Sunday, November 24, 2024
Homeព័ត៌មានជាតិក្មួយវ៉ៃនិងគំរាមសម្លាប់ពូ ជាប់ខ្នោះ

ក្មួយវ៉ៃនិងគំរាមសម្លាប់ពូ ជាប់ខ្នោះ

ខេត្តបន្ទាយមានជ័យ ៖ បុរស២នាក់ ត្រូវជាពូក្មួយសាច់ថ្លៃ បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាបន្តិចបន្តួច ស្រាប់តែភាគីក្មួយប្រុស បានស្ទុះទៅវាយពូថ្លៃ ជាច្រើនដៃ និងថែមទាំងទាញកាំបិតប៉័ងតោ ២ដើម មកសម្ញែង គំរាមសម្លាប់ពូថ្លៃបន្ថែមទៀត ទីបំផុតជនរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវកម្លាំងអាវុធហត្ថ ចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាដោយចេតនា និងគំរាមកំហែងថានឹងសម្លាប់ និងកាន់កាប់ឬដឹកជញ្ជូនអាវុធ ដោយគ្មានច្បាប់អនុញ្ញាតខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ជនសង្ស័យដែលវាយនិងគំរាមសម្លាប់ពូ ត្រូវបានកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួនខាងលើនេះ មានឈ្មោះម៉ុក សុផានិត ភេទប្រុស អាយុ២៧ឆ្នាំ មានលំនៅបច្ចុប្បន្ន ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ចំណែកជនរងគ្រោះ មានឈ្មោះនូវ សុធាន ភេទប្រុស អាយុ៤២ឆ្នាំ មានលំនៅបច្ចុប្បន្ន ភូមិសាមគ្គីមានជ័យ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា នៅថ្ងៃកើតហេតុ ជនសង្ស័យឈ្មោះម៉ុក សុផានិត បានឈ្លោះប្រកែកជាមួយជនរងគ្រោះ ឈ្មោះនូវ សុធាន ដែលត្រូវជាពូថ្លៃរបស់ខ្លួន បន្ទាប់មកជនសង្ស័យបានស្ទុះទៅវាយជនរងគ្រោះជាច្រើនដៃ ហើយបានយកកាំបិតប៉័ងតោ ចំនួន២ដើម មកកាន់សម្ញែង ហើយក៏យកទៅដាក់ក្នុងកែបម៉ូតូ រួចបាននិយាយគំរាមកំហែងថានឹងសម្លាប់ជនរងគ្រោះទៀតផង ជាហេតុធ្វើឱ្យជនរងគ្រោះមានការភ័យខ្លាច ក៏មកដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍តែម្តង។

លោករវសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះរួចមក កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះធ្វើប្រតិបត្តិការ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះម៉ុក សុផានិត មកកាន់មូលដ្ឋាន ដើម្បីសាកសួរ។

នៅចំពោះមុខមន្ត្រីអាវុធហត្ថ ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរករឿងឈ្លោះ និងវ៉ៃ ព្រមទាំងបានគំរាមថានឹងសម្លាប់ជនរងគ្រោះជាពូថ្លៃ ប្រាកដមែន។

លោកវរសេនីយ៍ឯក ម៉ែន ភារម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២៕

RELATED ARTICLES