ភ្នំពេញ ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចការសាងសង់បានជាង ៩៥% ហើយ ដែលគ្រោងនឹងបញ្ចប់ និងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដោយឥតគិតថ្លៃ រយៈពេលមួយខែ ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវល្បឿនលឿន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ថា ការសាងសង់ផ្លូវនេះសម្រេចបាន ៩៥% ហើយ នៅសេសសល់តែការងារមួយចំនួនតូចតែប៉ុណ្ណោះ ដូចជា ការងារបញ្ចប់សំណង់ និងសម្អាត ការងារដាក់ផ្លាកសញ្ញាចរាចរណ៍ ការងារដាំដើមឈើនៅចំណុចខ្លះសងខាងផ្លូវ គាំទ្រការងារបរិស្ថាន និងដើមផ្កានៅសួនទ្រូងផ្លូវ និងការងារបំពាក់កាមេរ៉ាសុវត្ថិភាពជាដើម ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ផ្លូវនេះគ្រោងនឹងបញ្ចប់ និងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ហើយបងប្អូនប្រជាពលរដ្ឋ អាចប្រើប្រាស់ផ្លូវនេះ ដោយឥតគិតថ្លៃ ក្នុងរយៈពេលមួយខែ ហើយក្រសួង បាននិងកំពុងរៀបចំស្ពតណែនាំអំពីការប្រើប្រាស់ផ្លូវនេះ ឱ្យមានការយល់ដឹងច្បាស់លាស់ដល់បងប្អូនប្រជាពលរដ្ឋ ដោយហេតុថា ផ្លូវនេះ ជាផ្លូវល្បឿនលឿនលើកដំបូងរបស់កម្ពុជា ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវនេះ ត្រូវបើកបរប្រកាន់ស្ដាំ ក្នុងករណីខ្លួនមិនចង់បើកលឿន ហើយមិនអាចបត់ត្រឡប់ ក្រោយបានទេ លុះត្រាតែធ្វើដំណើរចេញពីផ្លូវ នៅចំណុចប្តូរទិស ទើបអាចបត់ត្រឡប់ក្រោយវិញបាន។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រោយផុតរយៈពេលដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន ក្រុមហ៊ុន នឹងចាប់ផ្តើមយកថ្លៃនៃការប្រើប្រាស់ផ្លូវនេះ ដោយក្នុងនោះ ម្ចាស់រថយន្ត អាចទិញកាតអេឡិចត្រូនិក ETC សម្រាប់ប្រើប្រាស់ក្នុងការទូទាត់ ប្រព័ន្ធសេនស័រ ដាក់នៅពីមុខរថយន្តរបស់ខ្លួន ជួយឱ្យចំណេញពេលក្នុងការធ្វើដំណើរ ដោយមិនចាំបាច់ឈប់ ពេលដល់កន្លែងបញ្ជរបង់ប្រាក់ ពេលចាកចេញនៅកន្លែងប្ដូរទិស ម៉ាស៊ីននៅតាមបញ្ជរបង់ប្រាក់ នឹងគិតតម្លៃធ្វើដំណើរដោយស្វ័យប្រវត្តិ។ អ្នកធ្វើដំណើរ អាចរកទិញកាតអេឡិចត្រូនិច នោះបាន នៅតាមធនាគារដៃគូរបស់ក្រុមហ៊ុនសាងសង់ ។ ក្នុងករណីគ្មានកាតអេឡិចត្រូនិក ETC បុគ្គលិកនៅតាមច្រកចូល នឹងផ្តល់កាតមួយ ឱ្យម្ចាស់យានយន្ត ពេលធ្វើដំណើរចាកចេញច្រកណាមួយបុគ្គលិកនៅតាមបញ្ជរ នឹងយកកាតនោះទៅឆូតតាមកុំព្យូទ័រ និងបង្ហាញពីតម្លៃត្រូវទូទាត់។
ទាក់ទងនឹងតម្លៃធ្វើដំណើរ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនថា គិតជាមធ្យម នៅប្រទេសគេ ថ្លៃធ្វើដំណើរលើផ្លូវល្បឿនលឿន ត្រូវបានគិតចំនួន ១០សេន ក្នុងមួយគីឡូម៉ែត្រ។ ដោយឡែកនៅកម្ពុជា ក្នុងឆ្នាំទីមួយ ក្រុមហ៊ុននឹងគិតថ្លៃធ្វើដំណើរទៅតាមប្រភេទយានយន្ត ក្នុងនោះរថយន្តគ្រួសារ នឹងត្រូវគិតថ្លៃចំនួន ២៤ដុល្លាអាមេរិក ក្នុងនោះចំនួន ១២ដុល្លារទៅ និងចំនួន១២ដុល្លារមក ហើយនៅឆ្នាំទីពីរ ក្រុមហ៊ុននឹងពិនិត្យយកតម្លៃធ្វើដំណើរយោងតាមកិច្ចព្រមព្រៀងសម្បទានដែលកម្ពុជា បានចុះហត្ថលេខាជាមួយក្រុមហ៊ុនសាងសង់។
ទាក់ទងនឹងការប្រើប្រាស់ល្បឿនធ្វើដំណើរ លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងថា ក្រសួងកំពុងពិចារណាលើបញ្ហានេះ ប៉ុន្តែតាមគម្រោង អាចបើកបរបាន ១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយសារផ្លូវនេះជាផ្លូវល្បឿនលឿន ប៉ុន្តែអ្នកបើកបរ ត្រូវមានការប្រុងប្រយ័ត្នឱ្យខ្ពស់ ដោយសារផ្លូវនេះសភាពល្អ មិនរលាក់ ជិះស្រួល ភ្លេចខ្លួន អាចជិះលើសល្បឿនកំណត់ បង្កជាគ្រោះថ្នាក់បាន។ អ្នកបើកបរ ត្រូវតែគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ ចៀសវាងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
គួរបញ្ជាក់ថា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះ តភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕