កាលពីថ្ងៃព្រហស្បតិ៍ទី១១ ខែសីហា ឆ្នាំ២០២២ មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនបានប្រកាសជ័យជម្នះ
ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ និងបានបញ្ជាឱ្យដកវិធានការប្រឆាំងការរីករាលដាលជាអតិបរមាដែលដាក់ក្នុងខែឧសភា។នេះបើយោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋKCNA ។
ប្រទេសកូរ៉េខាងជើងមិនបានបង្ហាញតួលេខនៃអ្នកឆ្លងមេរោគនោះទេ ប៉ុន្តែចាប់តាំងពីថ្ងៃទី ២៩ខែកក្កដាមក វាមិនបានរាយការណ៍ករណីសង្ស័យឆ្លងថ្មីខណៈអង្គការជំនួយអន្តរជាតិនិយាយថាសមត្ថភាពធ្វើតេស្តរបស់ប្រទេសនេះនៅមានកម្រិត។
លោក Kim បាននិយាយថា កូរ៉េខាងជើងត្រូវតែរក្សា របាំងដែកប្រឆាំងការរាតត្បាតដ៏រឹងមាំនិងពង្រឹងការងារប្រឆាំងការរីករាលដាលរហូតដល់ចុងបញ្ចប់នៃវិបត្តិសុខភាពពិភពលោក។KCNAបានរាយការណ៍ថាអត្រាមរណភាពផ្លូវការរបស់កូរ៉េខាងជើងមានចំនួន៧៤នាក់តិចបំផុតបើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត។
ប្អូនស្រី គីម ជុងអ៊ុន ចោទក្រុងសេអ៊ូល
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម យូ ជុង (Kim Yo Jong )បានចោទប្រកាន់កូរ៉េខាងត្បូង
ពីបទបង្កឱ្យមានការផ្ទុះឡើងនៃជំងឺនេះ ហើយបានព្រមានពី ការសងសឹកខណៈដែលទីក្រុងព្យុងយ៉ាងបានប្រកាស ជ័យជំនះលើកូវីដ។
កូរ៉េខាងជើងធ្លាប់បាននិយាយថាវត្ថុចម្លែកនៅជិតព្រំដែនជាមួយប្រទេសខាងត្បូងបានបង្កឲ្យមានការផ្ទុះឡើងនៃជំងឺកូវីដតែការអះអាងនេះត្រូវបានក្រុងសេអ៊ូលច្រានចោល។
ទោះបីជាមានការហាមដែលចូលជាធរមានក្នុងឆ្នាំ២០២១ ក៏ដោយក៏សកម្មជនជាតិកូរ៉េខាងត្បូងបានបង្ហោះប៉េងប៉ោងជាច្រើនឆ្នាំដែលមានខិតប័ណ្ណឃោសនា ភ្ជាប់ជាមួយប្រាក់ដុល្លារអាមេរិកនៅតាមព្រំដែន ដែលទីក្រុងព្យុងយ៉ាងបានតវ៉ាប្រឆាំងនឹងជាយូរមកហើយ។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថាកាលពីថ្ងៃព្រហស្បតិ៍ ប្អូនស្រីរបស់លោក គីមជុងអ៊ុនបានស្តីបន្ទោសសកម្មភាពទាំងនេះសម្រាប់ការផ្ទុះឡើងកូវីដ៕