ដោយ អាចារ្យថាំ
ពាក្យឃ្លោងឃ្លាបុរាណថា “ប្រមាណទឹកពិនិត្យ ដកព្រលិតវាស់វែងវា ប្រមាណមនុស្សកាចជា មើលកិរិយាអាការចេញ” មានខ្លឹមសារចង្អុលបង្ហាញឱ្យដឹងពីចរិតរបស់មនុស្ស តាមរយៈឥរិយាបថទាំង៤ គឺដេក ដើរ ឈរ អង្គុយ។ ករណីបក្សកាន់- អំណាច បើកផ្លូវឱ្យគណបក្សភ្លើងទៀន ដែលមានលោកសម រង្ស៊ី នៅពីក្រោយ តែបិទផ្លូវលោកកឹម សុខា អាចមិនខុសពី ឃ្លោងឃ្លាខាងលើដែល “នគរធំ” ក្តាប់បាន ក៏លើកពី “ដកព្រលិត វាស់ជម្រៅទឹក” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
លោកហ៊ុន កុសល ជាមនុស្សស្មោះត្រង់លោកកឹម សុខា បានផុសសំណេរតាមហ្វេសប៊ុក ថា “បើស្រលាញ់និងការពារ សន្តិភាពមែននោះ តើហេតុអ្វីបានជាបើកដៃឱ្យគណបក្សភ្លើងទៀន ធ្វើសកម្មភាពនយោបាយ…ហេតុអ្វីបានជាបិទគណបក្ស និងអ្នកដឹកនាំ (កឹម សុខា) ដែលប្រជាពលរដ្ឋខ្មែរក៏ដូចសហគមន៍អន្តរជាតិ ដឹងច្បាស់ថាជាអ្នកសន្តិភាពនិយម?”។
សំណេរនេះយើងអាចយល់បានថា សហការីលោកកឹម សុខា កើតទុក្ខមិនសុខចិត្ត ដែលបក្សកាន់អំណាច (ជភភ) មិនរករឿងបក្សភ្លើងទៀន ទោះជាដឹងថា មានមេប្រឆាំង សម រង្ស៊ី នៅពីក្រោយក៏ដោយ តែ ជភភ ខ្ទប់ច្រកលោកកឹម សុខា ឱ្យនៅជាប់សំណាញ់ច្បាប់។
បើយកករណីនេះ មកពិចារណា “នគរធំ” មានទស្សនៈដូចឃ្លាឃ្លោងខាងលើថា “ប្រមាណទឹកពិនិត្យ ដកព្រលិត វាស់-វែងវា” មានន័យថា ទឹកបឹងនៅចំណុចកណ្តាលជ្រៅលិចក្បាល តែមានព្រលិតដុះចេញផ្ការីករហង់។ អ្នកអុំទូកត្នោតទៅដល់ កណ្តាលបឹង ចង់ដឹងជម្រៅទឹក គ្រាន់តែដកផ្កាព្រលិត ១ទង មកវាស់ ក៏ដឹងបានថា វាមានជម្រៅប៉ុន្មានម៉ែត្រ ប៉ុន្មានតឹក? មិនច្រឡំឡើយ ដោយមិនចាំបាច់យកម៉ែត្រ មកវាស់។
យ៉ាងណាមិញ “អ្នកអុំទូកត្នោត” ប្រៀបបាននឹងបក្សកាន់អំណាច (ជភភ) “អ្នកគាំទ្រភ្លើងទៀន” ជាព្រលិត កណ្តាលបឹង ឯព្រលិតក្បែរៗមាត់បឹង ត្រង់កន្លែងទឹករាក់ ប្រៀបបាននឹង “អ្នកគាំទ្រកឹម សុខា”។
ធម្មតាអ្នកជិះទូកត្នោត ទៅដកព្រលិត គេចង់បានតែព្រលិតវែងៗ មិនចង់បានអាខ្លីៗនោះទេ ដូច្នេះដកព្រលិតវែងមក ស្ល ដោយទុកព្រលិតខ្លីឱ្យនៅលម្អផ្ទៃបឹង។
បក្សកាន់អំណាច ចាំបាច់ត្រូវតែ “ពន្លែងភ្លើងទៀន ឱ្យឆេះប្លុងៗ!” ដើម្បីស្ទាបស្ទង់រកជម្រៅទឹកចិត្តអ្នកគាំទ្របក្សនេះ តើមានប៉ុន្មាន? នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ខាងមុខនេះ។ ជភភ រង់ចាំស្តាប់លទ្ធផលនៃការបោះឆ្នោតនេះ បន្ទាប់មកក៏ចាប់បន្តយុទ្ធសាស្ត្រថ្មីទៀត បន្ទាប់ពីក្តាប់ស្ថានការណ៍បាន ឬថា ដឹងជម្រៅទឹកបឹងប៉ុន្មានម៉ែត្រ ប៉ុន្មានតឹក ក៏រៀប ជើងព្រួល ការពារយុទ្ធវិធីទៅអនាគត។
បានសេចក្តីថា ជភភ “ដកព្រលិតវែងស្ល ទុកព្រលិតខ្លីលម្អបឹង” ឬនិយាយឱ្យចំ ទុកកឹម សុខា ឱ្យនៅ “លម្អនីតិរដ្ឋ” សិន ដោយចោទប្រកាន់គាត់ពីបទ “សន្ទិដ្ឋភាពជាមួយបរទេស” ប៉ុន្តែបើកាលណា “ស្លព្រលិតវែងអស់” ថ្ងៃក្រោយ ជភភ ចង់ស្ល ព្រលិតទៀត ខ្ជិលអុំទូកនៅកណ្តាលបឹង ក៏ “ដកព្រលិតខ្លីទៅស្ល” ពោលគឺត្រូវតែបើកផ្លូវជូនលោកកឹម សុខា ឱ្យមានសិទ្ធិធ្វើ នយោបាយឡើងវិញ។
សម្រាប់លោកកឹម សុខា ទោះបីជាគាត់ជាប់សំណាញ់ច្បាប់ ក៏នៅមានសហការីខ្លះ ចេញបើកបក្សថ្មីជាបន្តបន្ទាប់ ដូចជា លោកអ៊ូ ច័ន្ទរ័ត្ន, ប៉ុល ហំម, យ៉ែម បុញ្ញប្ញទ្ធិ ជាដើម។ ឧបមាថា សហការីទាំងនោះ បានកៅអីខ្លះក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏អាចជួយផ្តល់ខ្យល់បរិសុទ្ធជូនលោកកឹម សុខា បានដកដង្ហើមស្រួល មិនស្ទះខ្យល់នោះទេ។
យុទ្ធសាស្ត្របក្សកាន់អំណាច “កំពូលឆ្លាត” បើចេះតែដកព្រលិតច្រើនពេកទៅស្ល ក៏ស្លមិនអស់ដែរ អ៊ីចឹងគេដកតែ៤-៥ដើម យកអាខ្នាតវែងនៅកណ្តាលបឹង ក៏អាចស្លបានពេញ ១ឆ្នាំង។ យកព្រលិតទៅស្លបង់ប្រហុកផង បានដឹងជម្រៅទឹកផង “មានទៅខាតអី?” ដូច្នេះ ចង់លោតជាមួយយុទ្ធសាស្ត្រ ជភភ ដូចរាងយ៉ាប់បន្តិច ព្រោះនៅជុំវិញសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានធនធានមនុស្សកម្រិតបណ្ឌិតគ្រប់មុខជំនាញ រាប់រយនាក់ ចាំតែផ្តល់មតិយោបល់ បន្ថែមពីលើ “បញ្ញាញាណ” របស់ប្រមុខ ជភភ ដែលមានស្រាប់។ ករណីលោកហ៊ុន កុសល លើកឡើងថា “បើកផ្លូវឱ្យភ្លើងទៀន មានសម រង្ស៊ី នៅពី ក្រោយ តែបិទផ្លូវកឹម សុខា” មិនខុសអ្វីទេ ព្រោះយុទ្ធសាស្ត្រ ជភភ ចាំបាច់ត្រូវតែធ្វើបែបនេះសិន ដើម្បីស្ទាបស្ទង់រកជម្រៅ ទឹក ឬចង់ដឹងថា “តើកម្លាំងគាំទ្រសម រង្ស៊ី នៅប៉ុន្មាន?” ឯកម្លាំងគាំទ្រកឹម សុខា ជភភ ដឹងរួចទៅហើយ ដែលមិនខុសពី ព្រលិតវែង និងព្រលិតខ្លី។
ព្រលិតសម រង្ស៊ី វែងគួរសម តែមិនទាន់ដឹងប៉ុន្មានម៉ែត្រ ប៉ុន្មានតឹក ដូច្នេះ ទុកឱ្យ គ.ជ.ប វាស់ខ្នាតចេញលទ្ធផលនៅថ្ងៃ ទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះសិន។ ឧបមាថា ភ្លើងទៀន ទទួលបានអាសនៈពាក់កណ្តាលនៃចំនួនកៅអី ៥០០៧ នៃអតីតគណបក្សសង្គ្រោះជាតិ ជណ្រភ កាលពីឆ្នាំ២០១៧ ស្មើនឹង២៥០៣ កៅអីនោះ ជភភ អាចកំណត់មុខសញ្ញាបានថា “កម្លាំងប្រឆាំងនៅខ្លាំងគួរសម មើលរំលងអត់បានទេ។ ទោះជា ជភភ ឈ្នះឆ្នោត ក៏របូតកៅអីអស់ជាង២០០០ ទៅសម រង្ស៊ី” អ៊ីចឹងដល់ពេលបោះឆ្នោតជ្រើសតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ជភភ ត្រូវតែបើកផ្លូវឱ្យលោកកឹម សុខា ចេញ ធ្វើនយោបាយឡើងវិញ ឬ “ប្រគល់សង្គ្រោះជាតិ ជណ្រភ” នៅឱ្យលោកកឹម សុខា គ្រប់គ្រងដូចមុន។ ដល់ពេលនេះ “ភ្លើង-ទៀន និងសង្គ្រោះជាតិ” ខាំគ្នាកាន់តែខ្លាំង ព្រោះតែការបែកបាក់ ក្លាយទៅជា “សម្លព្រលិតវែងខ្លីលាយចូលគ្នា សម្រាប់ កំដរមាត់ ជភភ”។
“នគរធំ” មើលឃើញថា ទោះបីជាពួកប្រឆាំង ចោទប្រកាន់ គ.ជ.ប មិនឯករាជ្យ ក៏ចៀសមិនផុតពីការទទួលស្គាល់ លទ្ធផលនៃការបោះឆ្នោត បើសិនជាភ្លើងទៀន ទទួលបានជាង ២០០០កៅអីមែននោះ។ ភ្លើងទៀន ដែលមានលោកសម រង្ស៊ី នៅពីក្រោយ ច្បាស់ជា “អួតកប់ពពក” ថា “ឈ្នះឆ្នោត” មិនខានឡើយ គឺឈ្នះនៅត្រង់ដណ្តើមបានកៅអីពី ជភភ ហ្នឹងឯង។
ដូច្នេះ “ដកព្រលិត វាស់ជម្រៅទឹក” កុំសង្ស័យអី គឺ ជភភ ត្រូវតែប្រើយុទ្ធសាស្ត្រ “ដកមួយ ទុកមួយ” ដើម្បីបំពេញបែបបទ ប្រជាធិបតេយ្យសេរី ពហុបក្ស។ ប្រជាពលរដ្ឋខ្មែរ ដែលមាននិន្នាការប្រឆាំង អាចនៅគាំទ្រលោកសម រង្ស៊ី ច្រើនជាងលោក កឹម សុខា ដោយហេតុថា មេប្រឆាំងធំជាងគេនោះ ជាប់ពូជនាហ្មឺនធំ ជាពិសេស ជាកូនប្រសាសម្តេចចក្រី ញ៉ឹក ជូឡុង អតីត រាជសហការីសម្តេចឪ ព្រះបរមរតនកោដ្ឋ ចំណែកលោកកឹម សុខា ជាអតីតចៅសង្កាត់មួយ នៃរបបសាធារណរដ្ឋប្រជាមានិត កម្ពុជា។ បានន័យថា សម រង្ស៊ី ជាព្រលិតវែង កឹម សុខា ជាព្រលិតខ្លី។
សរុបទៅ “ដកព្រលិត វាស់ជម្រៅទឹក” មានខ្លឹមសារយ៉ាងនេះឯង។ ជាទស្សនៈរួម គឺមកពី ជភភ ប្រើយុទ្ធសាស្ត្រស្ទាបស្ទង់ មើលកម្លាំងគាំទ្រសម រង្ស៊ី សិន បើដឹងលទ្ធផលថា នៅខ្លាំងគួរសម ទើបបើកផ្លូវឱ្យកឹម សុខា ចូលសង្វៀននយោបាយ តែមិនឱ្យទៅចាប់ដៃសម រង្ស៊ី។ បើមេប្រឆាំងធំនិងបន្ទាប់នេះ ពាក់មុខយក្សដាក់គ្នា នឹងក្លាយជាសម្លព្រលិតបង់ត្រីជញ្ជាត់ ដ៏មានឱជារស សម្រាប់ ជភភ រៀងរហូត…’