កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ មិថុនា ២០២២ សមាជិកព្រឹទ្ធសភាអាមេរិកពីររូបបានណែនាំច្បាប់មួយ ដើម្បីបង្កើនការគាំទ្រសន្តិសុខសម្រាប់កោះតៃវ៉ាន់ រួមទាំងការផ្តល់ជំនួយរាប់ពាន់លានដុល្លារ ដើម្បីផ្លាស់ប្តូរច្បាប់ចាស់ៗដែលមានជាច្រើនទសវត្សរ៍មកហើយស្ថិតនៅក្រោមទំនាក់ទំនងក្រៅផ្លូវការរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយកោះប្រជាធិបតេយ្យ។នេះបើយោងតាមការចេញផ្សាយរបស់សារព័រត៌មានរ៉យទ័រ។
សហរដ្ឋអាមេរិកដែលចោទប្រកាន់ចិនពីបទបង្កើនការបង្ខិតបង្ខំដោយយោធាមកលើកោះតៃវ៉ាន់ គឺជាអ្នកគាំទ្រដ៏សំខាន់ ទាំងការផ្គត់ផ្គង់អាវុធនិងថវិកាធ្វើអោយមានការកើនឡើងនូវជម្លោះរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំងហើយទំនាក់ទំនងរបស់ពួកគេបានឈានដល់ចំណុចទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។
ច្បាប់គោលនយោបាយតៃវ៉ាន់ឆ្នាំ២០២២របស់សមាជិកព្រឹទ្ធសភាអាមេរិកទាំងពីររូបបានចែងពីការគំរាមកំហែងដាក់ទណ្ឌកម្មធ្ងន់ធ្ងរប្រឆាំងនឹងសកម្មភាពឈ្លានពានរបស់ចិនមកលើកោះតៃវ៉ាន់នឹងផ្តល់ហិរញ្ញប្បទានយោធាបរទេសចំនួន៤,៥ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៤ ឆ្នាំខាងមុខព្រមទាំងចាត់ទុកតៃវ៉ាន់ជាសម្ព័ន្ធមិនមែនណាតូដ៏សំខាន់។
ប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភា លោក Bob Menendez មកពីគណបក្សប្រជាធិបតេយ្យ និងលោក Lindsey Graham មកពីគណបក្សសាធារណរដ្ឋ បាននិយាយថាវានឹងក្លាយជាការរៀបចំរចនាសម្ព័ន្ធឡើងវិញដ៏ទូលំទូលាយបំផុតនៃគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់ ចាប់តាំងពីច្បាប់ទំនាក់ទំនងតៃវ៉ាន់ឆ្នាំ ១៩៧៩ដែលជាមូលដ្ឋានគ្រឹះនៃការចូលរួមរបស់សហរដ្ឋអាមេរិកជាមួយកោះនេះចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនបើកទំនាក់ទំនងជាមួយចិននៅឆ្នាំនោះដែរ។
លោកMenendezបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថានៅពេលដែលទីក្រុងប៉េកាំងនៅតែបន្តស្វែងរកការបង្ខិតបង្ខំ និងធ្វើអោយកោះតៃវ៉ាន់ឯកោ វាមិនគួរមានការសង្ស័យ ឬភាពមិនច្បាស់លាស់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការឈរជាមួយប្រជាជនតៃវ៉ាន់និងលទ្ធិប្រជាធិបតេយ្យរបស់ពួកគេ។លោកបានបន្តថា ច្បាប់នេះបានផ្ញើសារយ៉ាងច្បាស់ថាចិនមិនគួរធ្វើកំហុសដូចរុស្ស៊ីដែលបានឈ្លានពានអ៊ុយក្រែនឡើយ។
លោកGrahamបាននិយាយថាគ្រោះថ្នាក់នឹងកាន់តែអាក្រក់ទៅៗប្រសិនបើយើងបង្ហាញភាពទន់ខ្សោយក្នុងការប្រឈមមុខនឹងការគំរាមកំហែងនិងការឈ្លានពានរបស់ចិនចំពោះតៃវ៉ាន់។ អ្នកទាំងពីរសង្ឃឹមថានឹងមានការបោះឆ្នោតពីគណៈកម្មាធិការដើម្បីបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅជាន់ព្រឹទ្ធសភានៅដើមសប្តាហ៍ក្រោយ។
ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើច្បាប់ដែលបានស្នើឡើងនោះទេ។
តើវាងាយស្រួលទេក្នុងការធ្វើច្បាប់នេះ?
មន្ត្រីអាមេរិកម្នាក់ដែលយល់ដឹងពីច្បាប់នេះបាននិយាយថា ធាតុមួយចំនួនរបស់វាបានធ្វើឱ្យរដ្ឋបាលរបស់ប្រធានាធិបតី ចូបៃឌិន និងក្រសួងការបរទេសមានការមិនសប្បាយចិត្ត ដោយសារមានការព្រួយបារម្ភថាវាអាចប្រឆាំងនឹងប្រទេសចិន។
ច្បាប់នីមួយៗនឹងត្រូវឆ្លងកាត់តំណាងសភាទាំងពីរខណៈច្បាប់មួយផ្សេងទៀតដែលមានបំណងជំរុញការប្រកួតប្រជែងរបស់សហរដ្ឋអាមេរិកជាមួយប្រទេសចិនកំពុងស្ថិតនៅក្នុងសភាអស់រយៈពេលជាច្រើនខែមកហើយ។សេតវិមាននិងក្រសួងការបរទេសមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។
ប្រសិនបើច្បាប់នេះប្រសូតឡើងមែននោះមានន័យថាប្រធានាធិបតីអាមេរិកនឹងតម្រូវឱ្យដាក់ទណ្ឌកម្មលើមន្ត្រីចិន រួមទាំងប្រធានាធិបតីផងដែរ។ជាការឆ្លើយតបទៅនឹង ការកើនឡើងនៅក្នុងសកម្មភាពអរិភាព ឬប្រឆាំងនឹងតៃវ៉ាន់បែបនេះវាអាចជាការបំផ្លាញ ឬផ្តួលរំលំរដ្ឋាភិបាលរបស់តៃវ៉ាន់ ឬការកាន់កាប់កោះនេះតែម្តង៕