Tuesday, November 26, 2024
Homeព័ត៌មានជាតិតើកូនទៅទីណា ម៉ែរង់ចាំ?

តើកូនទៅទីណា ម៉ែរង់ចាំ?

ភ្នំពេញ ៖ នាងក្រមុំម្នាក់ បានដើរលេងមិនចូលផ្ទះ អស់រយៈពេលជាច្រើនថ្ងៃ ធ្វើឲ្យឪពុកម្ដាយដើររកស្ទើរគ្រប់ទីកន្លែង ក្នុងរាជធានីភ្នំពេញ រហូតចុងក្រោយ ស្ត្រីចាម្តាយ បានដើរមករកដល់លើស្ពានជ្រោយចង្វា ជាកន្លែងដែលនារីរូបស្អាតវ័យ ក្មេងជួបវិបត្តិជាច្រើន កន្លងមកបានមកលោតទឹកសម្លាប់ខ្លួន ហើយគាត់បានប្រកាសតាមអ្នកយកព័ត៌មានថា តើកូនស្រីនៅ ទីណា? វិលមកផ្ទះវិញ ឬផ្តល់ដំណឹងដល់ម៉ែផង ម៉ែបារម្ភខ្លាំងណាស់ ។

          នាងក្រមុំដែលដើរលេងមិនចូលផ្ទះនោះ មានឈ្មោះភាព ចំណាន អាយុ១៧ឆ្នាំ ជាកូនស្រីពៅ (កូនទី៤) ក្នុងចំណោមបងប្អូន ៤នាក់ (ស្រីទាំង៤) នៃត្រកូលគ្រួសារមានជីវភាពមធ្យមមួយ ដែលមានឪពុកឈ្មោះ ជា សែសុភាព អាយុ៤៧ឆ្នាំ ជាមន្ត្រីធ្វើការនៅក្នុងសង្កាត់ និងមានម្ដាយឈ្មោះ ស សុគុណ អាយុ៤៨ឆ្នាំ ជាអាជីវករលក់ចាប់ហូយនៅផ្ទះ អាសយដ្ឋានបច្ចុប្បន្នភូមិអូរបែកក្អម១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពម្តាយនាងក្រមុំខាងលើ បានឲ្យដឹងថា កូនស្រីគាត់បានបាត់ខ្លួន នៅយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ហើយក៏បានធ្វើឲ្យមានការភ្ញាក់ផ្អើលតាមបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ក្រោយពេលគាត់ជាម្ដាយ បានកាន់រូបថតកូនស្រី ទៅស្ពានជ្រោយចង្វា ដើម្បីឲ្យភ្នាក់ងារសារព័ត៌មានប្រចាំការនៅទីនោះ ជួយផ្សព្វផ្សាយរកកូនស្រី។

តាមសម្តីស្ត្រីឈ្មោះ ស សុគុណ អាយុ៤៨ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់យុវតីដែលបាត់ខ្លួន បានឲ្យថា គាត់មានស្រុកកំណើតនៅឃុំកោះខែល ស្រុកកោះធំ ខេត្តកណ្តាល សព្វថ្ងៃស្នាក់នៅម្តុំអូរបែកក្អម។ ប្តីប្រពន្ធពួកគាត់ រួមរស់នឹងគ្នា បង្កើតបានកូនស្រី ចំនួន៤នាក់ ក្នុងនោះ ២នាក់ មានប្តីសី ចេញទៅរស់នៅបែកផ្ទះរៀងខ្លួនអស់ទៅហើយ នៅសល់តែកូនស្រីក្នុងបន្ទុក២នាក់ ហើយក្នុងនោះ កូនស្រីដែលបាត់ខ្លួន គឺជាកូនពៅក្នុងគ្រួសារ។

ស្ត្រីជាម្តាយ បានរៀបរាប់ថា កូនស្រីរបស់គាត់ បានឈប់រៀនប៉ុន្មានឆ្នាំមកហើយ ដោយមូលហេតុរៀនមិនចូល ហើយក្រោយមក នាងក៏បានរកការងារបានធ្វើ នៅកន្លែងរើសទឹកមាត់ត្រចៀកកាំ ម្តុំបឹងសាឡាង និងបានធ្វើការនៅទីនោះរយៈពេលប្រមាណ ១ឆ្នាំមកហើយ។ កន្លងមក កូនស្រីនេះ តែចេញទៅធ្វើការនៅវេលាម៉ោង ៧ព្រឹក ជារៀងរាល់ថ្ងៃ និងត្រឡប់មកផ្ទះវិញ រង្វង់ម៉ោង ៩យប់។ លុះមកដល់ថ្ងៃកើតហេតុ ពោលគឺនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ កូនស្រីរបស់គាត់ បានចេញពីផ្ទះ នៅវេលាម៉ោង ៩ព្រឹក លុះគាត់ជាម្តាយសួរនាំ នាងថា ថ្ងៃនេះ នាងចូលធ្វើការម៉ោង៩ មិនចូលម៉ោង៧ ដូចរាល់ថ្ងៃឡើយ។ បន្ទាប់ពីកូនស្រីនេះចេញពីផ្ទះទៅ រហូតដល់វេលាម៉ោង ៩យប់ ថ្ងៃដដែល ស្រាប់តែបាត់មិនឃើញនាងត្រឡប់មកផ្ទះវិញសោះ ទើបធ្វើឱ្យពួកគាត់ជាឪពុកម្តាយភ័យ នាំគ្នាតាមទៅរកដល់កន្លែងធ្វើការ តែរកមិនឃើញសោះ។

ស្ត្រីជាម្តាយ បានឱ្យដឹងទៀតថា នៅពេលដែលកូនស្រីនេះបាត់ខ្លួន គាត់បានតាមទៅរកដល់កន្លែងដែលនាងធ្វើការ និងបានជួបជាមួយថៅកែនៅទីនោះ ហើយត្រូវថៅកែប្រាប់ថា កូនស្រីគាត់ មិនឃើញមកធ្វើការទេ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ហើយនាងក៏មិនបានសុំច្បាប់ ឬប្រាប់ថាទៅណាឱ្យប្រាកដដែរ។ ថៅកែរូបនោះ ថែមទាំងបានប្រាប់គាត់ទៀតថា កន្លងមក កូនស្រីគាត់ ជួនមកធ្វើការ ជួនអត់ មិនសូវជាប់លាប់ប៉ុន្មានឡើយ ក្នុងរយៈពេលចុងក្រោយនេះ។

ស្ត្រីជាម្តាយ បានបន្ថែមថា តាមដែលគាត់ដឹង កូនស្រីរបស់គាត់ ក៏មានសង្សារម្នាក់ដែរ ហើយកំលោះនោះ ក៏នៅជិតផ្ទះគាត់ដែរ លុះពេលកូនស្រីបាត់ខ្លួន គាត់ក៏តាមទៅសួរសង្សារនាងដែរ តែគេប្រាប់ថា មិនដឹងនោះទេ ហើយសូម្បីតែហ្វេសប៊ុករបស់សង្សារនាង ក៏នាងប្លុកចោលអស់ដែរ គ្មានអ្នកណាម្នាក់អាចទាក់ទងបានឡើយ។ តាមសម្តីកូនស្រីគាត់ម្នាក់ទៀត បានប្រាប់ថា ពេលដែលកូនស្រីចំណាន ចេញពីផ្ទះ នៅថ្ងៃទី១៦ កក្កដា នោះ នាងបានប្រាប់បងស្រីដែរថា នាងចេញពីផ្ទះហើយ ប៉ុន្តែនឹកស្មានថានាងគ្រាន់តែនិយាយលេងសើច។ ចំណែកសម្លៀកបំពាក់ នាងក៏មិនបានយកទៅដែរ ហើយកន្លងមកនេះ ក៏មិនធ្លាប់មានជម្លោះ ឬរឿងល្អក់កករអ្វីក្នុងរង្វង់គ្រួសារដែរ ស្រាប់តែនៅសុខៗ កូនស្រីបានចេញបាត់ពីផ្ទះ បែបនេះតែម្តង។

ស្ត្រីជាម្តាយយុវតីដែលបាត់ខ្លួនខាងលើ បានបញ្ជាក់ថា តាមអ្វីដែលគាត់ជាម្តាយបានស៊ើបសួរដឹង គឺនាងបានទៅដើរលេងជាមួយមិត្តភក្តិរបស់នាង ដែលមានទាំងស្រីទាំងប្រុស ហើយមានមិត្តភក្តិនាងម្នាក់ បានបង្ហើបប្រាប់គាត់ថា កូនស្រីគាត់នេះ (ចំណាន) បានទៅដល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយ តែគាត់មិនដឹងថា ពិតឬមិនពិតនោះទេ ហើយក៏មិនមានលទ្ធភាពតាមទៅរកកូនស្រីឆ្ងាយយ៉ាងនេះដែរ ហេតុនេះទើបសម្រេចចិត្តជិះម៉ូតូដើររកកូនស្រី ទាំង២នាក់ប្តីប្រពន្ធ ដឹកគ្នាតាមរកពេញក្រុងភ្នំពេញ ទៅហើយ និងថែមទាំងបានដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចំនួន ២កន្លែងដែរ គឺកន្លែងនាងធ្វើការ ម្តុំបឹងសាឡាង និងមូលដ្ឋានរស់នៅមួយ គឺនៅអូរបែកក្អម។

ក្រោយពីតាមរកកូនស្រីអស់រយៈពេល៧ថ្ងៃ ទៅហើយ នៅតែមិនមានដំណឹងបែបនេះ ទើបស្ត្រីជាម្តាយ បានមកអង្គុយទួញយំឱបរូបថតកូនស្រី នៅម្តុំគល់ស្ពានជ្រោយចង្វា បង្កឱ្យមានការភ្ញាក់ផ្អើលដល់ក្រុមអ្នកសារព័ត៌មាន ចុះសួរនាំ និងជួយផ្សព្វផ្សាយ ក្រែងបានឮដំណឹងដល់កូនស្រី ឲ្យនាងវិលត្រឡប់មកផ្ទះវិញ។

ជាមួយនេះ ស្ត្រីជាម្តាយ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានប្រទះឃើញយុវតីដែលមានភិនភាគដូចក្នុងរូបថត សូមមេត្តាជួយផ្តល់ដំណឹងដល់គាត់ជាម្តាយ តាមរយៈលេខទូរស័ព្ទ ០៧៧ ៧៨ ៧៥ ២៩ និង០៩៦ ៩៨១ ១០៤៣ ហើយប្រសិនបើកូនស្រីបានឮដំណឹងនេះហើយ សូមវិលត្រឡប់មកផ្ទះវិញមក ព្រោះម្តាយឪពុក នឹកនិងកំពុងព្រួយបារម្ភពីសុវត្ថិភាពកូនស្រីខ្លាំងណាស់ ខ្លាចចាញ់ល្បិចកលមនុស្សមិនល្អ បោកបញ្ឆោតនាំយកទៅធ្វើបាប។

          ចំណែកលោកជា សែសុភាព ត្រូវជាឪពុករបស់នាងក្រមុំ ភាព ចំណាន ដែលបាត់ខ្លួននោះ បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ថា ការដែលភរិយាលោកបានយករូបថតកូនស្រី ទៅដល់ស្ពានជ្រោយចង្វា គ្រាន់តែចង់ឲ្យភ្នាក់ងារព័ត៌មានប្រចាំការនៅទីនោះ ជួយផ្សព្វផ្សាយ ដើម្បីពាំនាំដំណឹងឲ្យបានលឿន។

បុរសជាឪពុក បន្តថា មូលហេតុដែលកូនស្រីលោកបាត់ពីផ្ទះ គឺនាងដើរទៅលេងជាមួយមិត្តភក្ដិ ជាស្រីដូចគ្នា ព្រោះម្ដាយរបស់មិត្តភក្ដិកូនស្រីគាត់នោះ ក៏បានទូរស័ព្ទមកប្រាប់លោកថា កូនស្រីរបស់គាត់ ក៏បាត់ពីផ្ទះដែរ គឺបាត់មុនកូនស្រីលោក មួយថ្ងៃ ហើយឮថា កំពុងស្ថិតនៅកន្លែងកម្សាន្ត (ក្លឹបរាត្រី) មួយ ក្នុងរាជធានីភ្នំពេញ គ្រាន់តែមិនទាន់ដឹងថា នៅម្ដុំណា សង្កាត់ណា ខណ្ឌណាពិបា្រកដ ខណៈដែលលោកក៏បានដាក់ពាក្យបណ្ដឹងទៅប៉ុស្តិ៍សង្កាត់បឹងសាឡាង និងប៉ុស្ដិ៍សង្កាត់អូរបែកក្អម ឲ្យជួយអន្តរាគមន៍តាមស្វែងរកដែរ ។

          លោកជា សែសុភាព បានរៀបរាប់ថា តាមពិតទៅ មុនបាត់ដំណឹងនេះ កូនស្រីពៅរបស់គាត់ (ក្រមុំបាត់ខ្លួន) ដែលមានអាយុ១៧ឆ្នាំ មានមាឌល្អិត ច្រមុះស្រួច សម្បុរស សក់វែង និងបានធ្វើការជាបុគ្គលិកក្រុមហ៊ុនរើសទឹកមាត់ត្រចៀកកាំ នៅសង្កាត់បឹងសាឡាង អស់រយៈជាង ១ឆ្នាំ ក្រោយឈប់រៀនហើយនោះ បានចេញទៅជួលផ្ទះនៅខាងក្រៅជាមួយមិត្តភក្ដិស្រីៗដូចគ្នានោះ អស់រយៈពេល ៧ថ្ងៃហើយ ដោយគាត់ដឹងទាំងកន្លែងផ្ទះជួលនោះ និងមិននឹកសង្ស័យថា ពួកគេនាំគ្នាទៅលេងឯណា នាំឲ្យបាត់ដំណឹងទេ ។ លុះចូលដល់ថ្ងៃទី៨ នៃការជួលផ្ទះនៅខាងក្រៅនោះ និងខណៈដែលលោកត្រូវវះភ្នែក និងសម្រាកព្យាបាលនៅមន្ទីរពេទ្យ មួយយប់ មិនទាន់បានត្រឡប់មកផ្ទះវិញ នាងក៏បានទូរស័ព្ទសួរលោកថា “តើប៉ា វះភ្នែកហើយ មកផ្ទះវិញឬអត់?” ។ លោកក៏ឆ្លើយថា “ប៉ានៅដេកពេទ្យ តែ១យប់ទេ ស្អែកឡើងនឹងទៅផ្ទះវិញហើយ» ។ លុះស្អែកឡើង ពេលលោកត្រឡប់មកផ្ទះវិញ ក៏បាត់មិនឃើញនាងមកផ្ទះ នៅពេលល្ងាចតែម្ដង ហើយពេលភរិយាលោកសួរនៅកន្លែងធ្វើការ គេបា្រប់ថា “កូនមីងឯង អត់ឃើញមកធ្វើការ មួយអាទិត្យហើយ” ធ្វើឲ្យភរិយាលោក ជាម្ដាយ ក៏ដូចជារូបលោកជាឪពុក ព្រមទាំងបងៗរបស់នាង មានការភ្ញាក់ផ្អើល ព្រោះមិននឹកស្មានថា កូននិងប្អូន ដើរលេងអត់ធ្វើការ មួយសប្ដាហ៍ហើយ ទើបដឹងថាបាត់ដំណឹង មិនដឹងទៅដើរដល់លេងដល់ណា ជាមួយមិត្តភក្ដិ គឺដឹងតែត្រឹមថា នាងពិតជានៅកន្លែងសប្បាយណាមួយ ជាមិត្តទាំងនោះ ព្រោះនៅពេលលោកឲ្យប៉ូលិសហៅទៅទូរស័ព្ទរបស់នាង ហើយក្លែងធ្វើច្រឡំលេខ សួរថា តើមានកុម្មង់ភីហ្សាទេនោះ ត្រូវមិត្តរបស់នាង បានលើកទទួលថា អត់មានកម្មុងភីហ្សាទេ ច្រឡំលេខហើយ រួចក៏ឮសំឡេងសើចគឹលព្រមគ្នា តាមទូរស័ព្ទនោះ បានន័យថា កូនរបស់លោក ក៏នៅក្នុងនោះដែរ គ្រាន់តែនាងមិននិយាយទូរស័ព្ទ ។

          បុរសជាឪពុក បន្តថា មុនបាត់ពីផ្ទះ ទៅជាមួយមិត្តភក្ដិស្រីៗដូចគ្នានោះ កូនស្រីលោក ក៏មានមិត្តប្រុស ឬសង្សារដែរ តែនាងនិងសង្សារនាង ដែលនៅជិតផ្ទះរបស់ពួកលោកជាឪពុកម្ដាយនាងនោះ បានបែកគ្នាហើយ ។ ដូច្នេះពេលបាត់ដំណឹងនាងនោះ លោកក៏បានទូរស័ព្ទឈ្លេចសួរអតីតសង្សារនាងនោះដែរ ហើយគេបានឆ្លើយថា គេក៏មិនដឹងថា នាងទៅទីណាដែរ ព្រោះក្រោយបែកគ្នា កុំថាឲ្យគេស្គាល់លេខទូរស័ព្ធថ្មីនាង សូម្បីតែហ្វេសប៊ុក ក៏នាងប្លុកគេចោលដែរ ។ មិនតែប៉ុណ្ណោះ ក្នុងនាមអតីតសង្សារ និងជាក្មេងធ្លាប់គោរពរាប់អានពួកលោកជាឪពុកម្ដាយនាង គេក៏បានតាមជួយរកនាង ជាមួយភរិយារបស់លោកដែរ តែនៅតែរកមិនឃើញ គិតមកដល់ល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ។ ដូច្នេះតាមរយៈ “នគរធំ”  លោកមានតែសូមផ្ដាំទៅកូនស្រី ឲ្យវិលមកផ្ទះវិញ ឬបើនៅកន្លែងណា សុំផ្ដល់ដំណឹងឲ្យឪពុកម្ដាយដឹងផង ព្រោះឪពុកម្ដាយ ពិតជាមានការបារម្ភចំពោះកូនណាស់ ខណៈដែលកន្លងមក ឪពុកម្ដាយក៏មិនដែលបង្ខិតបង្ខំ រករឿងដាក់សម្ពាធផ្លូវចិត្តកូនដែរ គឺតែងតែបំពេញតាមបំណងកូនជានិច្ច ។

          លោកជា សែសុភាព បានផ្ដាំទៅកូនស្រីយ៉ាងដូច្នេះថា “ប៉ាសុំផ្ដាំទៅកូនស្រី ឲ្យវិលមកវិញមក បើចង់ធ្វើការនៅកន្លែងណា ប្រាប់ប៉ាម៉ាក់ឲ្យដឹងផង ឬជួលផ្ទះនៅចំណុចណាមួយ ក៏បា្រប់ប៉ាម៉ាក់ឲ្យដឹងទៅ នោះប៉ាម៉ាក់លែងព្រួយបារម្ភ លែងខ្វល់ខ្វាយហើយ ប៉ុន្តែបើអត់មានដំណឹងអីអ៊ីចឹង ធ្វើឲ្យប៉ាម៉ាក់បារម្ភខ្លាំងណាស់ ជាពិសេសខ្លាចកូនចាញ់បោកមេខ្យល់ នាំទៅប្រព្រឹត្តបញ្ហាណាមួយដែលធ្វើឲ្យពិបាកដល់ឪពុកម្ដាយ និងដល់សង្គម ។ ដូច្នេះប៉ាសុំផ្ដាំទៅកូនជាថ្មីម្ដងទៀតថា បើកូនបានឮហើយ ឲ្យវិលមកផ្ទះវិញមក ម៉ាក់ប៉ាអត់មានរករឿងកូនអីទេ ឲ្យតែដឹងថា ធ្វើការនៅចំណុចណា ជួលផ្ទះនៅម្ដុំណា តែប៉ុណ្ណឹងទៅ ប៉ាម៉ាក់កក់ក្ដៅហើយ“ ៕ កុលបុត្រ

RELATED ARTICLES