កូនស្រីរបស់ប្រធានាធិបតីហ្វីលីពីន ជិតផុតអាណត្តិឌូតើតេ គឺលោកស្រីសារ៉ា ឌូតើតេ កាពីអូ(Sara Duterte-Carpio)បានស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីទី ១៥ កាលពីថ្ងៃអាទិត្យទី១៩មិថុនា២០២២។នៅក្នុងពិធីស្បថចូលកាន់ដំណែងលោកស្រីអំពាវនាវឱ្យមានឯកភាពជាតិបន្ទាប់ពីយុទ្ធនាការបោះឆ្នោតដែលបែកបាក់។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័។
ដូចឪពុកដែរ លោកស្រីបានបណ្តុះបណ្តាលជាមេធាវី មុនពេលចូលប្រឡូកក្នុងឆាកនយោបាយក្នុងឆ្នាំ ២០០៧ នៅពេលដែលលោកស្រីត្រូវបានបោះឆ្នោតជាអភិបាលរង
នៅទីក្រុង Davao ចម្ងាយ ១០០០ គីឡូម៉ែត្រពីរដ្ឋធានីម៉ានីល។
ដំបូងឡើយលោកស្រីចង់ធ្វើជាវេជ្ជបណ្ឌិត ប៉ុន្តែផ្ទុយទៅវិញលោកស្រីបានបន្តអាជីពនយោបាយ ហើយនៅឆ្នាំ២០១០បានស្នងតំណែងឪពុកក្លាយជាអភិបាលក្រុង Davao ស្ត្រីដំបូងគេ។
ក្នុងសន្ទរកថានៅក្នុងពិធីស្បថចូលកាន់តំណែងនៅទីក្រុង Davao ដែលជាស្រុកកំណើត លោកស្រីបានថ្លែងថា
ប៉ុន្មានថ្ងៃខាងមុខអាចនឹងពោរពេញទៅដោយបញ្ហាប្រឈមហើយលោកស្រីបានអំពាវនាវឱ្យរួបរួមគ្នាជាប្រទេស ជាតិមួយ។
លោកស្រីកាពីអូ វ័យ ៤៤ឆ្នាំគឺជាមិត្តរួមដំណែងរបស់លោកFerdinand Marcos Jr. ដែលបានឈ្នះនៅក្នុងការបោះឆ្នោតថ្ងៃទី៩ ខែឧសភា ហើយនឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់ប្រទេសនៅថ្ងៃទី ៣០ខែមិថុនា ។លោកFerdinand Marcos Jrដែលជាកូនប្រុស ជនផ្តាច់ការម៉ាកូសដែលត្រូវបានបណ្តេញចេញពីអំណាចនៅក្នុងការបះបោរឆ្នាំ១៩៨៦ក៏បានចូលរួមក្នុងពិធីស្បថចូលកាន់អំណាចជាមួយសាច់ញាតិ សម្ព័ន្ធមិត្ត និងអ្នកគាំទ្ររបស់លោកស្រីកាពីអូផងដែរ ៕