Tuesday, November 26, 2024
Homeព័ត៌មានជាតិឪចាប់កូនស្រីចងផ្អោបសសរ វ៉ៃធ្វើទារុណកម្ម

ឪចាប់កូនស្រីចងផ្អោបសសរ វ៉ៃធ្វើទារុណកម្ម

ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់ គ្រាន់តែឮអ្នកភូមិម្នាក់បានមកប្រាប់ថា កូនស្រីរបស់ខ្លួនម្នាក់ ដែលទើបនឹងមានអាយុ១០ឆ្នាំ បានទៅលួចអង្កររបស់គេ ស្រាប់តែឆេះឆួលកំហឹង ចាប់កូនស្រីចងផ្អោបសសរ រួចវាយធ្វើសកម្មភាពវាយដំ បណ្តាលឱ្យមានស្នាមជាំពេលខ្នង ទីបំផុតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារ ឪពុកបង្កើតចាប់ចងកូនស្រីផ្អោបសសរ វាយដំនេះ បានកើតឡើង កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិស្រែគរ១ ឃុំស្រែគរ ស្រុកសេសាន។

ជនសង្ស័យជាឪពុកដែលវាយធ្វើទារុណកម្មកូនស្រី និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសាឡេះ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ-អ៊ិស្លាម មានលំនៅបច្ចុប្បន្ន នៅភូមិស្រែគរ១ ឃុំស្រែគរ ស្រុកសេសាន។ ចំណែកកូនស្រីរងគ្រោះ មានឈ្មោះសាឡេះ យ៉ម អាយុ១០ឆ្នាំ ជនជាតិខ្មែរ-អ៊ិស្លាម ស្នាក់នៅផ្ទះជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានករណីឪពុកបង្កើត ប្រើអំពើហិង្សា វាយដំធ្វើទារុណកម្មទៅលើកូនស្រី ដោយចាប់កូនស្រីចងផ្អោបនឹងសសរផ្ទះ រួចវាយនឹងដំបង។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានចាប់ឃាត់ខ្លួនជនសង្ស័យជាឪពុក នាំយកមកសាកសួរ។ ចំណែកក្មេងស្រីរងគ្រោះ ត្រូវបានចាត់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឪពុក ដែលវាយដំកូនស្រីរបស់ខ្លួនយ៉ាងឃោរឃៅ បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់ចង និងវាយដំកូនស្រីប្រាកដមែន។ មូលហេតុ ដោយសារតែខ្លួនខឹងនឹងកូនស្រីដែលមានដៃមានជើង ទៅលួចអង្កររបស់អ្នកភូមិ ទើបធ្វើឱ្យខ្លួនជាឪពុក ទប់កំហឹងមិនជាប់ ក៏ឈានដល់ការយកខ្សែនីឡុង ចងដៃកូនស្រី ផ្អោបទៅនឹងសសរផ្ទះ រួចវាយដំ រំសាយកំហឹងបែបនេះតែម្តង។

យ៉ាងណា ក្មេងស្រីរងគ្រោះ បានឆ្លើយបដិសេធថា នាងមិនបានលួចអង្ករអ្នកភូមិ ដូចអ្វីដែលឪពុករបស់នាងចោទប្រកាន់នោះទេ។

ជនសង្ស័យជាឪពុកខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES