ភ្នំពេញ ៖ អ្នកស្រីដេត ម៉ាលីណា អតីតភរិយាលោកឌួង ឆាយ បានបញ្ចេញវីដេអូ ដែលកូនប្រុសទី២ ប្រាប់ពីការប្រើហិង្សារបស់ឪពុក មកលើខ្លួន និងបងប្រុស ជាមួយសំណេរបំភ្លឺ ឆ្លើយតបវាយបកទៅលោកឌួង ឆាយ ដែលបានចោទប្រកាន់អតីតម្តាយក្មេក (ម្តាយបង្កើតអ្នកស្រីដេត ម៉ាលីណា) ថាប្រើហិង្សាលើចៅប្រុសដែលមានជំងឺ។
អ្នកស្រី ដេត ម៉ាលីណា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់អ្នកស្រី នៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ថា «ខ្ញុំមិនដែលសូម្បីតែគិតថា យកវីដេអូនេះមកបង្ហោះ តែដើម្បីរក្សាកិតិ្តយសម្ដាយខ្ញុំ ដែលរងការចោទប្រកាន់ ហើយស្លាកស្នាមមានតាំងពី 02.01.2022 និងជាពិសេស ខ្ញុំមិនអាចយករឿងនេះ មកធ្វើលេសមិនឲ្យអ្នកជួបកូនដែរ តែអ្នកអាចធ្វើបានគ្រប់យ៉ាង សូមសរសើរពូកែ…ខ្ញុំមិនដែលស្តាប់សំដីឌុបប៊ី អាយុ ៩ឆ្នាំ យកមកធ្វើលេសចោទប្រកាន់អ្នកណាទ្បើយ ហើយនេះជាការថតនិងប្រាប់ពីមូលហេតុបងប្រុសគេមានស្នាម។ កូនប្រុសអាយុ ៩ឆ្នាំ មិនមែនយកសម្ដី កូនប្រុសបងដែលមានជំងឺខួរក្បាលមិនប្រក្រតី អាយុ ១៣ឆ្នាំ តើអាចយកជាការបានអត់? អ៊ីចឹងពិចារណាតាមការគួរ។
រឿងស្នាមកិ្ដចឌុបប៊ី តាំងពីថ្ងៃ 22.05.2022 ក៏ខ្ញុំមិនដែលយកមកធ្វើជាលេសមិនឲ្យកូនខ្ញុំទៅជួបឪពុកដែរ តើអ្នកមានសិទ្ធិអីបានមកចោទម្តាយខ្ញុំ ក្ដិចឌុប? ភ័ស្តុតាងកន្លែងណា? ឬគ្រាន់តែចង់យកលេសចង់បំបែកមិនឲ្យកូនមកជួបខ្ញុំ?
សារមួយនេះ ខ្ញុំចង់បញ្ជាក់ប្រាប់អ្នកថា ខ្ញុំមិនមានពេលបង្ហោះវីដេអូ ងូតទឹកឲ្យកូន ជួយបង្ហាត់ប្រាណកូន ដូចអ្នកទេ ព្រោះនេះជាភារកិច្ចរបស់ខ្ញុំ ជាមួយម្តាយខ្ញុំ ជារៀងរាល់ថ្ងៃហើយ អស់រយ:ពេល ១៣ឆ្នាំហើយ មិនមែនយកកូនទៅត្រឹម ២១ថ្ងៃ មកថតផុស ហើយនិយាយថាមើលល្អ ហើយមួយវិញទៀត ខ្ញុំមិនចូលចិត្តអូសទាញកូនយកមកធ្វើជាផលប្រយោជន៍ដែរ តាំងពីកូនកើតមក អ្នកដែលបានអត់ងងុយមើលកូនទេ? គឺមានតែខ្ញុំ ជាមួយម្តាយខ្ញុំទេ ហើយឥឡូវនេះ ថែមទាំងមកប្តឹងម្តាយខ្ញុំថា វ៉ៃធ្វើបាបចៅទៀត ទាំងដែលគាត់មិនដឹងអីសោះ ហើយស្នាមជាំនៅលើខ្លួនឌុប ក៏ខ្ញុំមានភ័ស្តុតាង ហើយមានទាំងសំឡេងឌុបប៊ី បានប្រាប់ខ្ញុំទៀត ប៉ុន្តែខ្ញុំមិនមានគំនិតចង់ប្តឹងអ្នកណា ឬចោទអ្នកណាឡើយ ព្រោះគ្មានភ័ស្តុតាងច្បាស់លាស់ តែនេះអ្នកធ្វើដាក់ខ្ញុំនិងម៉ាក់ខ្ញុំមុនទេ។ អ៊ីចឹងចាំខ្ញុំសូមបញ្ចេញវិញ ដើម្បីការពារកិត្តិយសម៉ាក់ខ្ញុំ»។
អ្នកស្រីដេត ម៉ាលីណា បន្តថា «កូនប្រុសបងខ្ញុំ អាយុ ១៣ឆ្នាំ ដែលមានជំងឺខួរក្បាល និងមិនប្រក្រតីដូចក្មេងធម្មតា គាត់និយាយមិនអាចយកជាការបាន ព្រោះគាត់មានបញ្ហាខួរក្បាល មិនគួរណាមកចោទលើម្ដាយនាងខ្ញុំដែលខំមើលចៅ តាំងពីកើតមក ពីមិនទាន់ឈឺ ឥឡូវឈឺ រយ:ពេល ១៣ឆ្នាំ ពិតជាយូរណាស់និងហត់នឿយក្នុងការមើលក្មេងមានជំងឺ គាត់យប់ឡើងមិនសូវបានគេង និងអារម្មណ៍គាត់ប្រក្រតី មានរបស់របរអីនៅជិត គាត់អាចគប់ពេញហ្នឹង អ៊ីចឹងគាត់ត្រូវការខ្ញុំនិងម៉ាក់យាយ និងម៉ែដោះ មើលថែកូន ២៤ម៉ោងជាប់រហូត ហើយត្រូវលំហាត់ប្រាណពីគ្រូសរសៃរ និងជាប្រចាំត្រូវយកគាត់មកសួនក្នុងផ្ទះ ដើរនិងលេងរាល់ព្រឹក មួយដង និងល្ងាច មួយដង តាំងពីគាត់ឈឺដល់ឥឡូវ គឺខ្ញុំជាម្តាយ និងយាយ គឺនៅតែបន្តធ្វើ ព្រោះវាជាការស្រលាញ់និងភារកិច្ចរបស់ម្ដាយនិងយាយ អស់រយ:ពេល ១៣ឆ្នាំហើយ អ៊ីចឹងទោះជាលែងលះហើយ កូនរបស់ខ្ញុំ បើខ្ញុំជាម្ដាយមិនស្រលាញ់កូនពិត មិនមែនតាំងពីលែងលះមក ខ្ញុំទទួលរ៉ាប់រងអាហារកិច្ចគ្រប់សព្វបែបយ៉ាងរបស់កូនខ្ញុំទាំង៣ តែម្នាក់ឯង ជិត ២ឆ្នាំហើយ ពាក្យថាម្ដាយ និងយាយបង្កើត គ្មានថ្ងៃអាចធ្វើបាបកូនឬចៅខ្លួនឯងបានឡើយ ព្រោះក្រុមគ្រួសារខ្ញុំ គ្មានប្រវត្តិប្រើអំពើហិង្សា និងអត្តចរិតមិនល្អ កាចសាហាវ ប្រើពាក្យមិនល្អក្នុងគ្រួសារទេ អ៊ីចឹងអ្នកដែលធ្លាប់ប្រព្រឹត្តអំពើហិង្សា បានត្រូវបារម្ភ មិនអាចឲ្យក្មេងនៅជិតទេ ហេតុអីត្រូវមកតាមដាននិងចង់ដឹងពីជីវិតខ្ញុំ ឬមនុស្សអ្នកឯង ខាំមិនលែង និងមិនទទួលស្គាល់ការពិតថា អ្នកឯងជាមនុស្សប្រុសប្រភេទអី……ងគួរឈប់បន្តបំបែកខ្ញុំនិងកូន អាណិតកូនៗផង អ្នកគួរយកពេលនៅជាមួយអនាគតប្រពន្ធថ្មីទៅ»។
អ្នកស្រីដេត ម៉ាលីណា សរសេរបន្តទៀតថា «ខ្ញុំជឿជាក់ថា ច្បាប់និងការពារម្ដាយនិងកូន ឲ្យខ្ញុំបានជួបកូនខ្ញុំវិញឆាប់នេះ តាមដីកាសម្រេចតុលាការ ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ គឺកូនត្រូវនៅជាមួយម្តាយ ហើយសម្រាប់ឪពុក គឺថ្ងៃសៅរ៍ និងអាទិត្យ កូនត្រូវការម្ដាយ និងឪពុក ប៉ុន្តែធ្វើជាឪពុកគេ គ្មានសិទ្ធិមកកាត់ផ្ដាច់ទំនាក់ទំនងខ្ញុំនិងកូន បែបនេះ ទោះខ្ញុំជាម្ដាយអ្នកក្រ មិនមានលុយច្រើនរាប់លានដូចអ្នក ឬជាម្ដាយបែបណាក៏កូនខ្ញុំនៅតែជាកូនរបស់ខ្ញុំដែរ ហើយសង្ឃឹមថា ខ្ញុំទទួលបានយុត្តិធម៌ឆាប់ៗ ព្រោះខ្ញុំមិនដឹងធ្វើម៉េចបានកូនខ្ញុំមកផ្ទះវិញបានវិញភ្លាមៗនោះទេ អារម្មណ៍ម្ដាយបែកកូនពីរនាក់ អស់រយ:ពេល ២១ថ្ងៃ យូរណាស់ ពិបាកចិត្តណាស់ និងមិនដឹងពេលណាបានជួបកូនវិញ ខ្ញុំសូមបញ្ជាក់ថាការរក្សាកូនទាំងពីរ រហូតមកដល់ពេលបច្ចុប្បន្ននេះ អស់រយ:ពេល ២០ថ្ងៃ ជាសកម្មភាពនៃការមិនគោរពតាមដីកាសម្រេច ហើយចុងក្រោយ នាងខ្ញុំមានតែម្រាមដៃដប់ទេ ដែលពឹងទៅលើប្រព័ន្ធផ្លូវច្បាប់ និងជួយរកយុត្តិធម៌ឲ្យខ្ញុំឲ្យបានឆាប់ៗ»។
គួរបញ្ជាក់ថា ការបញ្ចេញវីដេអូ និងសំណេរបំភ្លឺ របស់អ្នកស្រីដេត ម៉ាលីណា ខាងលើនេះ ធ្វើឡើងបន្ទាប់ពីអ្នកស្រីបានបង្ហោះសារដង្ហោយរកយុត្តិធម៌ ដោយចោទលោកឌួង ឆាយ ជាអតីតស្វាមី ថាបានបំបែកកូន ពីម្តាយនិងបងប្អូនគេ ដោយយកកូនប្រុសច្បង និងកូនស្រីពៅ ទៅបាត់ ជាង២០ថ្ងៃហើយ មិនយកត្រឡប់មកវិញ ហើយត្រូវបានលោកឌួង ឆាយ បង្ហោះសារឆ្លើយតបវិញភ្លាមៗថា ករណីនេះ លោកទុកឲ្យតុលាការ ជាអ្នកសម្រេច ព្រោះលោកបានដាក់ពាក្យបណ្តឹងចូលតុលាការ ដើម្បីសុំផ្លាស់ប្តូរអំណាចមេបា (សុំសិទ្ធិចិញ្ចឹមកូន) ពីអតីតភរិយា រួចហើយ ដោយសារអតីតភរិយា (អ្នកស្រីដេត ម៉ាលីណា) មិនមានពេលវេលាគ្រប់គ្រាន់មើលថែកូន ហើយអតីតម្តាយក្មេករបស់លោក (ម្តាយបង្កើតអ្នកស្រីដេត ម៉ាលីណា) ឈ្មោះអេង សីម៉ា ហៅយាយផាន់ បានប្រើប្រាស់ហិង្សាមកលើកូនប្រុសច្បងរបស់លោក ជាច្រើនដង តាំងពីដើមឆ្នាំមក រហូតកូនប្រុសច្បង និងកូនស្រីពៅ សុំរស់នៅជាមួយលោកវិញ ។
លោកឌួង ឆាយ បានសរសេរបកស្រាយ ឆ្លើយតបទៅអតីតភរិយា តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ថា “ជាបឋម ខ្ញុំបាទសូមជម្រាបសួរ និងខ្ញុំបាទសូមទោសពូមីង បងប្អូនទាំងអស់គ្នា ក្នុងការបង្ហោះឆ្លើយតបនាងដេត ម៉ាលីណា។ ខ្ញុំបាទព្យាយាមមិនបង្ហោះ មិនឆ្លើយតបនាងដេត ម៉ាលីណា ដើម្បីទុកឱ្យតុលាការ ជាអ្នកសម្រេច។ ប៉ុន្តែនាងបានបង្ហោះវាយប្រហារខ្ញុំ ក្នុងបណ្តាញសង្គម ៣ដងមកហើយ ទើបខ្ញុំសូមចិត្តពូមីងបងប្អូនទាំងអស់គ្នា ដើម្បីសូមធ្វើការបកស្រាយជូនដូចខាងក្រោម ៖
ម្តាយនាងដេត ម៉ាលីណា ឈ្មោះអេង សីម៉ា ហៅយាយផាន់ បានប្រើប្រាស់ហិង្សាមកលើកូនប្រុសច្បងខ្ញុំ ជាច្រើនដង តាំងពីដើមឆ្នាំ មក (មានភ័ស្តុតាង) រហូតកូនប្រុសច្បង និងកូនស្រីពៅខ្ញុំ សុំរស់នៅជាមួយខ្ញុំ ហើយខ្ញុំក៏បានដាក់ពាក្យបណ្តឹងចូលតុលាការ ដើម្បីសុំផ្លាស់ប្តូរអំណាចមេបា ហើយម្សិលមិញ ខ្ញុំនិងនាងដេត ម៉ាលីណា ក៏បានចូលតុលាការ ដើម្បីទាញហេតុផល ត្រៀមចាំតុលាការសម្រេចដែរ។ បើក្នុងនាមជាឪពុក ខ្ញុំមិនអាចឱ្យកូនប្រុសច្បង និងកូនស្រីពៅរស់នៅជាមួយ និងការពារពួកគាត់អំពីសំណាក់ម្តាយនាងដេត ម៉ាលីណា ឈ្មោះអេង សីម៉ា ដែលកូនៗខ្ញុំតែងតែហៅថា យាយផាន់ បាននោះទេ តើខ្ញុំរស់នៅមានន័យអ្វីទៀត? ជាពិសេស នាងដេត ម៉ាលីណា គ្មានពេលវេលាគ្រប់គ្រាន់ដើម្បីមើលថែ ផ្តល់ភាពកក់ក្តៅឱ្យកូនៗទាំងបីនាក់ ដោយដើរផឹកស៊ីយប់ព្រលប់ ដល់ម៉ោង ៣-៤យប់ ស្ទើរជារៀងរាល់ថ្ងៃ ដោយយោងហេតុផលថា កំដរភ្ញៀវ កំដរបងៗផឹកស៊ី។ បើមិនមានពេលវេលាគ្រប់គ្រាន់ គួរផ្តល់ឱ្យខ្ញុំបានមើលថែកូនៗជំនួសវិញម្តង។ អ៊ីចឹងសួរថា ឯណាទៅការយកចិត្តទុកដាក់ និងការព្រួយបារម្ភទៅកូនៗ ដែលអ្នកបានអះអាងថា ស្រឡាញ់កូនណាស់ ប៉ុន្តែពេលអនុវត្ត គឺខុសគ្នាទាំងស្រុង តើនេះជាការសម្តែងឬ? បើកូនមួយថ្ងៃៗ គឺនៅតែជាមួយម្តាយរបស់អ្នក និងមេដោះ ដែលអ្នកជួលមកមើលថែរក្សាកូនហ្នឹង តើខ្ញុំអាចមានទំនុកចិត្តឯណា ដើម្បីប្រគល់កូនទាំងបីនាក់ ជាទីស្រឡាញ់របស់ខ្ញុំ ទៅឱ្យអ្នកមើលថែរក្សាទៀត…”។
លោកឌួង ឆាយ បានបន្តរៀបរាប់ថា “ជាក់ស្តែង កូនប្រុសច្បងខ្ញុំ មានជំងឺប្រចាំកាយ តាំងពីអាយុ ៦ឆ្នាំមក ដោយទាមទារដាច់ខាតត្រូវការគ្រូពេទ្យជំនាញ បង្ហាត់ធ្វើចលនាកាយវិការគាត់ និងនាំគាត់ទៅពេទ្យពិនិត្យសុខភាព ជាទៀងទាត់។ ប៉ុន្តែរយៈពេលតាំងពីខ្ញុំប្រគល់សិទ្ធិអំណាចមេបា ឱ្យនាងដេត ម៉ាលីណា មក គឺនាងមិនដែលបានយកចិត្តទុកដាក់កូនប្រុសច្បង និងមិនបាននាំគេទៅពេទ្យពិនិត្យ ឱ្យបានទៀងទាត់តាមពេទ្យកំណត់នោះទេ ដែលបានឱ្យស្ថានភាពជំងឺ និងសុខភាពរបស់គាត់ ចុះខ្សោយ។ នាងដឹងច្បាស់ថា កូនប្រុសច្បង គឺមានជំងឺប្រចាំកាយ ដែលត្រូវមានការចាំបាច់ក្នុងការមើលថែរក្សាឱ្យមានភាពល្អប្រសើរ ដោយសារគាត់តម្រូវឱ្យមានការធ្វើលំហាត់ប្រាណដោយចលនា ជាប្រចាំថ្ងៃ ពីសំណាក់គ្រូពេទ្យដែលមានជំនាញច្បាស់លាស់ខាងផ្នែកបង្វឹកលើលំហាត់ប្រាណចលនាកុមារ ដើម្បីឱ្យសុខភាព និងសរីរាង្គកូនប្រុសច្បងខ្ញុំ បានល្អប្រសើរឡើងវិញ។ ប៉ុន្តែក្នុងអំឡុងពេលកូនស្ថិតនៅជាមួយនាង ដេត ម៉ាលីណា ជាអ្នកគ្រប់គ្រង គឺរយៈពេលជាង ២ឆ្នាំហើយដែលកូនប្រុសច្បង មិនបាន ទទួលការពិនិត្យនិងមើលថែរក្សាពីគ្រូពេទ្យជំនាញ នេះឬជាម្តាយដែលមានទំនួលខុសត្រូវចំពោះកូន ទាំងដែលខ្លួនបានដឹងហើយថា កូនឈឺ នៅតែមិនខ្វល់ពីជំងឺកូន គិតតែដើរលេងសប្បាយ។ ចំណុចមួយទៀត សួរថា តើអ្នកអាចយល់ដឹងច្បាស់លាស់អំពីស្ថានភាពជំងឺរបស់កូនដែរឬទេ? កាន់តែសំខាន់ ពេលនេះគឺស្ថានភាពកូវីដ បានប្រសើរ ខ្ញុំត្រូវនាំកូនប្រុសខ្ញុំទៅបន្តតាមដានសុខភាពនៅប្រទេសសិង្ហបុរី ជាកន្លែងព្យាបាលគាត់ ដែលខ្ញុំយល់ដឹងច្បាស់ពីស្ថានភាពសុខភាពគាត់ ការព្យាបាលគាត់ ចេះភាសាអង់គ្លេសផ្នែកវេជ្ជសាស្ត្រច្បាស់លាស់ និងស្គាល់មានទំនាក់ទំនងជាមួយវេជ្ជបណ្ឌិតនៅសិង្ហបុរី ច្បាស់ថែមទៀតផង។ ចំណែកកូនប្រុសទី២ ខ្ញុំបានចុះឈ្មោះឱ្យរៀននៅសាលា Northbridge ដល់ពេលខ្ញុំប្រគល់អំណាចមេបាឱ្យ បែរជាយកកូនប្រុសទី២ខ្ញុំ ទៅរៀននៅសាលាធម្មតា ឆ្ងាយពីផ្ទះ ដែលជាសាលាមិត្តភក្តិរបស់នាងដេត ម៉ាលីណា ក្នុងគោលបំណងផ្តាច់មនោសញ្ចេតនាឪពុកកូនរបស់ខ្ញុំ។ ដោយខ្ញុំមិនអាចសួរនាំ ឬតាមដានការសិក្សារបស់កូនប្រុសទី២ខ្ញុំ។ សូម្បីតែខ្ញុំជាឪពុក ក៏គ្មានសិទ្ធិមកជួប ឬមកមើល តាមដានការសិក្សារបសកូនខ្ញុំនៅសាលាដែរ។ ដោយឡែក កូនស្រីពៅខ្ញុំ នៅតូច អាយុទើបតែ ២ខួបជាង ទាមទារជាចាំបាច់បំផុត នូវការមើលថែ យកចិត្តទុកដាក់ពីអ្នកដែលមានសិទ្ធិអំណាចមេបា។ ប៉ុន្តែកូនស្រីពៅខ្ញុំ មិនដែលទទួលបានអារម្មណ៍កក់ក្តៅ និងការរស់នៅហូបចុកមិនបានល្អ ធ្វើឱ្យគាត់មានសភាពស្គមជាងក្មេងៗដទៃដែលមានអាយុដូចគាត់»។
លោកឌួង ឆាយ បានបញ្ជាក់ជាចុងក្រោយថា “សូមពូមីង បងប្អូន ពិចារណាតាមការគួរ មិនមែននៅសុខៗខ្ញុំយកកូនមកមើលថែនោះទេ ហើយក៏មិនមានជារឿងងាយស្រួលក្នុងការមើលកូនៗ ដែលខ្ញុំត្រូវលះបង់ការងារ និងផ្ទេរតួនាទីភារកិច្ច ឱ្យប្អូនប្រុសខ្ញុំ និងក្រុមការងារ ដើម្បីចាត់ចែង ហើយរឿងនេះ គួរទុកនីតិវិធីផ្លូវច្បាប់ ជូនតុលាការជាអ្នកសម្រេច ប្រសើរជាងមកបង្ហោះដដែលៗនៅក្នុងបណ្តាញសង្គម និងដើម្បីទាក់ទាញចំណាប់អារម្មណ៍ ដើម្បីលក់ផលិតផល។ ទោះបីជាកន្លងមក នាងដេត ម៉ាលីណា មិនឱ្យខ្ញុំជួបកូនៗ ជាងកន្លះឆ្នាំ ក៏ខ្ញុំមិនដែលប្តឹងនាង។ ទោះបីជានាងបើកឡានបុកទ្រូងផ្លូវ មិនបានមើលថែកូនៗបានល្អ ក៏ខ្ញុំមិនប្តឹងទាមទារសិទ្ធិចិញ្ចឹមកូនដែរ។ ប៉ុន្តែលើកនេះ ហិង្សាលើកូនខ្ញុំ។ ខ្ញុំនឹងមិនធ្វើការឆ្លើយតបទៀតទេ ទុកឱ្យតុលាការជាអ្នកសម្រេច និងដំណើរនីតិវិធី…”៕