ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្ញើសាររំលែកមរណទុក្ខ ជូនលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI MASAHIRO) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចំពោះមរណភាពលោកស៊ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ៦៧ឆ្នាំ នៅប្រទេសជប៉ុន។
លិខិតរំលែកមរណទុក្ខ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ របស់លោកឃួង ស្រេង ជូនលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI MASAHIRO) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា មានខ្លឹមសារទាំងស្រុងថា “ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ យើងខ្ញុំទាំងអស់គ្នាមានក្តីរន្ធត់ចិត្តឥតឧបមា និងមានសេចក្តីក្រៀមក្រំជាពន់ពេក រកអ្វីប្រៀបផ្ទឹមពុំបាន ដោយបានទទួលព័ត៌មានថា ឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន បានទទួលមរណភាព កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ ៦៧ឆ្នាំ នៅប្រទេសជប៉ុន ប្រកបដោយការសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត។
មរណភាពរបស់ឯកឧត្តម ស៊ីនហ្សូ អាបេ គឺជាការបាត់បង់នូវអ្នកស្នេហាជាតិដ៏ឧត្តមមួយរូបរបស់ប្រទេសជប៉ុន និងជាការបាត់បង់ឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើម ស្ថិតក្នុងក្រអៅបេះដូងរបស់ប្រជាជនជប៉ុន ដែលក្នុងអាណត្តិដឹកនាំកន្លងមក ឯកឧត្តម ស៊ីនហ្សូ អាបេ បានចូលរួមចំណែក យ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក ជាពិសេសការដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងនិងពង្រីកកម្រិតទំនាក់ទំនងទ្វេភាគី កម្ពុជា-ជប៉ុន រហូតឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រ ហើយតាមរយៈភាពជាដៃគូដ៏រឹងមាំនេះ រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា បានទទូលផ្លែផ្កាជាសមិទ្ធផលក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំខាន់ជាច្រើន ក្រោមការសម្របសម្រួលរបស់ស្ថានទូតជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា (JICA)។
ស្ថិតក្នុងក្តីវិយោគដ៏សែនសោកសង្រេងខ្សឹកខ្សួលរំជួលចិត្តឥតឧបមានេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយប្រជាជនជប៉ុន និងក្រុមគ្រួសារនៃសព ព្រមទាំងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តម ស៊ីនហ្សូ អាបេ បានទៅកាន់ សុគតិភព គ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ.”៕