Sunday, November 24, 2024
Homeព័ត៌មានជាតិប្តីឯងនៅជ្រងោ ប្រពន្ធផិតជាមួយប្តីគេ ប្តីនាំកូនប្តឹងមេឃុំ ដេញចេញពីផ្ទះ

ប្តីឯងនៅជ្រងោ ប្រពន្ធផិតជាមួយប្តីគេ ប្តីនាំកូនប្តឹងមេឃុំ ដេញចេញពីផ្ទះ

ខេត្តកំពត ៖ បុរសម្នាក់ រួមនិងកូនប្រុសស្រីចំនួន ៦នាក់ បានលើកគ្នាឡើងមកសាលាឃុំ ដើម្បីស្នើសុំអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន បណ្តេញប្រពន្ធនិងម្តាយរបស់ខ្លួន ឱ្យចុះចេញពីផ្ទះ ដោយអះអាងថា ប្រពន្ធនិងម្តាយរូបនេះ មានចិត្តមិនស្មោះត្រង់នឹងគ្រួសារ លួចលាក់មានប្រុសថ្មី ផិតក្បត់ចិត្តប្តី និងកូនទាំង ៦នាក់។

បុរសជាប្តីដែលអះអាងថា ប្រពន្ធរបស់ខ្លួនផិតក្បត់ លួចលាក់មានប្រុសថ្មី និងបានមកសុំអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាននោះ មានឈ្មោះស៊ូ ប្រុស ហៅតាការ៉ែម អាយុ៥២ឆ្នាំ។ ចំណែកស្ត្រីជាប្រពន្ធដែលរងការចោទប្រកាន់ មានឈ្មោះមួង ស្រី អាយុ៥១ឆ្នាំ។ ប្តីប្រពន្ធនេះ រួមរស់បង្កើតបានកូនប្រុសស្រីសរុប ៨នាក់ តែបានស្លាប់ ២នាក់ទៅហើយ ដោយសារតែឧបទ្ទវហេតុបាក់រលំអគារសង្កត់ស្លាប់ កាលពីឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ ហេតុនេះសព្វថ្ងៃនៅសល់តែកូនប្រុសស្រីចំនួន ៦នាក់ប៉ុណ្ណោះ។

គ្រួសារដែលកើតមានជម្លោះដ៏ចម្រូងចម្រាសនេះ មានលំនៅក្នុងភូមិព្រៃទទឹង ឃុំអង្គសុរភី ស្រុកកំពង់ត្រាច។

តាមសម្តីបុរសជាប្តី បានរៀបរាប់ប្រាប់ថា ប្រពន្ធរបស់គាត់ ឈ្មោះមួង ស្រី នេះ ត្រូវគេដឹងឮរន្ទឺសុះសាយពេញភូមិអស់ហើយថា នាងបានលួចលាក់មានប្រុសថ្មី។ ដោយសារតែផ្ទុះរឿងហេតុជាបន្តបន្ទាប់ ទើបនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ពួកគាត់ទាំង២នាក់ប្តីប្រពន្ធ រួមទាំងកូនៗប្រុសស្រីទាំង៦នាក់ និងថែមទាំងមានប្រជាពលរដ្ឋជាង ២០នាក់ទៀត នៅភូមិព្រៃទទឹង ដែលជាអ្នកគាំទ្ររូបគាត់ជាប្តី បាននាំគ្នាមកសាលាឃុំអង្គសុរភី ដើម្បីធ្វើការដោះស្រាយគ្នា ។ ប៉ុន្តែការដោះស្រាយនោះ លោកកែវ សុខា ជាមេឃុំអង្គសុរភី ជាប់រវល់ មិនបានចូលរួមទេ នៅតែលោកស្រី ចាន់ ពៅ ជំទប់១ ឃុំអង្គសុភី រួមទាំងនគរបាលប៉ុស្តិ៍។

តាមការឱ្យដឹងពីកូនស្រីឈ្មោះស៊ូ ម៉ី អាយុ២១ឆ្នាំ បានរៀបរាប់ប្រាប់ថា នាងពិតជាអាណិតឪពុករបស់នាងខ្លោចចិត្ត ព្រោះឪពុកនាង ជាជនពិការ បាក់ឆ្អឹងខ្នងដោយសារធ្លាក់ពីលើផ្ទះថ្មនៅស្រុកថៃ។ បន្ទាប់ពីជាសះស្បើយ ឪពុកនាងប្រកបរបរលក់ការ៉ែម តែមិនប៉ុន្មានខែ ប្អូនៗ ប្រុស២នាក់ ត្រូវបានអគារបាក់សង្កត់ស្លាប់ទាំងពីរនាក់បងប្អូនទៀត លុះមិនបានប៉ុន្មានផង ម្តាយនាងបែរទៅលួចលាក់មានប្រុសថ្មីទៀត ធ្វើឱ្យឪពុករបស់នាងគ្រាំគ្រាផ្លូវចិត្តយ៉ាងខ្លាំង។ នាងស៊ូ ម៉ី បានបន្តថា ម្តាយរបស់នាងថែមទាំងបានចាញ់បោកបុរសជាប្តីក្រោយ អស់លុយរលីងហើយ បែរជាមករករឿងឪពុករបស់នាងទៅវិញ។

ចំណែកកូនប្រុស ២នាក់ទៀត ឈ្មោះស៊ូ ពិសិដ្ឋ និងឈ្មោះស៊ូ ជីម ក៏បានសុំទទូចឱ្យអាជ្ញាធរខេត្ត ស្រុក ចាត់វិធានការលើម្តាយដែលមានប្រុសថ្មី ចុះចោលឪពុកខ្លួន ថែមទាំងបណ្តេញឪពុកខ្លួនចេញពីផ្ទះទៀត។ ពួកកូនៗបានប្រាប់អាជ្ញាធរទាំងទឹកភ្នែកថា ពួកគេសុំឱ្យម្តាយចុះចេញពីផ្ទះ ដើម្បីឱ្យឪពុកខ្លួនចូលមកនៅវិញ ជួយមើលថែកូនប្អូននៅលីវ ចំនួន២នាក់ទៀត ដែលមិនទាន់មានគ្រួសារ។

ដោយឡែក ស្ត្រីឈ្មោះមួង ស្រី ដែលរងការចោទប្រកាន់ថា មានប្រុសថ្មីនោះ បានអះអាងថា គាត់ថាមិនបានបណ្តេញប្តីចេញពីផ្ទះទេ ហើយក៏មិនបានចាញ់បោកប្រុសសហាយណាមួយដែរ។ ស្ត្រីរូបនេះ ថែមទាំងបានប្រកែកដាច់អហង្ការថា ខ្លួនមិនចាកចេញពីផ្ទះឡើយ។

រីឯបុរសជាប្តី ឈ្មោះស៊ូ ប្រុស បានលើកដៃសំពះដល់អាជ្ញាធរ និងប្រពន្ធខ្លួនថា “បើឯងមានប្រុស ចុះចេញតែខ្លួនចុះ ទុកឱ្យខ្ញុំនៅផ្ទះ មើលថែកូនៗដែលមិនទាន់ដឹងក្តី…”។

ចំពោះការដោះស្រាយ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ គឺមិនទាន់ចប់ដាច់ស្រេចនោះទេ ព្រោះភាគីម្តាយនិងកូនៗបានប្រកែកគ្នា រហូតអាជ្ញាធរបានបិទការដោះស្រាយ។ ប៉ុន្តែរហូតដល់រសៀលថ្ងៃដដែល បើតាមការអះអាងរបស់កូនឈ្មោះស៊ូ ម៉ី និយាយថា ម្តាយខ្លួនទទួលព្រមចុះចេញពីផ្ទះហើយ ដោយមិនប្រមូលទ្រព្យធនអ្វីឡើយ ស្របពេលបុរសឈ្មោះចាប ពៅ អាយុ៥២ឆ្នាំ ជាប្តីក្រោយ នៅភូមិជាមួយគ្នា បានប្រាប់ថា គាត់ជាប្តីក្រោយ គឺជាអ្នកទទួលយកឈ្មោះមួង ស្រី ជាប្រពន្ធ ខណៈពេលប្រពន្ធដើម ក៏នៅរួមរស់ជាមួយគ្នា មិនទាន់បែកបាក់ទៅណាឡើយ៕

RELATED ARTICLES