Tuesday, November 26, 2024
Homeព័ត៌មានជាតិបណ្ឌិតឡៅ ម៉ុងហៃ សុំបើកការស៊ើបអង្កេតឡើងវិញ ការបាញ់សម្លាប់បណ្ឌិតកែម ឡី

បណ្ឌិតឡៅ ម៉ុងហៃ សុំបើកការស៊ើបអង្កេតឡើងវិញ ការបាញ់សម្លាប់បណ្ឌិតកែម ឡី

ភ្នំពេញ ៖ បណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយនិងសង្គម បានស្នើសុំតុលាការ បើកការស៊ើបអង្កេតជាថ្មីទាំងអស់ឡើងវិញ ករណីបាញ់សម្លាប់បណ្ឌិតកែម ឡី អ្នកវិភាគ និងជាអ្នកស្រាវជ្រាវសង្គមដើម្បីការអភិវឌ្ឍ ដោយលោកបានលើកឡើងថា អត់សមហេតុផលសោះថា លោកបណ្ឌិត កែម ឡី ជំពាក់លុយឃាតករជួប សម្លាប់ ៣០០០ដុល្លារ ហើយអត់សមហេតុផលសោះថា ជួប សម្លាប់ ចំណាយលុយទៅទិញកាំភ្លើងដែលមានតម្លៃដល់ទៅជាង ៣០០០ដុល្លារ សម្រាប់ទៅបាញ់សម្លាប់កែម ឡី ដើម្បីទារលុយ ៣០០០ដុល្លារ ហើយអត់សមហេតុផងសោះថា ជួប សម្លាប់ ល្ងង់ដល់ទៅមិនដឹងថា មិនអាចទារលុយបានពីមនុស្សស្លាប់ ហើយបើបាញ់គេស្លាប់ នឹងជាប់គុក ។

          លោកបណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “អត់អាចជឿបានទេថា លោកបណ្ឌិត កែម ឡី ជំពាក់លុយជួប សម្លាប់ ៣ពាន់ដុល្លារ ដូចជួប សម្លាប់ នេះបានអះអាង ។ សុំតុលាការបើកការស៊ើបអង្កេតការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ជាថ្មីទាំងអស់ឡើងវិញ ។

  តើជឿជួប សម្លាប់ បានដែរឬ?

– អត់សមហេតុផលសោះថា លោកបណ្ឌិត កែម ឡី ជំពាក់លុយឃាតករគាត់ គឺជួប សម្លាប់ ៣០០០ដុល្លារ ។

– អត់សមហេតុផលសោះថា ជួប សម្លាប់ ចំណាយលុយទៅទិញកាំភ្លើងដែលមានតម្លៃដល់ទៅជាង ៣០០០ដុល្លារ សម្រាប់ទៅបាញ់សម្លាប់កែម ឡី ដើម្បីទារលុយ ៣០០០ដុល្លារ ។

– អត់សមហេតុផងសោះថា ជួប សម្លាប់ ល្ងង់ដល់ទៅមិនដឹងថា មិនអាចទារលុយបានពីមនុស្សស្លាប់ ហើយបើបាញ់គេស្លាប់ នឹងជាប់គុកនោះទេ ។

– អត់សមហេតុផលសោះ ពេលដែលឃើញលោកបណ្ឌិត កែម ឡី នៅផ្សារម៉ាត ហាងសាំងកាល់តិចហើយ ម៉េចបានជាជួប សម្លាប់ មិននិយាយទារលុយពីកែម ឡី ត្រង់ពីមុខទៅ បែរជាទៅលួចបាញ់គាត់ពីក្រោយចំហៀងទៅវិញ?

  អត់ទាន់មានការពិត សច្ចៈថា លោកបណ្ឌិត កែម ឡី ជំពាក់លុយជួប សម្លាប់ ៣០០០ដុល្លារនោះទេ : ជួប សម្លាប់ ស្គាល់លោកបណ្ឌិត កែម ឡី និងឲ្យគាត់ខ្ចីលុយ ក្នុងកាល:ទេស:ណា? បានមកទារយកលុយវិញប៉ុន្មានដង? ពេលណា? នៅទីកន្លែងណា?

  មិនទាន់មានការពិត គឺមិនទាន់មានយុត្តិធម៌សម្រាប់គាត់ទេ ។ ត្រូវបើកការស៊ើបអង្កេតការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ជាថ្មីទាំងអស់ឡើងវិញ ។

ការពិត ត្រូវតែមាន យុត្តិធម៌ត្រូវតែមាន :

. “ការពិត​ត្រូវ​តែ​មាន ​ទោះ​ជា​មេឃ​ត្រូវ​រលំ ​ភ្នំ​ត្រូវ​រលាយ​ក៏ដោយ” ជាភាសាអង់គ្លេសថា “Let Truth be done, though the world may perish” និងជាភាសាឡាតាំង​ដើមថា “Fiat Veritas, et pereat mundus” ។

. “យុត្តិធម៌​ត្រូវ​តែ​មាន ​ទោះ​ជា​មេឃ​ត្រូវ​រលំ​ ​ភ្នំ​ត្រូវ​រលាយ​ក៏ដោយ” ជា​ភាសា​ជាអង់គ្លេសថា “Let justice be done, though the world may perish” និងជា​ភាសា​ឡាតាំង​ថា “Fiat iustitia, et pereat mundus”។ 

          បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ថា ការស៊ើបអង្កេតជាថ្មីឡើងវិញទាំងអស់និងសហការពីអ្នកដឹងព័ត៌មានពាក់ព័ន្ធលោកបណ្ឌិត កែម ឡី ព័ត៌មានពាក់ព័ន្ធជួប សម្លាប់ និងព័ត៌មានពាក់ព័ន្ធការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នឹងអាចរកឃើញការពិតនៃការជំពាក់លុយ ៣០០០ដុល្លារ និងការពិតនៃផលចំណេញផ្សេងពីលុយនេះ ដល់ជួប សម្លាប់ ។

          លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍ថា “សកម្មភាពអត់សមហេតុផលរបស់ ជួប សម្លាប់ ទៅបាញ់សម្លាប់លោកបណ្ឌិ កែម ឡី ធ្វើឲ្យអ្នកមានភាពសមហេតុផល (a reasonable person) មានការមន្ទិលសង្ស័យថា ការសម្លាប់នេះ អាចមិនពាក់ព័ន្ធរឿងកែម ឡី ជំពាក់លុយជួប សម្លាប់ ដែលនាំឲ្យជួប សម្លាប់ នេះទៅបាញ់សម្លាប់កែម ឡី នោះទេ ។ ជួប សម្លាប់ អត់បានលុយជំពាក់នោះពីកែម ឡី មកវិញទេ តែបានទទួលតែទណ្ឌកម្មជាប់គុក ពន្ធនាគារតែប៉ុណ្ណោះ គឺប្រាក់ក៏បង់ ថង់ក៏ដាច ។ អ្នកស៊ើបអង្កេតរកការពិតនៃបទល្មើសព្រហ្មទណ្ឌ និងចៅក្រមជំនុំជម្រះ ក៏ប្រហែលជាមិនជឿការអះអាងរបស់ជួប សម្លាប់ ដែរ ។ អ្នកជំនាញខាងការរកការពិត និងយកការពិតជាមូលដ្ឋាននៃការវិនិច្ឆ័យកាត់ទោស មានការគិតពិចារណាដណ្តឹងសួរក្នុងការធ្វើការងាររបស់ខ្លួនថា អ្នកណាបានចំណេញពីអំពើឧក្រិដ្ឋ (who stood to profit) ជាភាសាឡាតាំងដើមថា cui bono fuisset ដែលជាសម្ដីរបស់ចៅក្រមរ៉ូម៉ាំងល្បី ដោយនិយាយការពិតបំផុត និងមានគតិបណ្ឌិតបំផុតមួយពីដើម ឈ្មោះ លុះស្យ៊ឹស កាសស្យ៊ឺស (Lucius Cassius) ។ ពួកគេក៏មានគោលការណ៍ដ៏សំខាន់មួយពាក់ព័ន្ធគ្នាដែរ ដែលថា អ្នកណាដែលអំពើឧក្រិដ្ឋ ជួយឲ្យបានចំណេញ គឺអ្នកនោះហើយដែលបានប្រព្រឹត្តអំពើឧក្រិដ្ឋនោះ (for whom the crime advances, he has done it ) ជាភាសាឡាតាំងថា for cui prodest scelus is fecit ដែលជាសម្ដីរបស់ទស្សនវិទូរ៉ូមាំង សេណាកា (Seneca) ពីដើម ។ អ្នកស៊ើបអង្កេត បន្តការស៊ើបអង្កេត ហើយចៅក្រម ក៏នឹងបង្គាប់ឲ្យរកការពិតនៃរឿងកែម ឡើ ដែលជួបសម្លាប់ បានអះអាងថា បានខ្ចីលុយវា ៣០០០ដុល្លារនោះ ។ អ្នកស៊ើបអង្កេត អាចសួរជួប សម្លាប់ ជាបន្តបន្ទាប់ ដូចតទៅនេះ : – បានជួបកែម ឡី ជាដំបូងនិងបន្តបន្ទាប់ នៅទីណា? (ភូមិ ឃុំ ស្រុក ខេត្ត) ក្នុងកាល:ទេស:ជាក់លាក់ណា? នៅថ្ងៃខែឆ្នាំណា? មុនឈានដល់ឲ្យកែម ឡី ខ្ចីលុយ៣០០០ដុល្លារ ។ តើកែម ឡី ស្គាល់ឈ្មោះខ្លួនឯងជាជួប សម្លាប់ ឬឈ្មោះអីផ្សេងទៀត? – បានជួបអ្នកណាទៀតជាមួយកែម ឡី ពេលជួបកែម ឡី ម្តងៗ ។ – បានស្គាល់កែម ឡី ជានរណា? មុខរបររកស៊ីអី? នៅឯណា? ស្គាល់លំនៅ គ្រួសារ ពេលណាជាក់លាក់ មុនឲ្យខ្ចីលុយ? – បានដឹងថា កែម ឡី យកលុយទៅធ្វើអី? ពេលណាត្រូវសងវិញ? – បានប្រគល់លុយឲ្យកែម ឡី ថ្ងៃខែឆ្នាំណា? នៅទីណា? ភូមិ ឃុំ ស្រុកណា? ក្នុងកាល:ទេស:ណា? មានអ្នកណានៅជាមួយខ្លះ ?“ ។

          លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍បន្តថា «ពេលនោះ កែម ឡី ស្លៀកពាក់យ៉ាងម៉េច? ឲ្យលុយដុល្លារ ក្រដាសប៉ុន្មានៗ? ខ្លួនឯងយកពីកាបូប ឬពីហោប៉ៅអាវឬខោ? រាប់លុយឲ្យកែម ឡី យ៉ាងម៉េច? កែម ឡី ទទួលយកលុយ រាប់មើល ដាក់កាបូប ដាក់ហោប៉ៅអាវ ហោប៉ៅខោ? – បានមានទំនាក់ទំនងជាមួយកែម ឡី តាមរយ:ណា? បានជួបផ្ទាល់ៗប៉ុន្មានដង? នៅថ្ងៃខែឆ្នាំណា និងនៅកាស:ទេស:ណា? ពេលជួបម្តងៗ និងបានជួបតាមទូរស័ព្ទ។ និយាយអំពីអ្វីខ្លះ បានជួបម្តងៗ? មាននិយាយអំពីលុយខ្ចីឬទេ? – ពេលណា ថ្ងៃខែឆ្នាំណា បានដឹងថា កែម ឡី មិនបានសងលុយ ឬមិនបានគោរពធ្វើតាមកិច្ចសន្យា? មានខឹងសម្យានឹង កែម ឡី ខ្លាំង ហើយចង់បង្ខំឲ្យកែម ឡី គោរពពាក្យសន្យាឬទេ? ពេលណា? – បានតាមរកទារលុយពីកែម ឡី នៅពេលណា? ថ្ងៃខែឆ្នាំណា? ចេញពីទីកន្លែងណា ទៅទីកន្លែងណា? ពេលតាមរកម្តងៗ ។ បើទៅរកនៅកន្លែងឆ្ងាយពីផ្ទះ ទៅស្នាក់ទីកន្លែងណា ពេលតាមរកម្តងៗ? បានទៅដល់ផ្ទះកែម ឡី និងដែលបានជួបកែម ឡី ឬទេ? នៅទីកន្លែងណា ភូមិ ឃុំ ស្រុក ខេត្តណា នៅថ្ងៃខែឆ្នាំណា ពេលបានជួបម្តងៗ? – ពេលណាចាប់ផ្តើមមានគំនិតព្យាបាទកែម ឡី ដោយកែម ឡី បោកយកលុយ ៣០០០ដុល្លារ? – មុនថ្ងៃ ១០ កក្កដា ២០១៦ ចេញទៅភ្នំពេញ ពីទីកន្លែងណា? ភូមិ ឃុំ ស្រុក ខេត្តណា? តាមមធ្យោបាយធ្វើដំណើរអី? នៅម៉ោងប៉ុន្មាន ថ្ងៃខែឆ្នាំណា? ទៅដល់ភ្នំពេញ នៅម៉ោងប៉ុន្មាន ថ្ងៃខែណា? បានទៅភ្នំពេញ ប៉ុន្មានដងហើយ? ពេលទៅភ្នំពេញ ម្តងៗ នៅប៉ុន្មានថ្ងៃម្តងៗ? មានបងប្អូន មិត្តភក្តិឬទេ នៅភ្នំពេញ? ទៅភ្នំពេញម្តងៗ ទៅស្នាក់នៅទីណា? ជាមួយអ្នកណា? នៅភូមិ សង្កាត់ ខណ្ឌណា? – បានទៅដល់ភ្នំពេញ មុនថ្ងៃបាញ់សម្លាប់កែម ឡី : ចេញមកពីទីណា? ភូមិ ឃុំ ស្រុក ខេត្តណា? តាមយានយន្តអី? នៅម៉ោងប៉ុន្មាន? ធ្វើដំណើរតាមផ្លូវណាខ្លះ មុនចូលដល់ទីក្រុងភ្នំពេញ? ដល់ភ្នំពេញ ទៅស្នាក់នៅផ្ទះឯកជន ផ្ទះសំណាក់ សណ្ឋាគារ ម្នាក់ឯង ជាមួយអ្នកណា នៅទីណា ភូមិ សង្កាត់ ខណ្ឌណា ? ហូបចុកនៅទីណា?  ធ្វើដំណើរទៅភ្នំពេញ លើកក្រោយបង្អស់នោះ មានគោលបំណងនិងទិសដៅអ្វី? បានចេញដើរទៅទីណាខ្លះ ទិសដៅទៅទីកន្លែងណា ដើម្បីធ្វើអ្វី ដើរឬជិះយានយន្ត យានយន្តអី? ដើរម្នាក់ឯង ឬជាមួយអ្នកណាខ្លះ? ហើយមានទំនាក់ទំនងបែបណាជាមួយអ្នកនោះ? មានបានជួបកែម ឡី ឬទេ? ប៉ុន្មានដង នៅទីកន្លែងណា នៅពេលណា ពេលជួបម្តងៗ? – ពេលធ្វើដំណើរទៅភ្នំពេញ បានយកកាំភ្លើងតាមខ្លួនឬទេ? មានអាជ្ញាប័ណ្ណកាន់កាំភ្លើងនោះឬទេ? អាជ្ញាធរណាចេញអាជ្ញាប័ណ្ណនោះឲ្យ? បើធ្វើដំណើរតាមយានយន្តសាធារណ: មានបារម្ភថាគេឆែកឆេរកាំភ្លើងឬទេ? ពេលនៅភ្នំពេញ និងចេញដើរនៅភ្នំពេញ មានយកកាំភ្លើងទៅតាមជាមួយឬទេ? បើយកតាម ដោយហេតុអ្វី? – យប់ថ្ងៃ៩ កក្កដា ២០១៦ ស្នាក់នៅផ្ទះណា? នៅទីណា ហូបបាយល្ងាចជាមួយអ្នកណា? ចូលដេកម៉ោងប៉ុន្មាន? ព្រឹកថ្ងៃ១០ កក្កដា ២០១៦ ក្រោកពីដេកម៉ោងប៉ុន្មាន? ហូបអាហារពេលព្រឹកនៅម៉ោងប៉ុន្មាន? នៅទីណា ជាមួយអ្នកណាខ្លះ ហូបអ្វីខ្លះ? ហូបហើយចេញទៅទិសដៅណា? ម្នាក់ឯង ជាមួយអ្នកអ្នកណាខ្លះ ទៅតាមផ្លូវណាខ្លះ ដើរឬតាមយានយន្ត មានយកកាំភ្លើងទៅជាមួយឬទេ ដើម្បីធ្វើអ្វីព្រឹកនោះ?“  ។

          លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍បន្តទៀតថា “ដើម្បីធ្វើអ្វី ដែលទៅហាងសាំងកាល់តិច និងផ្សារម៉ាត នៅទីនោះ? បានឃើញកែម ឡី នៅអង្គុយនៅក្នងផ្សារម៉ាតនោះ ជាមួយមនុស្សច្រើនឬទេ? មានបាននិយាយជាមួយគាត់ផ្ទាល់ឬទេ អំពីរឿងលុយ ៣០០០ដុល្លារ និងកែម ឡី ដែលមិនគោរពកិច្ចសន្យា? តើកែម ឡី បានឃើញជួប សម្លាប់ ហើយកែម ឡី សម្ដែងការរាក់ទាក់ អញ្ជើញហូបកាហ្វេជាមួយនៅទីនោះ ឬក៏សម្ដែងការខ្មាសអៀន គេចវេះ មិនឲ្យជួបជាមនុស្សមានខ្លួនមិនសងលុយ មិនគោរពកិច្ចសន្យា? បើមានការជួបគ្នា មានការជជែកគ្នាតឹងមាត់តឹងក រវាងកែម ឡី និងជួបសម្លាប់ឬទេ? តើកែម ឡី បដិសេធកិច្ចសន្យាជាមួយជួប សម្លាប់ ប្រើពាក្យសម្ដីជេរប្រមាថ ទ្រគោះបោះបោកខ្លាំងៗ ធ្វើឲ្យជួប សម្លាប់ ខ្មាសគេ ឈឺចាប់ខ្លាំង ដែលធ្វើឲ្យជួប សម្លាប់ ទ្រាំមិនបាន ក៏បាញ់សម្លាប់កែម ឡី នៅលើកៅអីតែម្តង? – តើហេតុអ្វីបានជាជួប សម្លាប់ ទៅបាញ់សម្លាប់កែម ឡី ពីចំហៀងខាងក្រោយ កែម ឡី ដល់ទៅពីរគ្រាប់ ឲ្យកែម ឡី ស្លាប់នៅទីកន្លែងតែម្តង មិនបាញ់ចំមុខ ពេលដែលទាស់គ្នានោះ បើមាន?“ ។

          លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍បន្ថែមថា “ឃ្លីបវីដេអូ ផ្សាយជាសាធារណ: មិនបានបង្ហាញថា មានការជួបមុខគ្នារវាងជួប សម្លាប់ និងលោកបណ្ឌិត កែម ឡី សោះ ។ សាធារណជន ក៏មិនបានដឹងសោះថា អ្នកទាំងពីរបានជួបនិយាយគ្នា និងទាស់គ្នាសោះ នៅក្នងផ្សារម៉ាតនោះ មុនជួបសម្លាប់ បាញ់សម្លាប់កែម ឡី ពីចំហៀងខាងក្រោយគាត់ ។ នៅពេលដែលអ្នកស៊ើបអង្កេត មិនទាន់រកឃើញការពិតដែលថាលោកបណ្ឌិត កែម ឡី ជំពាក់លុយជួប សម្លាប់ ៣០០០ដុល្លារ គេមិនអាចជឿថា ជួប សម្លាប់ បានបាញ់សម្លាប់ដោយសារការជំពាក់លុយនោះណាស់ ។ បើអនុវត្តគោលការណ៍ថា ឧក្រិដ្ឋជន គឺជាអ្នកទទួលផលចំណេញពីឧក្រិដ្ឋកម្ម ដូចបានយោងនៅខាងលើ ជួប សម្លាប់ អាចជាអ្នកទទួលផលចំណេញពីការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី តែគេក៏មិនអាចជឿបានថា ផលចំណេញដែលជួប សម្លាប់ បានឬនឹងបានទទួលពីឧក្រិដ្ឋកម្មរបស់វា គឺច្បាស់ជាមិនមែនលុយ ៣០០០ដុល្លារ ដែលវាអះអាងថាលោកលោកបណ្ឌិត កែម ឡី ជំពាក់វានោះ ព្រោះវាអត់ទាំងបានលុយនោះមកវិញផង ហើយថែមទាំងទទួលទណ្ឌកម្មជាប់គុកទៀត។ គេអាចស្រមៃឃើញបានថា ផលចំណេញដល់ជួប សម្លាប់ អាចមានប្រភេទផ្សេងស្រឡះពីប្រាក់ជំពាក់ ៣០០០ដុល្លារនោះ ។ ការស៊ើបអង្កេតជាថ្មីឡើងវិញទាំងអស់ និងសហការពីអ្នកដឹងព័ត៌មានពាក់ព័ន្ធលោកបណ្ឌិត កែម ឡី ព័ត៌មានពាក់ព័ន្ធជួប សម្លាប់ និងព័ត៌មានពាក់ព័ន្ធការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នឹងអាចរកឃើញការពិតនៃការជំពាក់លុយ ៣០០០ដុល្លារ និងការពិតនៃផលចំណេញផ្សេងពីលុយនេះដល់ជួប សម្លាប់» ។

          គួរបញ្ជាក់ថា លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់ កាលពី​ព្រឹក​ថ្ងៃ​ទី១០ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ នៅក្នុងហាងស្តារម៉ាត នៃស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ ​។ ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះអឿត អាង ហៅជួប សម្លាប់ ដែលបានសារភាពថាខ្លួនជាខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ដោយសារជំពាក់លុយ ៣០០០ដុល្លារ មិនសង។ ចុងក្រោយ ជនសង្ស័យត្រូវបានតុលាការសម្រេចផ្ទន្ទាទោស ដាក់គុកអស់មួយជីវិត។ ប៉ុន្តែសម្រាប់ក្រុម​អង្គការ​សង្គម​ស៊ីវិល ​យុវជន​កែម ឡី​និយម​ រួមទាំងក្រុមគ្រួសារលោកកែម ឡី មិនជឿថា ជួប សម្លាប់ ជាឃាតករពិត ឬអាចមានអ្នកបញ្ជាពីក្រោយ ដូច្នេះហើយពួកគេបានទាមទារឲ្យរាជ​រដ្ឋាភិបាល​ ​ស៊ើបអង្កេត​រក​អ្នក​ពាក់​ព័ន្ធ​ទាំងអស់ ​និង​ឃាតក​ពិតប្រាកដ ​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ​ និង​សង្គម​ជាតិ​ទាំង​មូល ព្រោះ​ករណី​ឃាតកម្ម​លើ​បណ្ឌិត​កែម ឡី​ ដែល​តុលាការ​សម្រេច​ផ្តន្ទាទោស​ឃាតករ​តែ​ម្នាក់ ​គឺ​ឈ្មោះ​​ជួប​ សម្លាប់ ​នោះ​ មិន​ទាន់​ឱ្យ​មហាជន​អស់​មន្ទិល​សង្ស័យ​នៅ​ឡើយ ៕

RELATED ARTICLES