ខេត្តប៉ៃលិន ៖ បុរសម្នាក់ តូចចិត្តនឹងឪពុកម្តាយជេរស្តី បន្ទោសរឿងតមាត់ជាមួយឪពុកម្តាយ ស្រាប់តែបែកគំនិតរត់ចូលព្រៃ ចងកសម្លាប់ខ្លួន បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចព្រៃខាងក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិថ្នល់កែង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ។
បុរសដែលចងកសម្លាប់ខ្លួននោះ មានឈ្មោះតាំង ម៉េត អាយុ២៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិខាងលើ។
តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះត្រូវឪពុកម្តាយស្តីបន្ទោសតិចតួច ស្រាប់តែព្យាយាមតមាត់ ជាហេតុធ្វើឱ្យឪពុកម្តាយ និងបងប្អូន នាំគ្នាជេរស្តីបន្ទោសម្នាក់បន្តិចៗ ស្រាប់តែជនរងគ្រោះឈឺចិត្តស្អិតទ្រូង ក៏ដើរបាត់ពីផ្ទះ មិនដឹងថាទៅណា។ លុះក្រោយពីបាត់ជនរងគ្រោះ តាំងពីព្រឹក ហើយមិនឃើញត្រឡប់មកផ្ទះវិញ ទើបឪពុកម្តាយ បងប្អូន នាំគ្នាដើររក ស្រាប់តែប្រទះឃើញបុរសខាងលើ ចងព្យួរកជាប់មេឃឈើ នៅក្នុងព្រៃខាងក្រោយផ្ទះ ស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ មន្ត្រីនគរបាលជំនាញ បានចុះពិនិត្យកន្លែងកើតហេតុ រួចសន្និដ្ឋានថា ជនរងគ្រោះខាងលើនេះ ពិតជាបានស្លាប់ដោយសារធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) ប្រាកដមែន។ មូលហេតុដោយសារតូចចិត្តរឿងឪពុកម្តាយជេរស្តី។
សពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕