយម គេបានបង្កើតបទចម្រៀងនយោបាយមួយវាយប្រហារលោក សឺង ង៉ុកថាញ់ និងលោកសម សារី (ឪពុកលោកសម រង្ស៊ី) ថា “ឱ!ស្វាយចន្ទី អាសម សារី អាសឺង ង៉ុកថាញ់ កុំជេរសម្តេចឪ អញ ប្រយ័ត្នអញបាញ់ដូចអាព្រាប អ៊ិន” ទំនុកច្រៀងតាមលំនាំបទ “ឱ!ស្វាយចន្ទី” នេះ គេយកទៅបំផុសតាមសាលារៀន ឱ្យកូនសិស្សចេះច្រៀង រហូតដល់មានការចែកលុយដល់សិស្សណាច្រៀងពីរោះជាងគេ បានម្នាក់ ១រៀលទៀតផង បើសរុប ការចែកលុយ ទូទាំងប្រទេស អាចចូលខ្ទង់លានរៀលឯណោះ។
ក្នុងពេលបោះឆ្នោតជ្រើសតំណាងរាស្ត្រ តាមប្រព័ន្ធឯកត្តនាម នាចុងទសវត្សឆ្នាំ១៩៦០ ក៏មានការ “ជេរឱ្យលុយ” យ៉ាង នេះដែរ ដែលកាលនោះ ប្រធានគណបក្សណាដែលមានលុយ ឬបេក្ខជនសម្បូរលុយ តែងជួលអ្នកភូមិឱ្យជេរបេក្ខជនម្ខាង ទៀត ជាគូប្រជែង។ កាលនោះអាចារ្យថាំ នៅជំទង់ បានឃើញផ្ទាល់ភ្នែក មានពូម្នាក់ រកស៊ីធាក់រ៉ឺម៉កកង់ យកលុយគេ ក៏ធ្វើអ្វីៗតាមតែបង្គាប់។ គាត់យកក្រដាសកាតុង មូរជាបំពង់ឱ្យរីកកញ្ឆាញដូចមីក្រូ រួចស្រែកតាមប្រហោងខាងចុង ជេរ បេក្ខជនម្នាក់ថា “បងប្អូនកុំជឿវា វាជាគោបាក់ស្នែងចង្រៃណាស់! កុំបោះឆ្នោតឱ្យវាបងប្អូន!”។
ទោះជាមានការជេរឬបន្តុះបង្អាប់គ្នាយ៉ាងណា ក៏គ្មានប៉ូលិសចាប់វ៉ៃខ្នោះនោះដែរ ព្រោះការបោះឆ្នោត គេប្រើសិទ្ធិក្នុង ការឃោសនា ឬបង្អាប់គ្នាស្មើទៅស្មើមក ប៉ុន្តែគួរយល់ថា “បើមិនឱ្យលុយ ក៏គ្មានអ្នកណាក្តៅស្អុះ” មកជួយជេរនោះដែរ។ ការជួលអ្នកជេរតាមក្រដាសកាតុង មូរដូចកញ្ឆាញមីក្រូនោះ យ៉ាងច្រើនបាន ១០០រៀលប៉ុណ្ណោះ ខណៈដែលមាស ១ជី មានតម្លៃ ៣០០រៀល។
ដោយឡែក ព្រះសង្ឃ ចៅអធិការវត្តគ្រប់អង្គ ក៏ត្រូវអ្នកនយោបាយយកបារី តែ ស្ករ-ស និងបច្ច័យទៅប្រគេនដែរ ដើម្បី ឱ្យព្រះអង្គជួយអូសទាញអ្នកបោះឆ្នោតដោយសម្ងាត់។ ព្រះសង្ឃសម័យនោះ គ្មានសិទ្ធិបោះឆ្នោតទេ តែព្រះអង្គអាចខ្សឹប-ខ្សុលអូសទាញញាតិញោម ឧបាសក-ឧបាសិកា ឱ្យបោះឆ្នោតជូនបេក្ខជនណាដែលប្រគេនបច្ច័យព្រះអង្គច្រើនជាងគេ និង ជួយកសាងវត្តព្រះអង្គ។ បេក្ខជនណាដែលក្រីក្រ អត់អីប្រគេន ឬបានត្រឹមបារី ១កញ្ចប់ នោះ កុំសង្ឃឹមថា ឈ្នះ “អ្នកមាន លុយជួល” ឱ្យសោះ។
“ជេរបានលុយ” បានឆ្លងមកដល់សម័យរបបសាធារណរដ្ឋខ្មែរ ខណៈដែលលោកលន់ នល់ ជាប់ឆ្នោតប្រធានាធិបតី។ កាលនោះ ក៏មានការជួលមនុស្សឱ្យជេរគ្នាយ៉ាងនេះដែរ មិនខុសពីសម័យសង្គមរាស្ត្រនិយម ប៉ុន្តែរវាងពួកប្រឆាំងជេរពួក ប្រឆាំង មិនសូវដែលជួបប្រទះទេ ទើបតែលេចឡើងនៅសម័យនេះ ខណៈដែលពួកប្រឆាំង សម រង្ស៊ី និងពួកប្រឆាំងកឹម សុខា ជេរគ្នាអត់ឈប់។
ក្រុមលោកសម រង្ស៊ី មានលោកសោ ចាន់ដេត, ឆាំ ឆានី, សេង រតនា, ប៉ាង សុខឿន៘ ឃើញតែជេរដៀមដាម លោកកឹម សុខា ដូចគេលើកឡើងសម្អុយឈ្មោះគាត់ថា “កឹម សុខា ធ្វើឱ្យនាងស្រីមុំ ខូចអនាគតជាដើម។ ពីមុនឃើញពួក នេះ ការពារលោកកឹម សុខា ពាក់ព័ន្ធរឿងស្រីញី រត់ទៅសំងំក្នុងទីស្នាក់ការបក្សនៅចាក់អង្រែ ប៉ុន្តែពេលនេះ គេឈប់ការពារ បែរជាចោទលោកកឹម សុខា ជាអ្នកបង្ខូចអនាគតស្រីមុំ ទៅវិញ?
ដោយឡែក ក្រុមលោកកឹម សុខា រួមមាន លោកលិម គិមយ៉ា, មុត ចន្ថា, សួន សូរីដា, ហ៊ុន កុសល, បោយ រើយ, ច័ន្ទ រាម៘ ឃើញពីមុនធ្លាប់គោរពលោកសម រង្ស៊ី ដូចព្រះ ប៉ុន្តែពេលនេះពួកលោកប្រឹងជេរប្រទេច បង្កាច់បង្ខូចអតីតចៅ-ហ្វាយ ដូចមិនស្លៀកខោ។ គេព្រួតគ្នាបង្អាប់មេប្រឆាំងនេះថា “ចេញស្នៀតបោករឿងចូលស្រុកទៀតហើយ” ឬថា បោក២ ដង មិនអស់ចិត្ត ក៏បោកជាលើកទី៣។
ដូច្នេះ សួរថា “បើមិនបានលុយ តើអ្នកណាខំដល់ម៉្លេះ?” ព្រោះធម្មតាអ្នកជេរគេ ត្រូវប្រឈមគ្រោះថ្នាក់ទៅអនាគត បើគាត់អត់បានកម្រៃអី ១កាក់១សេន តើគាត់ល្ងង់អីទៅខំជេរគេ?
ឯម្ចាស់លុយ ឬអ្នកជួលឱ្យជេរនោះ លាក់មុខលាក់មាត់ អត់ដឹងខាងណាទេ បើសិនជាហ៊ានថា ស្មានៗដោយអត់ភ័ស្តុតាង ជាប់គុកលឿនណាស់ ពីបទ “បរិហារកេរ្តិ៍”។
បើពិចារណាទៅ អ្នកស៊ីឈ្នួលជេរគ្នាឯងបែបនេះ “គ្មានបានកម្រៃអីយកទៅធ្វើមានបាន” នោះទេ អាចត្រឹមតែរស់ ១គែៗប៉ុណ្ណោះ ឬថា ជេរ១ថ្ងៃ បានរស់១ថ្ងៃ មិនមែនជេរ១ថ្ងៃ រស់មួយជីវិតនោះទេ។ ធម្មតាអ្នកជួល គេឆ្លាតណាស់ មិនខុសពី ចិនលក់ស្រា ចាំតែកត់ឈ្មោះអ្នកផឹក ដូចបណ្តាំក្រមង៉ុយ ថា “ខ្មែរចេះតែកិន ចិនចេះតែកត់…” នោះឡើយ។ បើ កាលណាចប់ផែនការ គេក៏ឈប់ជួលទៀតដែរ ឯអ្នកជេរគេនោះក៏ធ្លាក់ខ្លួនក្រីក្រអត្តខាត់ ស្តាយក្រោយ បើនឹងងាកទៅ សុំទោសគេវិញ គ្មានអ្នកណាអត់ឱនឱ្យ ក៏រស់នៅតាមយថាកម្ម។
សរុបទៅ “ជេរបានលុយ” មិនមែនជារឿងបំផ្លើសនោះទេ ព្រោះករណីបែបនេះ វាជាន់ដានប្រវត្តិសាស្ត្រ។ សម្រាប់ ក្រុមប្រឆាំងដែលប្រឹងបើកវេទិកាជេរគ្នា ដូចសព្វថ្ងៃនេះ មនុស្សជិត១០០% ថា មកពី “ជេរបានលុយ” តែមិនដឹងអ្នកជួល ជាអ្នកណា? ដែលជាបរិបទសម្រាប់អ្នកជេរគេ ពិចារណាតាមការគួរ ប្រយ័ត្នមានវិប្បដិសារៈទៅអនាគត…’