Friday, April 19, 2024
Homeព័ត៌មានជាតិជ្រកភ្លៀង រន្ទះបាញ់ប្អូនស្រីស្លាប់ បងរបួសធ្ងន់

ជ្រកភ្លៀង រន្ទះបាញ់ប្អូនស្រីស្លាប់ បងរបួសធ្ងន់

ខេត្តឧត្តរមានជ័យ ៖ ក្មេងប្រុសស្រី២នាក់បងប្អូន កំពុងរត់លេងនៅក្នុងចម្ការដំឡូងមី សុខៗ ឃើញមេឃធ្លាក់ភ្លៀង ក៏នាំគ្នារត់រកកន្លែងជ្រក ស្រាប់តែអកុសល ត្រូវរន្ទះបាញ់ បណ្តាលឱ្យប្អូនស្រីស្លាប់យ៉ាងអាណោចអាធ័ម ចំណែកបងប្រុស រងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៤៥នាទីរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចដីចម្ការដំឡូងមី មួយកន្លែង ស្ថិតក្នុងភូមិជ័យនិវត្តន៍ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ។

លោកវរសេនីយ៍ទោ អ៊ូច ម៉ៅ អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ នៅក្នុងភូមិសាស្ត្រស្រុកត្រពាំងប្រាសាទ មានភ្លៀងធ្លាក់ លាយឡំជាមួយបាតុភូតធម្មជាតិខ្យល់កន្ត្រាក់ និងផ្គររន្ទះ បង្កឱ្យមានគ្រោះថ្នាក់ដោយរន្ទះបាញ់ ចំនួន១ករណី បណ្តាលឱ្យស្លាប់ក្មេងស្រីម្នាក់ និងរបួសធ្ងន់ក្មេងប្រុសម្នាក់ នៅចំណុចចម្ការដំឡូងមី មួយកន្លែង ស្ថិតនៅក្នុងភូមិជ័យនិវត្តន៍ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ។

លោកអធិការ បន្តថា ក្មេងស្រីដែលត្រូវរន្ទះបាញ់ស្លាប់ មានឈ្មោះចាន់ ស្រីឌីន អាយុ៤ឆ្នាំ។ ចំណែកក្មេងប្រុសដែលត្រូវរន្ទះបាញ់ បណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះចាន់ សាប៉ី អាយុ៦ឆ្នាំ ត្រូវបានសាច់ញាតិបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង។

លោកអធិការ បញ្ជាក់ថា ក្មេងប្រុសស្រីរងគ្រោះទាំង ២នាក់ខាងលើ គឺជាបងប្អូនបង្កើត មានឪពុកឈ្មោះឃុត បូរ៉ាត់ អាយុ៣៥ឆ្នាំ មុខរបរធ្វើចម្ការ ម្តាយឈ្មោះង៉ែត សំអាន អាយុ៣៩ឆ្នាំ មុខរបរធ្វើចម្ការ និងមានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារក្មេងប្រុសស្រីរងគ្រោះខាងលើ ឲ្យដឹងថា មុនពេលកើតហេតុ ក្មេងរងគ្រោះទាំង ២នាក់បងប្អូន កំពុងរត់លេងនៅក្នុងចម្ការដំឡូងមី ត្រង់ចំណុចកើតហេតុ លុះឃើញមេឃធ្លាក់ភ្លៀង ក៏នាំគ្នារត់រកកន្លែងជ្រក ស្រាប់តែអកុសល ត្រូវរន្ទះបាញ់ បណ្តាលឱ្យប្អូនស្រីស្លាប់ ចំណែកបងប្រុស រងរបួសធ្ងន់តែម្តង។

សពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

ប៊ុនថេត

RELATED ARTICLES