Sunday, December 22, 2024
Homeបរិយាយចង្អុលមិនចំរទេះ

ចង្អុលមិនចំរទេះ

ដោយ អាចារ្យថាំ

នៅក្នុងរឿងព្រេងខ្មែរ មានលក្ខណៈប្លែកដោយអ្នកចេះ បង្គាប់អ្នកល្ងង់ឱ្យ “ចង្អុលរទេះ” តែអ្នកល្ងង់ចង្អុលមិនចំ ក៏យក ជាការមិនបាន ព្រោះមិនចេះបូកសរុប ឬប្រាប់ថា ទាំងអស់នេះជារទេះ។ យ៉ាងណាមិញ ឃើញពួកប្រឆាំងក្រុមលោកកឹម សុខា “និយាយខុសគ្នា” ដោយអ្នកខ្លះថា យ៉ាងនេះ ខ្លះថាយ៉ាងនោះមិនឯកភាពគ្នា ឬ “ចង្អុលមិនចំរទេះ” ដែល “នគរធំ” ក្តាប់បាន ក៏លើកពីការនិយាយមិនស្របគ្នានោះ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

អ្នកចេះ បានសួរទៅអ្នកល្ងង់ ឬមនុស្សមិនឆ្លាតថា “ឯណារទេះ?” អ្នកមិនឆ្លាតនោះ ក៏ចាប់ត្រង់ “កង់រទេះ” ឆ្លើយថា “នេះជារទេះ” ប៉ុន្តែអ្នកសួរប្រាប់ថា “មិនមែនទេ អាហ្នឹងកង់”។ លុះសួរមនុស្សមិនឆ្លាតម្នាក់ទៀត ក៏ “ចាប់ចន្ទោលរទេះ” ឆ្លើយថា “នេះជារទេះ” ប៉ុន្តែអ្នកសួរប្រាប់ថា “អាហ្នឹងចន្ទោល មិនមែនរទេះទេ”៘

លុះអ្នកសួរពន្យល់ថា “ទាំងអស់ហ្នឹង ទើបហៅថា រទេះ” ទើបអ្នកមិនឆ្លាតភ្ញាក់ស្មារតីថា មកពីខ្លួន “ឆ្លើយមិនចំបញ្ហា ឬមិនឯកភាពគ្នា” ទើបឆ្លើយមិនចំរទេះ។

យ៉ាងណាមិញ ពួកប្រឆាំង ក្រុមលោកកឹម សុខា ទំនងជាមិនសូវឆ្លាត ទើបពួកគាត់ “និយាយមិនចំបញ្ហា” ពាក់ព័ន្ធដល់ ភ្លើងទៀន ដែលមានលោកសម រង្ស៊ី នៅពីក្រោយ។ លោកលិម គិមយ៉ា, សួន សូរីដា, ហ៊ុន កុសល, បោយ រើយ, ច័ន្ទ រាម៘ ធ្លាប់និយាយពីមុនមកថា “គណបក្សភ្លើងទៀន មានសម រង្ស៊ី ដុតភ្លើង គឺបម្រើ ជភភ” ជាងនេះទៀត ក្រុមនេះ ធ្លាប់ចោទប្រកាន់អតីតចៅហ្វាយ សម រង្ស៊ី ថា “បម្រើហ៊ុន សែន” ឬ “ស៊ីលុយ ជភភ” ដោយរកមធ្យោបាយស្នើរូបមន្ត “៥០+១” ឱ្យសម្តេចហ៊ុន សែន បានកាន់អំណាចមួយជីវិត និងបញ្ជាក់ថា “មកពីរឿង “ទទានិងត្រយង” ទើបបក្សភ្លើងទៀន អាចឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ ខណៈដែល ជភភ បិទផ្លូវលោកកឹម សុខា។

ដោយឡែក លោកមុត ចន្ថា ជំនួយការលោកកឹម សុខា បានលើកឡើងថា ភ្លើងទៀន នឹងប្រើល្បិចអុកឡុកនៅពេល ចាញ់ឆ្នោត ដូចអ្វីដែលលោកផុសសំណេរតាមហ្វេសប៊ុក ថា “បក្សភ្លើងទៀន លោតចេញពីអតីតបក្សសង្គ្រោះជាតិ ចូលរួម ការបោះឆ្នោត ដើម្បីបម្រើឱ្យបុព្វហេតុ និងមហិច្ឆតានយោបាយរបស់លោកសម រង្ស៊ី។ មិនគួរសង្ស័យឡើយ គឺថា កាលណា គណបក្សនេះដណ្តើមបានអំណាចនយោបាយ ទោះបីតិចឬច្រើន នៅក្នុងការបោះឆ្នោត បក្សនេះនឹងក្លាយជាកូនអុក ឬឧបករណ៍នយោបាយរបស់លោកសម រង្ស៊ី ដើម្បីបង្កាត់ភ្លើងបង្កការអុកឡុកពីក្រៅប្រទេស គេព្យាករថា អំណាចនយោ-បាយថ្មី នៃបក្សភ្លើងទៀន នឹងត្រូវលោកសម រង្ស៊ី ប្រើប្រាស់…”។

ការលើកសំណេរលោកមុត ចន្ថា មកបង្ហាញនេះ មានន័យថា “សម រង្ស៊ី ប្រឆាំងចំប្លង់” ផ្ទុយពីលោកលិម គិមយ៉ា និង គ្នីគ្នាមួយចំនួនទៀតថា “សម រង្ស៊ី បម្រើ ជភភ”។ បើសហការីលោកកឹម សុខា “និយាយខុសគ្នាយ៉ាងនេះ ធ្វើនយោបាយ ម៉េចឈ្នះគេ?” មិនខុសពីមនុស្សចង្អុលកង់រទេះ ថាជារទេះ ចង្អុលចន្ទោល ថាជារទេះនោះទេ។

ពួកគាត់មិនឯកភាពគ្នាក្នុងការចេញសារនយោបាយ ពោលគឺបើវ៉ៃ សម រង្ស៊ី ត្រូវវ៉ៃឱ្យស្របកន្លែងមរណៈ ឬចំណុច ស្លាប់រស់ តែបើមួយពួកថា “បម្រើ ជភភ មួយពួកថា បើចាញ់ឆ្នោត និងបន្តការអុកឡុកស្មើនឹង “ប្រឆាំងផ្កាប់មុខ” យ៉ាងនេះ មហាជនដែលចាំតែឃ្លាំមើលនយោបាយក្រុមលោកកឹម សុខា នោះ “គ្រវីក្បាល សើចស្ញាញគ្រប់គ្នា”។

“នគរធំ” អត់កាន់ភ្លើងទៀន ឬកាន់ជើង សម រង្ស៊ី នោះទេ ធ្លាប់តែសុំបទសម្ភាសន៍ពីសហការីលោកកឹម សុខា ជាពិសេស លោកលិម គិមយ៉ា ហ៊ុន កុសល មកចុះផ្សាយញឹកញាប់ជាងក្រុមលោក សម រង្ស៊ី លុះឃើញពួកគាត់ “ចង្អុលមិនចំរទេះ” បែបនេះ ធ្វើឱ្យស្រងាកចិត្តមិនតិចទេ។

និយាយឱ្យត្រង់ទៅ ពីមុន យើងតែងពិចារណាថា ប្រហែលជាសម រង្ស៊ី បម្រើ ជភភ មែន បានជាសហការីលោកកឹម សុខា ចោទថា ស៊ីឈ្នួល ជភភ លុះពិនិត្យសំណេរលោកមុត ចន្ថា បញ្ជាក់ពីរឿង សម រង្ស៊ី ជា “ថៅកែបាតុកម្ម” ក៏យកមក ពិចារណាឡើងវិញ។ វាមិនដែលអ្នកបម្រើឯណាដឹកនាំធ្វើបាតុកម្មឱ្យសមត្ថកិច្ចបង្ក្រាបឈាមដាបផ្លូវ ដូចករណីកម្មករ កម្មការិនីនាំគ្នាតវ៉ារឿងប្រាក់ឈ្នួល រហូតមានការបាញ់បង្ក្រាបពីសមត្ថកិច្ចនៅផ្លូវវេងស្រេង កាលពីថ្ងៃទី០៥ មេសា ឆ្នាំ ២០១៤ នេះទេ។ បើ សម រង្ស៊ី ជាបម្រើដាច់ថ្លៃ គ្មានសមត្ថកិច្ច ជភភ ឯណាទៅប្រើគ្រាប់កាំភ្លើងពិតៗនោះទេ យ៉ាងច្រើន គេបាញ់ទឹក ឬគ្រាប់បែកផ្សែងបង្ហៀរទឹកភ្នែក បំបែកហ្វូងបាតុករប៉ុណ្ណោះ តែបើប្រើគ្រាប់ពិត គឺមកពីសម រង្ស៊ី “ប្រឆាំង ផ្កាប់មុខ” ទើប ជភភ ប្រើធម៌ក្តៅ។

ដូច្នេះ ករណីក្រុមលោកកឹម សុខា និយាយខុសគ្នា ដែលមួយពួកថា “សម រង្ស៊ី បម្រើហ៊ុន សែន” ឯមួយពួកទៀតថា សម រង្ស៊ី ជាថៅកែបាតុកម្ម នាំអ្នកគាំទ្រទៅរកសេចក្តីស្លាប់នោះ មានន័យថា “និយាយមិនស្របគ្នា” ឬ “មិនដឹងថា អ្វីជា រទេះ”។

ហេតុនេះ គួរតែក្រុមលោកកឹម សុខា “ប្រជុំឯកភាពគ្នា” ក្នុងការចេញសារនយោបាយផង កុំឱ្យរាស្ត្រចាប់ចំណុចខ្សោយ បាន ព្រោះបើកាលណាម្នាក់ចង្អុលកង់ ម្នាក់ចង្អុលចន្ទោល វាមិនមែនរទេះទេ។ បើថា សម រង្ស៊ី បម្រើ ជភភ គួរថាឱ្យ ស្របគ្នាទៅ កុំម្នាក់ថា បម្រើ ជភភ ម្នាក់ថា ប្រឆាំងផ្កាប់មុខនោះ ខូចនយោបាយលោកកឹម សុខា អស់ហើយ ព្រោះថា ទោះជាគាត់អត់សិទ្ធិធ្វើនយោបាយដោយចំហ ក៏អាចធ្វើដោយសម្ងាត់បានដែរ។

ក្នុងរឿង “មនុស្សខ្វាក់ ចង្អុលដំរី” ក៏មានន័យដូចចង្អុលរទេះដែរ ខ្លះចាប់ប៉ះកន្ទុយ ថាដំរី មានរាងដូចអំបោស ខ្លះចាប់ ប៉ះភ្លុក ថាដំរីមានរាងដូចបំពង់ដែក ខ្លះចាប់ប៉ះជើង ក៏ថា ដំរីដូចសសរផ្ទះ៘

ដូច្នេះ អ្នកធ្វើនយោបាយ បើខ្វះឯកភាពក្នុងការឃោសនា ឬថាមិនស្របគ្នា បានត្រឹមគេសង្ស័យថា “ធ្វើនយោបាយ បំបែក”។ មិនមើលគណបក្សប្រជាជនកម្ពុជា (ជភភ) គេចេះនិយាយស្របគ្នា “ដូចចាក់ពុម្ព” មិនមែនខ្លះចង្អុលកង់ ខ្លះ ចន្ទោល ថារទេះ ឬខ្លះចាប់កន្ទុយ ខ្លះចាប់ភ្លុក ថាដំរីនោះទេ។ ក្រុមលោកកឹម សុខា ស្ទើរទាំងអស់ សុទ្ធតែនៅក្នុងស្រុក បើ និយាយមិនស្របគ្នា អត់ល្អទេ ម៉្យាងទៀត ទោះជាពួកគាត់ និយាយយ៉ាងណាក៏ ជភភ មិនរករឿង ផ្ទុយពីពួកសម រង្ស៊ី ដាក់វេនគ្នាចូលគុកជាបន្តបន្ទាប់។ ចំណុចនេះ ក៏អាចបង្ហាញពីលក្ខណៈ “ប្រឆាំងនិងបម្រើ” ដែរ ព្រោះវាមិនដែលអ្នកណា ចាប់អ្នកបម្រើដាក់គុកបន្តកន្ទុយគ្នានោះទេ តែមកពីប្រឆាំង ទើបបានគេចាប់។

សរុបទៅ “ចង្អុលមិនចំរទេះ” គ្រាន់តែជាទស្សនៈក្នុងន័យជួយបង្ហាញផ្លូវដល់ក្រុមសហការីលោកកឹម សុខា បើនិយាយ ពីនយោបាយ គួរនិយាយឱ្យស្របគ្នា ប៉ុន្តែបើរឿងសង្គម ចង់និយាយអីនិយាយទៅ។ នយោបាយ ជភភ មាន “ត្រីវិស័យចង្អុល ទិសខាងជើង” បើមេនាំទៅជើង កូនចៅទៅជើងអស់ហើយ។ ផ្ទុយទៅវិញ កូនចៅលោកកឹម សុខា អត់ត្រីវិស័យមើលទេ គាត់និយាយមិនស្របគ្នាសោះ។ រីឯក្រុមលោក សម រង្ស៊ី និងពួកភ្លើងទៀន បើលោក សម រង្ស៊ី នាំទៅលិចៗហើយ អត់ទៅ កើតទេ ដែលជាបរិបទសម្រាប់អ្នក “ចង្អុលមិនចំរទេះ ឬមិនចំដំរី” ពិចារណាតាមការគួរ…’

RELATED ARTICLES