Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិបេសកជនអង្គការសហប្រជាជាតិ ទៅមីយ៉ាន់ម៉ាលើកដំបូង ខណៈរបបយោធាគ្រោងកាត់ទោសលោកស្រីស៊ូជី ១៦៤ឆ្នាំ

បេសកជនអង្គការសហប្រជាជាតិ ទៅមីយ៉ាន់ម៉ាលើកដំបូង ខណៈរបបយោធាគ្រោងកាត់ទោសលោកស្រីស៊ូជី ១៦៤ឆ្នាំ

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ាបានធ្វើដំណើរទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍កាលពីថ្ងៃចន្ទទី១៥សីហាជាលើកដំបូងចាប់តាំងពីលោកស្រីត្រូវបានតែងតាំងឱ្យកាន់តំណែងកាលពីខែតុលាឆ្នាំមុន។

ដំណើរទស្សនកិច្ចរបស់លោក Noeleen Heyzer បានកើតឡើងបន្ទាប់ពីមានការអំពាវនាវចុងក្រោយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីបញ្ចប់ជាបន្ទាន់ គ្រប់ទម្រង់នៃអំពើហិង្សានិងបើកទូលាយដល់អង្គការមនុស្សធម៌ចូលទៅក្នុងប្រទេសដែលហែកហួរដោយជម្លោះ។

អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិលោក Stephane Dujarricបាននិយាយថាលោកស្រីនឹងផ្តោតលើការដោះស្រាយស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន និងការព្រួយបារម្ភជាបន្ទាន់ ក៏ដូចជាវិស័យអាទិភាពផ្សេងទៀត ។លោក​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ថា​តើ​លោកស្រី Heyzer នឹង​ជួប​ជាមួយ​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា ឬ​អតីត​មេដឹកនាំ​ដែល​កំពុង​ជាប់​ឃុំ​ លោកស្រីអ៊ុងសាន​ស៊ូជីដែល​ជា​ការ​ទាមទារ​របស់​អង្គការ​សហប្រជាជាតិ​យូរ​មក​ហើយ។

យោងតាមប្រភពការទូតដែលសុំមិនផ្តល់ព័ត៌មានលម្អិតបានបន្ថែមឱ្យដឹងថាលោកស្រីHeyzerត្រូវបានគេរំពឹងថានឹងរៀបចំកិច្ចប្រជុំនៅក្នុងរដ្ឋធានីណៃពិដោដែលសាងសង់ដោយយោធា។

សង្គមវិទូសិង្ហបុរីលោកស្រី Heyzer ត្រូវបានតែងតាំងដោយអគ្គលេខាធិការអង្គការសហប្រជាជាតិលោកAntonioGuterresកាលពីឆ្នាំមុនជំនួសតំណែងអ្នកការទូតស្វីស Christine Schraner Burgener ។

តុលាការយោធាមីយ៉ាន់ម៉ាបន្ថែមទោស៦ឆ្នាំឲ្យលោកស្រីស៊ូជី

លោកស្រីអ៊ុងសានស៊ូជីវ័យ៧៧ឆ្នាំត្រូវបានកាត់ទោសកាលពីថ្ងៃច័ន្ទលើបទចោទប្រកាន់ពុករលួយបន្ថែមទៀតដោយបន្ថែមរយៈពេលប្រាំមួយឆ្នាំ។ រហូត​មក​ដល់​ពេល​នេះលោកស្រីត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១៧ ឆ្នាំ​ក្នុង​បទ​ចោទ​ចំនួន ៦។

ចាប់តាំងពីការចាប់ខ្លួនលោកស្រីបន្ទាប់ពីរដ្ឋប្រហារកាលពីឆ្នាំមុន របបយោធាបានធ្វើការចោទប្រកាន់ចំនួន២០ករណី ប្រឆាំងនឹងលោកស្រីស៊ូជីរួមទាំងករណីពុករលួយចំនួន១៣ផងដែរ។

លោកស្រីប្រឈមមុខនឹងការជាប់ពន្ធនាគារសរុបចំនួន១៦៤ ឆ្នាំ ប្រសិនបើរកឃើញថាមានពិរុទ្ធភាពពីបទចោទប្រកាន់ទាំង ២០ហើយរបបយោធាហាក់បីដូចជាបានតាំងចិត្តដើម្បីធានាថាកាត់ទោសឲ្យលោកស្រី ស៊ូជី ជាប់គុកអស់មួយជីវិត៕

RELATED ARTICLES