ភ្នំពេញ ៖ កម្លាំងផ្នែកការងារសន្តិសុខ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ក្រោមការបញ្ជារបស់លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានសហការ

ជាមួយនិងមន្ត្រីក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍កម្ពុជា និងកម្លាំងនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនស្ត្រីម្នាក់ លក់ស៊ីមកាតទូរស័ព្ទ មិនយកអត្តសញ្ញាណប័ណ្ណ និងក្លែងបន្លំអត្តសញ្ញាណប័ណ្ណ ។

ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ដោយបង្ក្រាបបានករណីលក់ស៊ីមកាតទូរស័ព្ទ មិនយកអត្តសញ្ញាណប័ណ្ណ និងក្លែងបន្លំអត្តសញ្ញាណប័ណ្ណ នៅចំណុចមុខរបងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លើចិញ្ចើមផ្លូវ២៧១ ជិតកែងផ្លូវ លេខ១៨៣ ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។

ស្ត្រីម្នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះសុខ ស្រីម៉ៅ ភេទស្រី ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

វត្ថុតាងដកហូតបាន រួមមាន ទូរស័ព្ទដៃ សម្រាប់ដំណើរស៊ីមកាតលេខទូរស័ព្ទ ពណ៌ស ម៉ាកសាប ១គ្រឿង ស៊ីមកាតចំនួន ៣ប្រព័ន្ធ សរុប ២៤៧ស៊ីមកាត (ស៊ីមស្មាត ចំនួន១១៣ស៊ីមកាត មិតហ្វូន ចំនួន ៥៩ស៊ីមកាត និងសែលកាត ចំនួន៧៥ស៊ីមកាត) សៀវភៅកត់ទិន្នន័យលក់ស៊ីមកាត តាងរាងបញ្ចីរាយលេខទូរស័ព្ទ។

ក្រោយពីសមត្ថកិច្ចធ្វើការសាកសួរ ស្ត្រីខាងលើ បានសារភាពទទួលស្គាល់ថា ខ្លួនពិតជាបានលក់ស៊ីមទូរស័ព្ទ ទៅឱ្យប្រជាពលរដ្ឋ ដោយពុំបានយកអត្តសញ្ញាណប័ណ្ណប្រាកដមែន ដោយលក់ឱ្យម្ចាស់ឈ្មោះប្រសើរ (ស្គាល់មិនច្បាស់)។ បន្ទាប់ពីសាកសួររួច សមត្ថកិច្ចបានធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យា ទើបអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ៕