Sunday, December 22, 2024
Homeបរិយាយបក្សក្បាល២

បក្សក្បាល២

លោកបណ្ឌិត សូ ណារ៉ូ បានលើកឡើងថា “សម រង្ស៊ី ២០២៣ នឹងបាត់ទាំង ភ្លើងទៀន និងព្រះអាទិត្យ” មិនខុសអ្វីទេ ប៉ុន្តែពីមុនហេតុអ្វី លោកបណ្ឌិត មិន និយាយអ៊ីចឹង?

ករណីនេះ “នគរធំ” ធ្លាប់និយាយយូរ ហើយ ពីរឿង ជណភ្រ បែកជាពីរ ដូចហ៊្វុនស៊ិនប៉ិច ដោយប្រៀបធៀបទៅនឹង អក្សរសិល្ប៍ពុទ្ធសាសនា រឿង “សត្វ ហង្សក្បាល២” ដែលតំណាលថា កាលនោះ ព្រានព្រៃដាក់អន្ទាក់បានហង្សភ្លោះ មានក្បាល២ ខ្លួនព្រែកជា២ តែជាប់សាច់គ្នា យកទៅថ្វាយស្តេច។ ព្រះមហាក្សត្រ ត្រាស់បង្គាប់ថា បើមន្ត្រីណាអាចធ្វើឱ្យហង្ស ក្បាល២នេះ បែកចេញពីគ្នាបាន ដោយគ្មានគ្រោះថ្នាក់ ព្រះអង្គ នឹងប្រទានរង្វាន់ធំ បានឡើងបុណ្យស័ក្តិ។

កាលនោះ មានអាមាត្យម្នាក់ ចេះល្បិចបំបែក ពេលរៀបខ្លួនឡើងគាល់ស្តេច គាត់ដើរទៅបង្ហាញមុខឱ្យហង្សក្បាល២ឃើញ។ លុះចុះពីគាល់ស្តេចវិញ គាត់ ឱនខ្សឹបអេចអូចដាក់ត្រចៀកហង្សម្ខាង។ លុះអាមាត្យទៅផុត ហង្សម្ខាងទៀត ក៏សួរគ្នាថា តើអាមាត្យខ្សឹបប្រាប់ឯងពីរឿងអ្វី? ហង្សដែលគេខ្សឹប ក៏ឆ្លើយថា អត់ខ្សឹបអ្វីទេ គ្រាន់តែធ្វើមាត់អេចអូច មិនចេញសំឡេង។ ហង្សម្ខាងអន់ចិត្ត ណាស់ យល់ថា មកពីសម្លាញ់ចិត្តមិនត្រង់ ទើបមិនប្រាប់ការសម្ងាត់ឱ្យខ្លួនដឹង។ ក្រោយមកទៀត អាមាត្យដ៏ឆ្លាតនោះ ចេះតែទៅខ្សឹបខ្យល់ដាក់ត្រចៀកហង្ស តែមួយនោះដដែលៗ ជាហេតុនាំឱ្យហង្សមិនត្រូវបានគេខ្សឹប លែងទុកចិត្តមិត្ត កើតជាការឈ្លោះប្រកែក ទទះស្លាបចឹកគ្នា ជាកោលាហល។ អំណាចនៃសេចក្តី ក្រោធ ធ្វើឱ្យសរីរៈហង្សទាំង២ បែកចេញពីគ្នា ដោយមិនចាំបាច់វះកាត់ ទើបអាមាត្យ នោះ ចាប់ហង្ស ទៅថ្វាយស្តេច និងប្រាប់ពីឧបាយកលបំបែកដោយវិធីខ្សឹប។

ព្រះមហាក្សត្រ ទ្រង់តក់ស្លុតព្រះទ័យខ្លាំងណាស់ នៅពេលទតឃើញហង្ស ទាំង២ ដែលធ្លាប់ស្រលាញ់គ្នា ដាក់ជិតគ្នាមិនបាន នៅតែចឹកគ្នា ក៏យល់ថា “អាវុធញុះញង់ ខ្លាំងក្លាណាស់” ទើបព្រះអង្គឱ្យយកហង្សទាំង២ ទៅលែងចោល ឯព្រៃភ្នំហិមពាន្ត។

យ៉ាងណាមិញ សម្ព័ន្ធភាពសម រង្ស៊ី-កឹម សុខា ដែលធ្លាប់ល្អូកល្អិននឹងគ្នា ស្បថសច្ចាស្លាប់រស់ជាមួយគ្នានោះ ចៀសមិនផុតពី “បែកជាពីរដូចហង្ស” ដោយ- សារអាវុធញុះញង់។ ការញុះញង់សម័យនេះ មិនចាំបាច់ខ្សឹបខ្សៀវ ដូចអាមាត្យ ដ៏ឆ្លាតនោះទេ តែគេរកអ្នកពូកែឱ្យវាយប្រហារតាមបណ្តាញសង្គម។ មិនបាច់ ឆ្ងល់ទេថា អតីតគណបក្សសង្គ្រោះជាតិ (ជណភ្រ) នឹងបែកជា២ ទោះបីជាមេ ប្រឆាំង សម រង្ស៊ី និងមេប្រឆាំង កឹម សុខា នៅតែរក្សាឥរិយាបថ “ទាមទារ ជណភ្រ មកវិញ” ក៏ដោយ។ លោកសម រង្ស៊ី ទៅដល់ណា ក៏ក្នុងនាមប្រធាន ស្តីទី ជណភ្រ ក៏ដូចលោកកឹម សុខា ទោះជាជាប់សំណាញ់ច្បាប់ ក៏គាត់រក្សា តួនាទី ជាប្រធាន ជណភ្រ ដដែល។

ប៉ុន្តែអាវុធញុះញង់បំបែក ដែលចេញពីគ្រប់ទិសទីតាមបណ្តាញសង្គមនោះ ខ្លាំងក្លាណាស់ ធ្វើឱ្យបក្សសង្គ្រោះជាតិ ក្លាយទៅជា “បក្សក្បាល២” ចៀសមិន រួចឡើយ។

បក្សក្បាល២ បើបែកចេញពីគ្នា ដាក់ជិតគ្នា អត់បានទេ ប៉ុន្តែមេប្រឆាំង សម រង្ស៊ី និងកឹម សុខា សុទ្ធតែប្រើល្បិចសម្ងាត់នៅពីក្រោយបក្សភ្លើងទៀន ឬបក្សកែទម្រង់កម្ពុជា។ ល្បិចទល់ល្បិច បើមនុស្សមិនឆ្លាត ចាំតែចាញ់គេទៅ តែអ្វីដែល “នគរធំ” ហ៊ានថា នៅត្រង់ ជភភ មានអ្វីៗក្នុងដៃទាំងអស់ មិនខុស ពីតួអង្គព្រះមហាក្សត្រ ត្រាស់បង្គាប់មន្ត្រីឱ្យបំបែកហង្សក្បាល២ លុះបំបែកបាន បែរជាឱ្យយកហង្សទៅលែងចោលឯព្រៃហិមពាន្ត ដោយមិនធ្វើបាបវាទេ។

យ៉ាងណាមិញ ជណភ្រ បែកជា២ ក៏បក្សកាន់អំណាច មិនធ្វើបាបដែរ ទោះជា ជភភ ជាប់ឆ្នោត បានកាន់អំណាចបន្ត ១០០ឆ្នាំទៀត ក៏បើកផ្លូវឱ្យពួក ប្រឆាំង រួមរស់ជាមួយ។ រឿងដែលព្រះមហាក្សត្រ ចង់បំបែកហង្សជា២ មក ពីចង់ទុកអាមួយចិញ្ចឹមក្នុងវាំង ចង់យកអាមួយទៀតទៅដាក់សួនសត្វ ប៉ុន្តែ ព្រះអង្គ កើតធម្មសង្វេគខ្លាំងពេក តក់ស្លុតនឹងការញុះញង់បំបែក ក៏ឱ្យយកទៅ លែងចោលឯព្រៃ…”

RELATED ARTICLES