Sunday, December 22, 2024
Homeបរិយាយជាតិនិយមជ្រុល

ជាតិនិយមជ្រុល

ដោយ អាចារ្យថាំ

បើឆែកហ្វេសប៊ុក មើលត្រង់ខ្ទង់ ជៀមមនេត (បញ្ចោញមតិ) ពាក់ព័ន្ធរឿងនយោ- បាយ ឃើញមានបងប្អូនមួយចំនួន បញ្ចោញទស្សនៈថា “ខ្មែរយើងទាល់តែនៅ ក្រោមអាណានិគមរបស់គេ ទើបមិនឈ្លោះគ្នាឯង” ខ្លះទៀតថា “ទាល់តែបារាំង ជប៉ុន យួន មកត្រួតក្បាល ទើបខ្មែរមិនខាំគ្នា”។

ការបង្ហាញទស្សនៈនេះ អាចថាមកពី “ជាតិនិយមជ្រុល” តែម្តង ព្រោះគំនិត នេះឱ្យតែបានសុខ ទោះលើកប្រទេសឱ្យគេស៊ីដាច់ ក៏ពួកគាត់មិនរារែក។

អ្នកបញ្ចោញមតិជាតិនិយមជ្រុលបែបនេះ មកពីបានឃើញថា សព្វថ្ងៃបងប្អូន ខ្មែរកម្ពុជាក្រោម (ជាង២០ខេត្ត) រស់នៅយ៉ាងសុខសាន្ត មានសិទ្ធិសេរីភាព ផ្នែក ជំនឿសាសនា សិល្បៈ វប្បធម៌ ដោយសារមានវៀតណាម គ្រប់គ្រង។ កាលទឹកដី កម្ពុជាក្រោម នៅក្នុងអាណាចក្រខ្មែរ ច្បាំងតែគ្នាឯង លុះបានយួនគ្រប់គ្រង ក៏ ងើបមិនរួច ទើបខ្មែរឈប់ឈ្លោះគ្នា នៅកម្ពុជាក្រោម។ ទោះជាមានសកម្មជន នយោបាយខ្លះ ត្រូវយួនចាប់ដាក់គុក ក៏មិនមែនគាត់ឈ្លោះនឹងខ្មែរដូចគ្នានោះទេ តែគាត់តវ៉ាប្រឆាំងវៀតណាម ដែលបិទសេរីភាពផ្នែកនយោបាយ។

កាលបារាំង ដាក់អាណានិគម ជិត១សតវត្ស ខ្មែរយើងងើបអត់រួចទេ ដែល ពីបុរាណ ធ្លាប់ច្បាំងតែគ្នាឯង ដូច “សម័យបះតេជោទែន” ជាដើម។ ខ្មែរច្បាំង ដណ្តើមអំណាចគ្នា ធ្វើឱ្យនគរវិះរលាយដូចចម្ប៉ា លុះបានបារាំង មកត្រួតក្បាល ទើបខ្មែរឈប់ឈ្លោះគ្នា។ ចលនាអាចារ្យស្វា ពោធិ៍កំបោរ អាចារ្យលាក់ អាចារ្យ ហែម ចៀវ ចលនាខ្មែរឥស្សៈ មិនមែនឈ្លោះខ្មែរ និងខ្មែរនោះទេ តែចលនាទាំង នោះ “ប្រឆាំងបារាំង”។

កាលកងទ័ពជប៉ុន ចូលលុកលុយអំឡុងសង្គ្រាមលោកលើកទី២ ដេញបារាំង ចេញនោះ ក៏ខ្មែរមិនឈ្លោះគ្នាដែរ តែមានចលនាគាំទ្របារាំង ទប់ទល់មហិច្ឆតា ជប៉ុន។ លុះជប៉ុន ចាញ់សង្គ្រាមដោយសារឥទ្ធិពលគ្រាប់បែកបរមាណូរបស់អាមេរិក កម្ពុជា ក៏ត្រូវបារាំង ត្រួតត្រាបន្ត។ កាលកងទ័ពវៀតណាម និងជំនាញការដាក់ពង្រាយ ពេញទឹកដីកម្ពុជា ក្រោយផ្តួលរំលំរបបប៉ុល ពត ក៏ខ្មែរមិនឈ្លោះគ្នាឯងដែរ ព្រោះ អ្នកឈ្លោះ ផ្តោតមុខព្រួញ “ដេញយួន”។ លុះវៀតណាម ដកកងទ័ព និងជំនាញ- ការអស់ ទើបអ៊ុនតាក់ ចូលមករក្សាសន្តិភាព ជួយរៀបចំការបោះឆ្នោត។

រយៈពេល៦អាណត្តិ កន្លងមកនេះ “អត់មានបរទេសត្រួតក្បាល” ទៀតទេ ស្រាប់តែខ្មែរ បែងចែកនិន្នាការ ឈ្លោះជេរគ្នាមិនធម្មតា ជាពិសេសជម្លោះរវាង ពួកប្រឆាំងនៃអតីត ជណភ្រ និងបក្សកាន់អំណាច ជភភ។ បើកហ្វេសប៊ុក ពេល ណា ឃើញតែខ្មែរឈ្លោះជេរគ្នា រញ៉េរញ៉ៃណាស់ ឯអ្នកនយោបាយកំពូលៗ ក៏ មិនព្រមឃាត់ជម្លោះ ដោយទុកឱ្យនៅអ៊ីចឹងទៅ។

ហេតុដូចការរៀបរាប់ខាងលើនេះហើយ ទើបលេចចេញជាទស្សនៈ “ជាតិ និយមជ្រុល” ដោយគេចង់ឱ្យបរទេសដាក់នឹមអាណានិគមដូចមុន។ គេថា បើ បារាំង ជប៉ុន ឬយួន ត្រួតក្បាលងាកមិនរួច ច្បាស់ជាខ្មែរឈប់ជេរគ្នា ពាក់ព័ន្ធ នយោបាយ។

បើមានប្រជាពលរដ្ឋយល់ឃើញយ៉ាងនេះទៅហើយ ក៏ស្រេចតែគាត់ទៅ ព្រោះអ្វីៗជាសិទ្ធិសេរីភាពនៃការបញ្ចោញមតិ។ ប៉ុន្តែយុគសម័យវិទ្យាសាស្ត្រ ជឿនលឿននេះ មហាអំណាច មិនអាចចាប់ប្រទេសតូច យកជាទឹកដីអាណានិគម បានទៀតទេ។ សូម្បីមហាយក្សរុស្ស៊ី ដែលចង់បានទឹកដីអ៊ុយក្រែន ក៏យ៉ាប់ដែរ ព្រោះគ្មានប្រទេសឯទៀតគាំទ្រ ក្រៅពីកូរ៉េខាងជើង ភូមា ស៊ីរី និងប្រទេស២ ទៀត ជាកូនបំណុលរុស្ស៊ី។

ករណីអ្នកបញ្ចោញមតិ ចង់ឱ្យបរទេសត្រួតក្បាលខ្មែរ ដើម្បីបញ្ចៀសខ្មែរ កុំ ឱ្យឈ្លោះជេរគ្នានោះ បើបន្ទោសគាត់ក៏មិនកើតដែរ ព្រោះសព្វថ្ងៃ ខ្មែរជេរគ្នា យ៉ាងនេះមែន ឯអ្នកនយោបាយ មិនព្រមឃាត់ មានតែផ្លុំខ្យល់ឱ្យភ្លើងឆេះ ទើប ពួកគាត់ធុញទ្រាន់ ចង់ឱ្យស្រុកខ្មែរ ក្លាយជាអាយ៉ងរបស់គេ…”

RELATED ARTICLES