យោងតាមប្រភពព័ត៌មានរដ្ឋមីយ៉ាន់ម៉ា Global New Light of Myanmar ចេញផ្សាយកាលពីថ្ងៃចន្ទទី១សីហា២០២២បានអោយដឹងថារដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលប្រាំមួយខែទៀតក្រោមហេតុផលថាការបោះឆ្នោតអាចប្រព្រឹត្តទៅបានលុះត្រាតែប្រទេសដែលកំពុងមានជម្លោះ មានស្ថិរភាព និងសន្តិភាព។
នៅក្នុងសុន្ទរកថាដែលបានចាក់ផ្សាយកាលពីថ្ងៃច័ន្ទ លោក មីនអ៊ុនឡាំងមិនបាននិយាយអំពីកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតថ្មីទេ ប៉ុន្តែលោកបាននិយាយថា ការបោះឆ្នោតអាចប្រព្រឹត្តទៅបានលុះត្រាតែប្រទេសនេះមាន សន្តិភាព និងស្ថិរភាព។
លោកមីនអ៊ុងឡាំងដែលបានដឹកនាំរដ្ឋប្រហារកាលពីឆ្នាំមុនបានស្នើសុំរដ្ឋាភិបាលយោធាអនុញ្ញាតឱ្យលោកបន្តដឹកនាំរយៈពេល ៦ ខែបន្ថែមទៀត។ សមាជិកនៃក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខរបស់របបយោធាបានគាំទ្រជាឯកច្ឆ័ន្ទចំពោះសំណើនេះ។
កាសែតខាងលើនេះបានដកស្រង់សម្តីលោកមីនអ៊ុនឡាំងថា នៅក្នុងប្រទេសរបស់យើង យើងត្រូវបន្តពង្រឹង ប្រព័ន្ធប្រជាធិបតេយ្យពហុបក្សពិតប្រាកដ និងប្រកបដោយវិន័យដែលជាការចង់បានរបស់ប្រជាជន។
របបយោធាបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នបន្ទាប់ពីបានបណ្តេញរដ្ឋាភិបាលលោកស្រីអ៊ុងសានស៊ូជីចេញពីតំណែងកាលពីខែកុម្ភៈឆ្នាំមុន ហើយបានធ្វើអោយប្រទេសនេះធ្លាក់ក្នុងភាពចលាចល។
យោធាបានសន្យាថានឹងរៀបចំការបោះឆ្នោតថ្មីនៅខែសីហា ឆ្នាំ២០២៣ហើយអ្នកប្រឆាំងមិនជឿថាការបោះឆ្នោតដែលបានគ្រោងទុកនឹងប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។
ជប៉ុនសុំអោយរបបសឹកដោះលែងពលរដ្ឋរបស់ខ្លួនជាបន្ទាន់
អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសជប៉ុនបានជំរុញឱ្យរបបយោធាមីយ៉ាន់ម៉ាដោះលែងជនជាតិជប៉ុនម្នាក់ដែលត្រូវបានឃុំខ្លួននៅទីក្រុងយ៉ាំងហ្គោន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុនក្យូដូកាលពីថ្ងៃចន្ទទី១សីហា២០២២។
លោក Seiji Kihara អគ្គលេខាធិការរងខុទ្ទកាល័យ បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា រដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីធានាបាននូវការដោះលែងពលរដ្ឋជប៉ុនម្នាក់វ័យ ២០ឆ្នាំ ដែលសារព័ត៌មានមីយ៉ាន់ម៉ារាយការណ៍ថាជាអ្នកផលិតភាពយន្តឯកសារ Toru Kubota ។
លោកបានបន្តថារដ្ឋាភិបាលបានទាក់ទងជាមួយក្រុមគ្រួសាររបស់បុរសនេះដើម្បីប្រមូលព័ត៌មានអំពីស្ថានភាពរបស់គាត់ ។
បុរសនេះត្រូវបានឃុំខ្លួនដើម្បីសាកសួរនៅស្ថានីយ៍ប៉ូលីសបន្ទាប់ពីបានថតរូបការតវ៉ានៅទីក្រុងធំបំផុតរបស់ប្រទេសកាលពីថ្ងៃសៅរ៍ទី៣០កក្កដា។នេះបើយោងតាមស្ថានទូតជប៉ុនប្រចាំប្រទេសមីយ៉ាន់ម៉ាដែលមិនបានបញ្ជាក់ពីអត្តសញ្ញាណរបស់បុរសនោះ។
មន្ត្រីម្នាក់នៅស្ថានទូតជប៉ុនបានប្រាប់ AFP កាលពីថ្ងៃអាទិត្យ ដោយសុំមិនបញ្ចេញឈ្មោះថា៖ «ខ្ញុំអាចបញ្ជាក់ថាជនជាតិជប៉ុនម្នាក់ត្រូវបានឃុំខ្លួនកាលពីម្សិលមិញនៅទីក្រុងយ៉ាំងហ្គោន។ស្ថានទូតកំពុងទាក់ទងជាមួយអាជ្ញាធរ និងចាត់វិធានការដើម្បីធានាការដោះលែង៕