ភ្នំពេញ ៖ វត្ថុបុរាណ ចំនួន ២៧ដុំ ដែលត្រូវបានយកចេញពីទឹកដីកម្ពុជា ទៅដល់សហរដ្ឋអាមេរិក ត្រូវបានអាមេរិក ប្រគល់ឱ្យកម្ពុជា វិញ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។
សហរដ្ឋអាមេរិក តាមរយៈលោកដានៀល ចេ គ្រីថេនប៊្រីង (Daniel J. Kritenbrink) ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានបញ្ជូនវត្ថុបុរាណដែលត្រូវបានលួចយកចេញពីកម្ពុជា ចំនួន ២៧ដុំ មកប្រគល់ឱ្យកម្ពុជា វិញ។
ការប្រគល់នេះ បានធ្វើឡើងនៅសារមន្ទីរជាតិកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា និងលោកប៉ាទ្រិក មឺរហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។
លោកឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ដានៀល ចេ គ្រីថេនប៊្រីង បានថ្លែងសង្កត់ធ្ងន់ពីអនុស្សរណៈយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក ដែលបានពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ រវាងសហរដ្ឋអាមេរិក និងកម្ពុជា ដោយសម្របសម្រួលការបញ្ជូនត្រឡប់មកវិញ នូវវត្ថុបុរាណមិនអាចកាត់ថ្លៃបាន ចំនួនជាង ១០០ដុំ កសាងសមត្ថភាពរបស់ប្រជាជនកម្ពុជា ដែលធ្វើការងារអភិរក្សបេតិកភណ្ឌវប្បធម៌។
លោកដានៀល ចេ គ្រីថេនប៊្រីង បានសរសើរដល់ការខិតខំរួមគ្នារបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ផ្នែកអនុវត្តន៍ច្បាប់ មេធាវីប្រចាំតំបន់ម៉ែនហាត់តាន (Manhattan) ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា និងស្ថានទូតអាមេរិក ដែលបាននាំដល់ការធ្វើមាតុភូមិនិវត្តន៍នៃវត្ថុបុរាណ ចំនួន ២៧ដុំនេះ។
លោកឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងបញ្ជាក់ថា “ពិធីនៅថ្ងៃនេះ គឺជាការបង្ហាញឱ្យឃើញពីទំនាក់ទំនងរឹងមាំ រវាងសហរដ្ឋអាមេរិក និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ។ គម្រោងគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក ដូចជា មូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ស្តែងឱ្យឃើញនូវការគាំទ្រយូរអង្វែងរបស់យើង ចំពោះការជួសជុលទីតាំងប្រវត្តិសាស្រ្ត ដែលមានសារសំខាន់ផ្នែកវប្បធម៌ សម្រាប់ប្រទេសកម្ពុជា”។
ក្នុងឱកាសនោះ លោកប៉ាទ្រិក មឺរហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានលើកឡើងពីអំណោយថវិកាថ្មីមួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ដែលមានទឹកប្រាក់ចំនួន ៣៦០ ៨០០ដុល្លារ សម្រាប់ជួសជុលប្រាសាទព្រះវិហារ។ លោកឯកអគ្គរដ្ឋទូត បានបន្ដថា នេះជាអំណោយបន្ថែមលើថវិកាចំនួន ៤០៦ ០០០ដុល្លារ ដែលត្រូវបានផ្តល់រួចហើយ ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់អភិរក្សប្រាសាទប្រវត្តិសាស្រ្តនេះ ដែលស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា។
លោកឯកអគ្គរដ្ឋទូត បានបន្ថែមថា “សហរដ្ឋអាមេរិក មានមោទនភាពចំពោះការរួមចំណែករបស់ខ្លួន ចំពោះការខិតខំក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជា និងចំពោះការខិតខំរួមគ្នារបស់យើង ក្នុងការបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ នូវវត្ថុបុរាណដែលមិនអាចកាត់ថ្លៃបាន ពីសហរដ្ឋអាមេរិក”។
ក្នុងឱកាសនោះដែរ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា “យើងសូមថ្លែងអំណរគុណដោយស្មោះ ចំពោះការរួមចំណែករបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ទាំងពេលវេលា ទាំងធនធាន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរដោយខុសច្បាប់ នូវសម្បត្តិវប្បធម៌។ យើងរីករាយនឹងបន្តកិច្ចសហប្រតិបត្តិការនៅក្នុងការស៊ើបអង្កេត និងការខិតខំរបស់យើង ការបណ្តុះបណ្តាល និងការផ្លាស់ប្តូរព័ត៌មានគ្នា និងជំនាញ ក្នុងពេលដែលយើងរកឃើញវិញនូវទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ជាតិយើង”។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានផ្តល់ថវិកាចំនួនជាង ៥លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា គិតចាប់តាំងពីឆ្នាំ២០០១ មក សម្រាប់ការងារអភិរក្សវប្បធម៌ ដែលក្នុងនោះ ចំនួនជាង ៣,៥លានដុល្លារ សម្រាប់អភិរក្សនិងជួសជុលប្រាសាទភ្នំបាខែង នៅខេត្តសៀមរាប និងសម្រាប់ជួយដល់សារមន្ទីរទួលស្លែង ក្នុងរាជធានីភ្នំពេញ៕ ខៀវទុំ