ធ្លាក់ឈាមក្រោយសម្រាល មានមូលហេតុច្រើនយ៉ាង ដែស្រ្តីគួរស្វែងយល់ ដើម្បីការពារទុកជាមុន ព្រោះបើអាការធ្ងន់ អាចមានគ្រោះថ្នាក់ដល់ជីវិតបាន។
១-អ្វីទៅជាការធ្លាក់ឈាមក្រោយសម្រាលកូន?
រាល់ការបាត់បង់ឈាមដែលមានបរិមាណចាប់ពី៥០០ml ឡើងទៅនោះគេហៅថាការធ្លាក់ឈាមក្រោយសម្រាល។
ហើយបើការបាត់បង់ឈាមចាប់ពី១០០០ml នោះគេហៅថាការធ្លាក់ឈាមកម្រិតធ្ងន់។
ការធ្លាក់ឈាមក្រោយសម្រាលបែងចែកជា២ប្រភេទ៖
– ការធ្លាក់ឈាមក្រោយសម្រាលភ្លាមៗ (Hémorragie du post-partum immédiate):រាល់ការបាត់បង់ឈាមដែលមានបរិមាណចាប់ពី៥០០ml ឡើងទៅក្នុងអំឡុងពេល២៤ម៉ោងក្រោយសម្រាល។
– ការធ្លាក់ឈាមក្រោយសម្រាលអូសបន្លាយ (Hémorragie du post partum tardive):រាល់ការបាត់បង់ឈាមដែលមានបរិមាណចាប់ពី៥០០ml ក្នុងរយៈពេលលើសពី២៤ម៉ោងរហូតដល់៦សប្តាហ៍។
ចំណាំ៖ចំពោះស្ត្រីដែលមានភាពស្លេកស្លាំងនៅពេលមានផ្ទៃពោះគ្រប់ខែទោះជាការបាត់បង់ឈាមតិចជាង៥០០ml ក៏អាចប៉ះពាល់ដល់អាយុជីវិតផងដែរ មិនចាំបាច់ដល់តែលើសពី៥០០ml ទេ។
២-មូលហេតុនៃការធ្លាក់ឈាមក្រោយសម្រាល?
– ស្បូនទន់ឫខ្សោយនៅការកន្រ្តាក់រួមមកវិញក្រោយសម្រាល (Atonieutérine 70%)។
– ការដាច់រហែកនៅតំបន់ទ្វារមាសតំបន់មាត់ស្បូនឫតំបន់ប៉េរីណេ (Déchirure des filièresgénitales 20%) ។
– ការនៅសល់សុកឫកំទេចសុកនៅក្នុងស្បូន (Rétentionplacentaireoudébrisplacentaires 10%)។
– វិបិត្តកំនកឈាម (Trouble de coagulation ១%)។
៣-កត្តាប្រឈម (Facteur de risques) ៖
– កត្តាបណ្តាលមកពីស្បូនរីកធំក្នុងអំឡុងពេលមានផ្ទៃពោះដូចជាករណី:
• កូនថ្លោក (Grosfoetus)
• កូនភ្លោះ (Grossesse multiple)
• ទឹកភ្លោះច្រើន (Hydramnios)
– ស្ត្រីធ្លាប់សម្រាលកូនច្រើនដង (Multiparité)
– ស្រ្តីដែលធាត់ពេកពេលមានផ្ទៃពោះ (Obésité)
– ស្ត្រីដែលធ្លាប់មានប្រវត្តិដូចជា៖ឈឺពោះយូរ, សម្រាលបុត្រលឿនពេក,ស្ត្រីធ្លាប់មានការធ្លាក់ឈាមក្រោយសម្រាល
– ស្រ្តីដែលមានសុកពាំងមាត់ស្បូន (Placenta prévia) មានដុំឈាមកកនៅពីក្រោយសុក (Hématomerétro-placentaire) មានដុំសាច់នៅនឹងស្បូន (Myomeutérin)។
– ស្រ្តីដែលមានភាពស្លេកស្លាំងក្នុងពេលមានផ្ទៃពោះ (Anémie maternal)។
– កត្តាប្រឈមមកពីការប្រើប្រាស់ថ្នាំមួយចំនួនInhibiteurcalcique, Bêta-mimétique , Anticoagulants…
– កត្តាប្រឈមមកពីវិបត្តិកំនកឈាមពីកំណើត (Trouble de constitutionnel de l’Hémostasecongénitale)។
៤-ផលវិបាកដែលស្ត្រីអាចជួប (Complications)៖
– វិបត្តិកំនកឈាមដែលធ្វើឲ្យមានការបាត់បង់ជីវិត
– វិបត្តិផ្លូវតម្រងនោម(ខូចតំរងនោម)
– វិបត្តិគ្មានកូន។
៥-ការព្យាបាល (Traitements)៖
– ការព្យាបាលដោយប្រើប្រាស់ថ្នាំជាមួយនិងការសង្កត់សរសៃឈាមអាក់អក (Aorte)
– ការស្វែងរកនៅកន្លែងដែលរហែករួចដេរឡើងវិញ
– ការព្យាបាលដោយចងសរសៃឈាម (Ligature vasculaire) និងចងស្បូនផ្អិបជាប់គ្នា (Plicatureutérine)។
– ការព្យាបាលដោយកាត់ស្បូន (Hystérectomie)
– ការព្យាបាលដោយបាញ់ផ្ចិតសរសៃឈាមអាកទែរ (Embolisationartérielle)។
៦-អនុសាស្រ្តរបស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត៖
– ស្រ្តីគួរមកពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យដើម្បីឲ្យគ្រូពេទ្យស្វែងរកកត្តា
ប្រឈមមួយចំនួនដែលស្រ្តីមាននៅកំឡុងពេលមានផ្ទៃពោះ។
– ស្រ្តីគួរញ៉ាំជាតិដែកឲ្យបានតិចបំផុត៩០គ្រាប់ចំពោះស្រ្តីដែលគ្មានភាពស្លេកស្លាំងពីមុន។
– ស្រ្តីមិនត្រូវអោយឡើងទំងន់ខ្លួនខ្លាំងពេកទេនៅពេលមានផ្ទៃពោះរហូតដល់ពេលគ្រប់ខែ។ជាធម្មតាស្ត្រីគួរតែឡើងទម្ងន់ត្រឹម១២គីឡូក្រាមនៅពេលគ្រប់ខែ។
– ស្រ្តីគួរមកសម្រាលបុត្រនៅកន្លែងណាដែលមានគ្រប់ជំនាញ និងសម្ភារៈចំពោះស្រ្តីដែលគ្រូពេទ្យរកឃើញថាមានកត្តាប្រឈមនៅពេលមានផ្ទៃពោះ៕
(ប្រភព មន្ទីរពេទ្យកាល់ម៉ែត)