នៅក្នុងបទសម្ភាសន៍ប្រចាំថ្ងៃជាមួយសារព័ត៌មាន Il Messaggero លោក Paolo Gentiloni ស្នងការសេដ្ឋកិច្ចប្លុកអឺរ៉ុបបានប្រាប់អោយដឹងថា សហភាពអឺរ៉ុប(EU)មានគោលបំណងកាត់បន្ថយការពឹងផ្អែក
លើប្រេងនិងឧស្ម័នរបស់រុស្ស៊ីចំនួន២ភាគ៣នៅចុងឆ្នាំ ២០២២និងដល់កម្រិតសូន្យត្រឹមចុងឆ្នាំ២០២៧ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានAnews។

Gentiloni ក៏បានប្រាប់កាសែតខាងលើអោយដឹងដែរថា EU នឹងកាត់បន្ថយការប៉ាន់ប្រមាណកំណើនផ្ទាល់ខ្លួនសម្រាប់ឆ្នាំ 2022 ពីគោលដៅដែលបានកំណត់មុន 4% ដោយបន្ថែមថាវាលឿនពេកក្នុងការនិយាយថាតើការធ្លាក់ចុះនេះនឹងនាំឱ្យមានភាពជាប់គាំងឬយ៉ាងណា។សហភាពអឺរ៉ុបនឹងចេញផ្សាយការព្យាករណ៍និទាឃរដូវរបស់ខ្លួននៅថ្ងៃទី 16 ខែឧសភា។
កាលពីសប្តាហ៍មុនមូលនិធិរូបិយវត្ថុអន្តរជាតិ បានទម្លាក់ការព្យាករណ៍កំណើនសេចកិច្ចសម្រាប់តំបន់ចាយប្រាក់អឺរ៉ូឆ្នាំ២០២២ ពី ៣,៩% មកត្រឹម ២,៨% ដែលជាផលវិបាកនៃសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី។
សហភាពអឺរ៉ុបបាននាំចូលច្រើនជាង ៤០% នៃការប្រើប្រាស់ឧស្ម័នសរុបរបស់ខ្លួន ២៧% នៃការនាំចូលប្រេងនិង៤៦%នៃការនាំចូលធ្យូងថ្មពីប្រទេសរុស្ស៊ី៕