Friday, April 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរជើង១ ជំនាញលួចម៉ូតូ ចូលគុកលើកទី៤

ចោរជើង១ ជំនាញលួចម៉ូតូ ចូលគុកលើកទី៤

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ ដែលជាមនុស្សពិការជើងម្ខាង តែងធ្វើសកម្មភាពលួចម៉ូតូយ៉ាងកក្រើក ពេញក្នុងក្រុងបាត់ដំបង និងតាមបណ្តាស្រុកមួយចំនួន នាពេលកន្លងមក និងធ្លាប់ជាប់ពន្ធនាគារចំនួន ៣ដងរួចមកហើយ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចាប់ខ្លួនបាន និងបានរៀបចំកសាងសំណុំរឿង បញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី១៥ ឧសភា ឆ្នាំ២០២២ ដើម្បីចាត់ការតាមច្បាប់។

លោកឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកកម្រិតស្រាល បានបញ្ជាក់ប្រាប់ថា ជនសង្ស័យខាងលើ មានឈ្មោះឃុត ប៊ុនធិន អាយុ៥២ឆ្នាំ មានលំនៅ ភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។ ជននេះត្រូវកម្លាំងរបស់លោកធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ខណៈដែលជននេះចេញពីហាងកាហ្វេមួយកន្លែង ក្នុងភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់។

លោកគឹមសុង បានបញ្ជាក់ថា ជនសង្ស័យម្នាក់នេះពិការជើងម្ខាង តែមានប្រវត្តិប្រព្រឹត្តបទល្មើស (កាច់កម៉ូតូ) រាប់ភ្លេច និងធ្លាប់ជាប់គុក ចំនួន៣លើក នៅខេត្តសៀមរាប ទៀតផង ដោយសារតែការប្រព្រឹត្តអំពើចោរកម្មដដែលៗនេះ។ ជនសង្ស័យ ឈ្មោះឃុត ប៊ុនធិន ដែលពិការជើងស្តាំម្ខាង ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនដោយពាក់ព័ន្ធបទល្មើសចុងក្រោយ ដែលធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង នៅចំណុចផ្សារលើ ក្នុងក្រុងបាត់ដំបង កាលពីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ របស់ជនរងគ្រោះឈ្មោះបឿង លក្ខណា ភេទស្រី អាយុ៣២ឆ្នាំ មានលំនៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល។

រាល់សកម្មភាពរបស់ជនសង្ស័យពិការជើងម្ខាងនេះ ជាញឹកញាប់បានជាប់នៅកាមេរ៉ាសុវត្ថិភាព ដែលគេបំពាក់នៅខាងមុខផ្ទះ ឬនៅតាមកន្លែងលក់ដូរនានា។ មហាជន និងសមត្ថកិច្ច បានកត់សម្គាល់យ៉ាងច្បាស់ ត្រង់ដំណើររលាក់ជើងម្ខាងរបស់ជនដៃដល់ នៅពេលពិនិត្យលើកាមេរ៉ាសុវត្ថិភាព តែជននេះមិនខ្វល់ពីកាមេរ៉ាសុវត្ថិភាពទេ នៅពេលធ្វើសកម្មភាពម្តងៗ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យពិការជើងម្ខាងនេះ បានសារភាពថា ខ្លួនធ្លាប់ប្រព្រឹត្តបទល្មើសលួចម៉ូតូនៅតាមទីផ្សារ យ៉ាងច្រើន ចំនួន៥លើក ហើយម៉ូតូដែលបាត់នៅផ្សារបឹងឈូក និងផ្សារលើ ក្នុងក្រុងបាត់ដំបង កន្លងមកនេះ គឺខ្លួនជាអ្នកលួច។

ជននេះធ្វើជាភ្លេចភ្លាំង នៅពេលត្រូវសាកសួរពីចំនួនបទល្មើសដែលខ្លួនបានប្រព្រឹត្តលើសពី៥លើក ដោយនិយាយថា មិនចាំទេ។ ប៉ុន្តែបើតាមប្រវត្តិបទល្មើសដែលជននេះបានប្រព្រឹត្ត ហើយត្រូវមន្ត្រីជំណាញក្តាប់បាន បុរសនេះ អាចប្រព្រឹត្តលើសពី៥លើក ពោលគឺច្រើនករណី ណាស់។ ជាមួយនឹងការឃាត់ខ្លួន សមត្ថកិច្ចបានឈានដល់ការឆែកឆេរលំនៅឋានរបស់ជនសង្ស័យ និងបានរកឃើញវត្ថុតាងជាច្រើន ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស ។

វត្ថុតាងដែលដកហូតបាន រួមមាន ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1HN-7466 កូនសោម៉ូតូ ចំនួន ២៥គ្រាប់ ទួរណឺវីស ចំនួន២ដើម មួកសុវត្ថិភាព ចំនួន២ ព្រមទាំងសម្លៀកបំពាក់ដែលជននេះតែងប្រើប្រាស់ពេលចេញធ្វើ សកម្មភាព ។

ពាក់ព័ន្ធនឹងវត្ថុតាងខាងលើ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់មួក និងសម្លៀកបំពាក់នេះមែន ពេលធ្វើសកម្មភាពលួចម៉ូតូម្តងៗ។ ដោយឡែក កូនសោម៉ូតូ ចំនួន២៥គ្រាប់នោះ ជននេះបានសារភាពថា ជាកូនសោដែលខ្លួនបានធ្វើ ដើម្បីទុកចាក់សោលួចម៉ូតូគេ។ ជននេះបានបញ្ជាក់ថា ខ្លួនមិនប្រើដែកអក្សរតេ ដូចចោរដទៃទៀត ដើម្បីកាច់សោ-ក លួចម៉ូតូទេ គឺខ្លួនគ្រាន់តែប្រើទូរស័ព្ទដៃ ថតយករូបភាព សោម៉ូតូណាមួយដែលខ្លួនចង់លួច ជាគំរូ (ពេលម្ចាស់ទុកប្រហែស) រួចយកមកធ្វើ (កែច្នៃ) សោខ្លួនឯង គឺអាចយកទៅចាក់សោម៉ូតូនោះ លួចបានភ្លាមតែម្តង។

លោកឈឿង គឹមសុង បានបញ្ជាក់ថា បើស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យនេះ គឺជននេះលួចម៉ូតូជំនាញណាស់ ហើយធ្លាប់ជាប់គុក ៣ដង នៅខេត្តសៀមរាប ក្រោយចេញពីគុកជននេះ បានចាប់ផ្តើមអាជីពដដែលជាថ្មីលើទឹកដីខេត្តបាត់ដំបង យ៉ាងកក្រើក។ ប៉ុន្តែយ៉ាង ណា ពេលនេះត្រូវសមត្ថកិច្ចចាប់បញ្ចូលគុក ជាលើកទី៤ នៅខេត្តបាត់ដំបង៕

RELATED ARTICLES