Tuesday, November 26, 2024
Homeព័ត៌មានជាតិប្រុសស្បែកខ្មៅ កើតអុតស្វា រកឃើញអ្នកប៉ះពាល់

ប្រុសស្បែកខ្មៅ កើតអុតស្វា រកឃើញអ្នកប៉ះពាល់

ភ្នំពេញ ៖ ករណីបុរសស្បែកខ្មៅ ជនជាតិនីហ្សេរីយ៉ា កើតជំងឺអុតស្វា រត់គេចពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ហើយត្រូវបានឃាត់ខ្លួន យកទៅព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ី កាលពីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ នោះ អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងនៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ថា គិតត្រឹមម៉ោង ៥និង១០នាទីល្ងាច ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានរកឃើញអ្នកប៉ះពាល់ ចំនួន៥នាក់ ហើយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក នៅផ្ទះរបស់ពួកគាត់ និងតាមដានសុខភាពផ្ទាល់ខ្លួន ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា បុគ្គលទាំង ៥នាក់នោះ មិនទាន់បង្ហាញសញ្ញាណាមួយដែលបញ្ជាក់ពីការឆ្លងនៅឡើយទេ ដោយពួកគាត់ត្រូវបានណែនាំឱ្យនៅដោយឡែក សម្រាប់តាមដានសុខភាព។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា “គិតត្រឹមម៉ោង ៥ៈ១០នាទីល្ងាច ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នេះ យើងរកឃើញអ្នកពាក់ព័ន្ធ សរុបចំនួន ៥នាក់ហើយ ដែលបានណែនាំឱ្យនៅដោយឡែក សម្រាប់តាមដានសុខភាពពួកគាត់។ ពួកគាត់ទាំង ៥នាក់នេះ មិនទាន់បង្ហាញសញ្ញាណាមួយដែលបញ្ជាក់ពីការឆ្លងនៅឡើយទេ។ ទោះជាយ៉ាងណា ពួកគាត់ចាំបាច់ត្រូវនៅដាច់ដោយឡែក នៅផ្ទះរបស់ពួកគាត់ និងតាមដានសុខភាពផ្ទាល់ខ្លួន ហើយត្រូវរាយការណ៍ជូនក្រុមគ្រូពេទ្យ ប្រសិនបើមានចេញរោគសញ្ញាណាមួយដែលសង្ស័យ និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ឃ្លាំមើលដោយអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋបាលរាជធានីភ្នំពេញ…”។

គួររំលឹកថា កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ជាតិ និងសាលារាជធានីភ្នំពេញ ព្រមទាំងផ្នែកពាក់ព័ន្ធផ្សេងទៀត បានរកឃើញបុរសជនជាតិនីហ្សេរីយ៉ា ដែលកើតអុតស្វា ហើយរត់គេចពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ស្នាក់នៅផ្ទះសំណាក់ «ពណ៌មាស» ស្ថិតនៅផ្លូវលេខ ៤៣០ សង្កាត់ទួលទំពូង (ម្តុំផ្សារដើមថ្កូវ) ខណ្ឌចម្ការមន។

ក្រសួងសុខាភិបាល បានប្រកាសថា បុរសជនជាតិនីហ្សេរីយ៉ា ដែលត្រូវបានរកឃើញនេះ មានឈ្មោះ អូសម៉ុង ស៊ីហាហ្ស៊ីរីម (OSMOND CHIHAZIRIM) អាយុ២៧ឆ្នាំ កាន់ប៉ាស្ទ័រលេខ A10414328 ជាអ្នកទេសចរ និងមានប្រវត្តិនៃការធ្វើដំណើរចូលមកទឹកដីថៃ កោះភូកេត នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។ អ្នកជំងឺអុតស្វា ខាងលើនេះ ត្រូវបានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចាត់ចែងដឹកតាមរថយន្តសង្គ្រោះបន្ទាន់ បញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៉ី) និងបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ នៅវេលាម៉ោង ៧និង១០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២។

បើតាម នាយកដ្ឋានជំងឺឆ្លង នៃក្រសួងសុខាភិបាល បានឲ្យដឹងថា បុរសជនជាតិនីហ្សេរីយ៉ា ខាងលើ ត្រូវបានធ្វើតេស្តឡើងវិញ ចំនួន ២លើក ហើយលទ្ធផលឃើញថា មានវិជ្ជមានជំងឺអុតស្វា ទាំងពីរលើក និងបានរកឃើញអ្នកប៉ះពាល់ចំនួន ៥នាក់។

គួរបញ្ជាក់ថា បុរសជនជាតិនីហ្សេរីយ៉ា ខាងលើ មិនដឹងរត់គេចពីប្រទេសថៃ ចូលប្រទេសកម្ពុជា តាមច្រកណាទេ តែបើតាមបណ្តាញព័ត៌មានថៃ ខ្លះថា ជននេះបានលួចហែលឆ្លងទឹក ឆ្លងកាត់ព្រំដែនថៃ ចូលមកកម្ពុជា។ ប៉ុន្តែនៅពេលទៅស្នាក់នៅក្នុងផ្ទះសំណាក់ «ពណ៌មាស»  ជិតរង្វង់មូលផ្សារដើមថ្កូវ គឺបុរសនីហ្សេរីយ៉ា នេះ បានជិះម៉ូតូកង់បី ជាមួយបុរសស្បែកខ្មៅម្នាក់ទៀត រួមនិងស្ត្រីម្នាក់ទៀត។ នេះបើតាមរូបភាពពីកាមេរ៉ាសុវត្ថិភាព របស់ផ្ទះសំណាក់៕

RELATED ARTICLES