កាលពីថ្ងៃសុក្រទី២២កក្កដាប្រធានាធិបតីកូរ៉េខាងត្បូងលោកយុនស៊ុកយុល(Yoon Suk Yeol )បានអះអាងថា ប្រទេសកូរ៉េខាងជើង ត្រៀមខ្លួនជាស្រេចដើម្បីធ្វើតេស្តអាវុធនុយក្លេអ៊ែរនៅពេលណាក៏បាន។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់(Yonhap News)។
យោងតាមអាជ្ញាធរអាមេរិកបានអោយដឹងថាទីក្រុងព្យុងយ៉ាងបានបញ្ចប់ការរៀបចំទាំងអស់ហើយត្រូវបានគេរំពឹងថានឹងធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរក្នុងរង្វង់ខែនេះ
ប្រធានាធិបតីកូរ៉េខាងត្បូងបានប្រាប់អ្នកយកព័ត៌មានថា យើងជឿថាមិនត្រឹមតែនៅចុងខែនេះទេ ប៉ុន្តែចាប់តាំងពីការស្បថ ចូលកាន់តំណែងរបស់ខ្ញុំមក កូរ៉េខាងជើងបានត្រៀមខ្លួនរួចរាល់ហើយ និងអាចធ្វើវានៅពេលណាមួយក៏បាន ។
ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងមីស៊ីលរយៈចម្ងាយមធ្យមនិងឆ្ងាយជាបន្តបន្ទាប់ចាប់តាំងពីលោកយុន ចូលកាន់តំណែងកាលពីខែឧសភាហើយត្រូវបានគេរំពឹង ថានឹងមានសាកល្បងនុយក្លេអ៊ែរលើកទីប្រាំពីររបស់ខ្លួន។
ដោយសារតែហេតុផលនេះហើយលោ Kim Kyou-hyunនាយកសេវាស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង បានធ្វើទស្សនកិច្ចដោយមិនប្រកាសមួយទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅដើមសប្តាហ៍នេះ ដោយជំរុញឱ្យមានការរំពឹងទុកថា លោកនឹងជួបជាមួយមន្ត្រីចារកម្មកំពូលរបស់សហរដ្ឋអាមេរិក ដើម្បីសម្របសម្រួលការឆ្លើយតបរបស់ពួកគេចំពោះការបង្កហេតុរបស់កូរ៉េខាងជើង។
កាលពីខែមុន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនបានប្រកាសផែនការពង្រឹងទំនាក់ទំនងសន្តិសុខ និងបានយល់ព្រមរួមគ្នាប្រឆាំងនឹងការគំរាមកំហែងពីកូរ៉េខាងជើងប្រសិនបើទីក្រុងព្យុងយ៉ាងធ្វើតេស្តនុយក្លេអ៊ែរមួយផ្សេងទៀត៕