ក្នុងដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់ប្រទេសដែលកំពុងហែកហួដោយជម្លោះកាលពីថ្ងៃពុធទី១៧សីហា២០២២មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិលោកស្រីNoeleen Heyzerបាននិយាយថាលោកស្រីបានជំរុញអោយមេដឹកនាំយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកទោសនយោបាយនិងបញ្ឈប់ការប្រហារជីវិត។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាបានរាយការណ៍ថាលោកស្រី Noeleen Heyzer បានមកដល់រដ្ឋធានីណៃពិដោកាលពីល្ងាចថ្ងៃអង្គាហើយត្រូវបានស្វាគមន៍ដោយមន្ត្រីក្រសួងការបរទេសមុនពេលជួបប្រជុំជាមួយប្រមុខយោធាលោកមីនអ៊ុនឡាំងនៅថ្ងៃពុធ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយលោកស្រីបានថ្លែងថា ដំណើរទស្សនកិច្ចរបស់ខ្ញុំគឺដើម្បីបង្ហាញពីការព្រួយបារម្ភរបស់អង្គការសហប្រជាជាតិនិងស្នើឱ្យមានវិធានការជាក់ស្តែងចាំបាច់ ដើម្បីកាត់បន្ថយជម្លោះនិងការរងទុក្ខវេទនារបស់ប្រជាជន។ ការចូលរួមរបស់អង្គការសហប្រជាជាតិមិនផ្តល់ភាពស្របច្បាប់ណាមួយឡើយ។
អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ាមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយអំពីជំនួបនោះទេ។ ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV បានរាយការណ៍កាលពីថ្ងៃពុធថា អ្នកទាំងពីរបានពិភាក្សាគ្នាអំពីទំនាក់ទំនងរវាងមីយ៉ាន់ម៉ា និងអង្គការសហប្រជាជាតិតែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។
នៅក្នុងជំនួបនោះដែរលោកស្រីក៏បានជំរុញលោកមីបអ៊ុនឡាំង ផ្អាកការប្រហារជីវិតនាពេលអនាគតនិងដោះលែងអ្នកទោសនយោបាយទាំងអស់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍។
លោកស្រីក៏បានស្នើសុំជួបជាមួយលោកស្រីអ៊ុងសាន ស៊ូជីនិងស្នើសុំឱ្យមានការដោះលែងទីប្រឹក្សាម្នាក់របស់គាត់គឺលោក Sean Turnellសេដ្ឋវិទូអូស្ត្រាលីដែលត្រូវ
បានឃុំខ្លួនក្នុងអំឡុងពេលរដ្ឋប្រហារក្នុងខែកុម្ភៈ ឆ្នាំ២០២១។
លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្ញុំចង់មានឱកាសជួបជាមួយលោកស្រីអ៊ុងសានស៊ូជីឱ្យបានឆាប់តាមដែលអាចធ្វើទៅបានពីព្រោះលោកស្រីគឺជាភាគីពាក់ព័ន្ធដ៏សំខាន់សម្រាប់ការសន្ទនារបស់ខ្ញុំជាមួយគ្រប់ភាគីពាក់ព័ន្ធ។

អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ាលោក Zaw Min Tun បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថារបបយោធានឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ជួបមនុស្សដែលប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌនោះទេ។
របបយោធាមីយ៉ាន់ម៉ា វាយបកអាស៊ាន
មេដឹកនាំយោធារបស់មីយ៉ាន់ម៉ាកាលពីថ្ងៃពុធ ១៧ សីហា បានរិះគន់ក្រុមបណ្តាប្រទេសអាស៊ីអាគ្នេយ៍(អាស៊ាន)ដែលបានដកឧត្តមសេនីយ៍របស់ខ្លួនចេញពីការប្រមូលផ្តុំក្នុងតំបន់ដោយចោទប្រកាន់ថាមីយ៉ាន់ម៉ាធ្វើអោយមានសម្ពាធពីខាងក្រៅ។
អ្នកនាំពាក្យរបបយោធាលោក Zaw Min Tun បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា ប្រសិនបើកៅអីតំណាងឱ្យប្រទេសមួយនៅទំនេរ នោះវាមិនគួរត្រូវបានដាក់ស្លាកថាជាកិច្ចប្រជុំកំពូលអាស៊ានទេ។លោកបានបន្ថែមថាមីយ៉ាន់ម៉ាកំពុងអនុវត្តន៍គម្រោងសន្តិភាព។អ្វីដែលពួកគេចង់បានគឺសម្រាប់យើងដើម្បីជួបនិងពិភាក្សាជាមួយពួកភេរវករដោយប្រើប្រាស់ស្លាករបស់របបយោធាសម្រាប់ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យដែលបានកាន់អាវុធប្រឆាំងនឹងយោធា។
លោកបានស្តីបន្ទោសថាអាស៊ានកំពុងរំលោភលើគោលនយោបាយផ្ទាល់ខ្លួននៃការមិនជ្រៀតជ្រែកក្នុងកិច្ចការអធិបតេយ្យភាពរបស់ប្រទេសមួយ ខណៈពេលដែលកំពុងប្រឈមមុខនឹង សម្ពាធពីខាងក្រៅ។ក្រសួងការបរទេសកម្ពុជា ដែលបច្ចុប្បន្នជាប្រធានអាស៊ានមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់រ៉យទ័រនោះទេ៕