Tuesday, November 26, 2024
Homeព័ត៌មានជាតិកូនក្រមុំរត់តាមសង្សារ  ឪតាមរកឃើញ វ៉ៃបោចសក់ ទាត់ធាក់ ចាប់បោកដូចកង្កែប

កូនក្រមុំរត់តាមសង្សារ  ឪតាមរកឃើញ វ៉ៃបោចសក់ ទាត់ធាក់ ចាប់បោកដូចកង្កែប

ខេត្តព្រះវិហារ ៖ បុរសម្នាក់ ខឹងកូនស្រីក្រមុំរត់តាមសង្សារ លុះតាមរកឃើញនៅផ្ទះរបស់បុរសជាសង្សារ ក៏បានប្រើអំពើហិង្សា វ៉ៃបោចសក់ ទាត់ធាក់ ចាប់បោកកូនស្រីដូចកង្កែប ទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។

ជនសង្ស័យដែលបង្កហិង្សាលើកូនស្រី និងត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ សន សំណាង ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្រីស្រណោះ ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ជាឪពុកចិញ្ចឹម។ ចំណែកកូនក្រុំរងគ្រោះ ឈ្មោះ យ៉េង ណាសយ អាយុ ១៧ឆ្នាំ ។

តាមប្រភពសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង ១២និង១៥នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចមជ្ឈមណ្ឌលប្រចាំបញ្ជា ១១៧ បានទទួលព័ត៌មានពីប្រជាពលរដ្ឋតាមរយ:តេលេក្រាម ស្តីពីករណីហិង្សាក្នុងគ្រួសារ បង្កឡើងដោយជនសង្ស័យឈ្មោះ សន សំណាង បានប្រើអំពើហិង្សាលើកូនស្រីឈ្មោះ យ៉េង ណាសយ អាយុ ១៧ឆ្នាំ នៅចំណុចភូមិខ្នុរ ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ តែបច្ចុប្បន្នអ្នកទាំងពីរ រស់នៅក្នុងភូមិស្រីស្រណោះ ឃុំចំរើន ស្រុកសង្គមថ្មី ។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើ នៅវេលាម៉ោង ១២និង២០នាទី រសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ច ១១៧ លោកវរសេនីយ៍ទោ ផាន់ វាសនា បានបញ្ជូនព័ត៌មានទៅលោកជួន មឿន អធិការនគរបាលស្រុកសង្គមថ្មី ដើម្បីចុះអន្តរាគមន៍ជាបន្ទាន់។ ជាលទ្ធផល នៅវេលាម៉ោង ១២និង៣៥នាទីរសៀល ថ្ងៃដដែល សមត្ថកិច្ចអធិការដ្ឋានស្រុកសង្គមថ្មី ដឹកនាំដោយលោកសោម សៀក អធិការរង បានដឹកនាំកម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរអាង បានចុះទៅដល់កន្លែងកើតហេតុ នាំខ្លួនជនសង្ស័យជាឪពុកដែលប្រើហិង្សលើកូនស្រី មកកាន់អធិការដ្ឋាននគរបាលស្រុកសង្គមថ្មី ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី។

ដោយឡែក តាមប្រភពស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឲ្យដឹងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៨និង៣០នាទីព្រឹក នៅភូមិខ្នុរ ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ឪពុកចិញ្ចឹម ឈ្មោះសន សំណាង អាយុ ៤១ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្រីស្រណោះ ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានប្រើអំពើហិង្សាលើកូនស្រីចិញ្ចឹមឈ្មោះ យ៉េង ណាសយ អាយុ ១៧ឆ្នាំ នៅចំណុចបរិវេណដីឡូត៍ផ្ទះឈ្មោះជៃ ជឿន ត្រូវជាម្តាយបង្កើតឈ្មោះ អី សំនាង មូលហេតុឪពុកខឹងកូនក្រមុំរត់តាមសង្សារឈ្មោះអី សំនាង រស់នៅភូមិកើតហេតុខាងលើ។

ប្រភពដដែល បន្តថា ក្រោយពីទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានបញ្ជាលោកវរសេនីយ៍ឯក ជួន មឿន អធិការស្រុកសង្គមថ្មី ឲ្យចុះស្រាវជ្រាវ និងធ្វើការឃាត់ខ្លួនជនសង្ស័យភ្លាមៗ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ចាត់កាតតាមផ្លូវច្បាប់។

ជុំវិញករណីខាងលើនេះ តាមប្រភពអ្នកភូមិជិតខាង បានឲ្យដឹងថា ជនសង្ស័យដែលប្រើហិង្សាលើកូនស្រីនោះ មិនមែនជាឪពុកបង្កើតទេ គឺត្រូវជាពូបង្កើត ឬជាឪពុកចិញ្ចឹម ព្រោះជនសង្ស័យ បានយកយុវតីរងគ្រោះ មកចិញ្ចឹម តាំងពីតូចមក ស្រឡាញ់ទុកដូចជាកូនបង្កើត តែប៉ុន្មានថ្ងៃចុងក្រោយនេះ ស្រាប់តែបាត់កូនស្រីចិញ្ចឹមពីផ្ទះ លុះស៊ើបសួរដឹងថា កូនចិញ្ចឹមរត់តាមសង្សារ ក៏តាមរក រហូតឃើញកូនស្រីនៅផ្ទះសង្សារ ក៏ផ្ទុះកំហឹង ប្រើអំពើហិង្សាលើកូនស្រីចិញ្ចឹម គ្មានត្រាប្រណី វ៉ៃបោចសក់ ទាត់ធាក់ និងចាប់បោកដូចកង្កែប រហូតត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង៕ 

RELATED ARTICLES