Sunday, November 24, 2024
Homeសេដ្ឋកិច្ចជាតិកម្ពុជា មានសក្ដានុពលទេសចរណ៍សម្បូរបែប តែការផ្សព្វផ្សាយពុំទាន់បានទូលំទូលាយ

កម្ពុជា មានសក្ដានុពលទេសចរណ៍សម្បូរបែប តែការផ្សព្វផ្សាយពុំទាន់បានទូលំទូលាយ

ភ្នំពេញ ៖ ប្រទេសកម្ពុជា ជាប្រទេសដ៏មានសក្ដានុពលទេសចរណ៍សម្បូរបែបមួយ នៅក្នុងតំបន់ និងពិភពលោក ជាមួយនិងសក្ដានុពលមរតកវប្បធម៌ដ៏ចំណាស់ក្នុងតំបន់ និងសក្ដានុពលធម្មជាតិដ៏សម្បូរបែបនៅទូទាំងប្រទេស ជាពិសេសសក្ដានុពលទេសចរណ៍ធម្មជាតិ ប្រកបដោយអំណោយផលជាច្រើនកន្លែង ខណៈដែលទេសចរណ៍វប្បធម៌ ប្រទេសកម្ពុជា មានសំណង់ប្រាសាទបុរាណរាប់ពាន់ ព្រមទាំងមរតកសិល្បៈរូបី និងអរូបី ជាច្រើនផ្សេងទៀត ។ ប៉ុន្តែ

យ៉ាងណា ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ទោះបីកម្ពុជា មានសក្ដានុពលទេសចរណ៍ច្រើន ប៉ុន្តែព័ត៌មានអំពីប្រទេសកម្ពុជា ទៅកាន់ភ្ញៀវទេសចរអន្តរជាតិ ហាក់ពុំទាន់បានទូលំទូលាយនៅឡើយ ដែលទាមទារឱ្យមានការពង្រឹងនិងពង្រីកការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយនិងខ្លាំងក្លាបន្ថែមទៀត។

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ទេសចរណ៍កម្ពុជា ក្នុងបរិបទជំងឺកូវីដ-១៩» កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ថា សក្ដានុពលទេសចរណ៍ច្រើន ប៉ុន្តែព័ត៌មានអំពីប្រទេសកម្ពុជា ទៅកាន់ភ្ញៀវទេសចរអន្តរជាតិ ហាក់បីដូចជាពុំទាន់បានទូលំទូលាយនៅឡើយ ដែលទាមទារឱ្យមានការពង្រឹងការផ្សព្វផ្សាយកាន់តែទូលំទូលាយ និងខ្លាំងក្លាបន្ថែមទៀត។ មានលទ្ធភាពងាយៗមួយចំនួនដែលប្រជាជនកម្ពុជា អាចផ្សព្វផ្សាយអំពីទេសចរណ៍ និងផលិតផលរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព។

លោកបណ្ឌិត សុខ ទូច ថ្លែងថា ប្រទេសកម្ពុជា មានលទ្ធភាពកសាងខ្លួនក្លាយទៅជាគោលដៅទេសចរណ៍ដ៏ចម្បងមួយ ក្នុងចំណោមគោលដៅទេសចរណ៍សំខាន់ៗលើពិភពលោក ដែលក្នុងនោះ មានសក្ដានុពលទេសចរណ៍សំខាន់ៗចំនួន៦ ដែលកម្ពុជា អាចរៀបចំខ្លួនដើម្បីទទួលភ្ញៀវទេសចរបាន រួមមាន ៖ ទេសចរណ៍វប្បធម៌ ទេសចរណ៍ឆ្នេរ ទេសចរណ៍បរិស្ថាន ទេសចរណ៍ផលិតផល ទេសចរណ៍សិប្បនិមិត្ត និងទេសចរណ៍សុខាភិបាល។ ទោះជាយ៉ាងណា ទន្ទឹមនឹងសក្ដានុពលដែលមានខាងលើ ការផ្សព្វផ្សាយអំពីប្រទេសកម្ពុជា គឺជាកត្តាចម្បងមួយដែលចូលរួមចំណែកជំរុញវិស័យទេសចរណ៍កម្ពុជា។

លោកបណ្ឌិត សុខ ទូច បន្ថែមថា មានលទ្ធភាពងាយៗមួយចំនួនដែលប្រជាជនកម្ពុជា អាចផ្សព្វផ្សាយអំពីទេសចរណ៍ និងផលិតផលរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព នោះគឺការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈការបង្ហាញនិងទម្លាប់នៃការប្រើប្រាស់ផលិតផលក្នុងស្រុក។

លោកបណ្ឌិត សុខ ទូច បានសង្កត់ធ្ងន់ថា ប្រសិនបើយើងមិនបានបង្ហាញ គេមិនអាចដឹងថាយើងមាននោះឡើយ ហើយការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរ គ្រប់រូប ក្នុងការបង្ហាញអំពីទេសចរណ៍ និងផលិតផលរបស់កម្ពុជា គឺជាការផ្សព្វផ្សាយងាយៗ មិនអស់ថវិកា និងថែមទាំងមានប្រសិទ្ធភាពថែមទៀតផង។ លោកបណ្ឌិត បានលើកឡើងនូវការអភិរក្សសិល្បៈការពារខ្លួនរបស់ខ្មែរ ហៅថា «ល្បុក្កតោ» ដែលគេអាចស្គាល់ច្បាស់ថា ជារបស់ខ្មែរ ពុំមែនជាជារបស់សៀម នោះឡើយ ហើយដែលខ្មែរយើងមានតឹកតាងសំខាន់នៅលើជញ្ជាំងប្រាសាទបាយ័ន ដែលបានសបញ្ជាក់បានយ៉ាងច្បាស់ថា វាគឺជាក្បាច់គុនរបស់ដូនតាខ្មែរ។

បន្ថែមពីនេះ លោកប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានលើកឡើងនូវការថែរក្សា និងបង្ហាញដល់ភ្ញៀវទេសចរណ៍ អំពី «របាំអប្សរា» គឺជាការផ្សព្វផ្សាយដ៏សំខាន់ដែលគប្បីត្រូវបានរៀបចំឡើងឱ្យកាន់តែផុសផុល ដែលកន្លងមក ខ្មែរយើងមានរៀបចំឱ្យសម្ដែងនៅក្នុងពិធីសំខាន់ៗនានា គួរគប្បីរៀបចំសម្ដែងនៅពេលដែលទេសចរចុះពីលើយន្តហោះ ហើយមកដល់កន្លែងទទួលភ្ញៀវភ្លាម។ បើតាមលោកបណ្ឌិត សុខ ទូច នេះគឺជាការបង្ហាញអត្តសញ្ញាណជាតិផង និងជាការទាក់ទាញចំណាប់អារម្មណ៍ឱ្យទៅទស្សនាចម្លាក់ប្រាសាទបុរាណនានារបស់ខ្មែរយើងផង។

ជាងនេះទៅទៀត លោកបណ្ឌិត បានថ្លែងសង្កត់ធ្ងន់ថា ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ កន្លងមកនេះ គឺជាឱកាសដ៏ពិសេស និងស័ក្តិសមបំផុត ដែលកម្ពុជា អាចបង្ហាញទៅដល់បរទេស នូវអ្វីដែលខ្មែរមាន ដូចជា សម្លៀកបំពាក់បំពាក់ប្រពៃណី របាំ-ល្បែងប្រជាប្រិយ រមណីយដ្ឋានវប្បធម៌ ទីកន្លែងទេសចរណ៍ធម្មជាតិ និងចំណុចពិសេសផ្សេងៗជាច្រើនទៀត ដែលអាចអន្ទងចិត្តទេសចរ ឱ្យចាប់អារម្មណ៍មកទស្សនាប្រទេសកម្ពុជា។

ក្នុងន័យបង្ហាញនូវអ្វីដែលខ្លួនមាននេះ លោកបណ្ឌិត សុខ ទូច បានគូសបញ្ជាក់បន្ថែមថា ការទទួលភ្ញៀវទេសចរ គប្បីប្រើប្រាស់ទឹកផ្លែឈើ ឬម្ហូបអាហារ គួរតែជាផលិតផលដែលអាចបង្ហាញដល់ភ្ញៀវទេសចរថា ពួកគេពិតជាបានមកដល់ប្រទេសកម្ពុជា និងបានពិសាអាហារដែលត្រូវបានដាំដុះលើទឹកដីខ្មែរ ពិតប្រាកដមែន។

លើសពីនេះទៅទៀត ប្រជាជនខ្មែរ គួរតែបណ្ដុះចិត្តគំនិតជាតិនិយម ចូលរួមជំរុញនិងផ្លាស់ប្ដូរនិន្នាការរបស់ខ្លួន ងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក ដែលវាជាសញ្ញាណមួយបង្ហាញដល់បរទេសថា ខ្មែរមានអ្វីដែលជារបស់ខ្លួន ហើយនៅពេលដែលពួកគេមកដល់ប្រទេសកម្ពុជា ពួកគេពិតជានឹងមានអារម្មណ៍ប្លែក ដោយបានមកស្គាល់ ស្វែងយល់ និងដឹងច្បាស់នូវអំពីការរស់នៅរបស់ជនជាតិខ្មែរ ព្រមទាំងបានស្គាល់នូវផលិតផលរបស់ខ្មែរ ពិតប្រាកដ៕ ខៀវទុំ

RELATED ARTICLES